តើញ៉ាំកាហ្វេកម្រិតណាទើបមិនលើសកម្រិត?
- 2023-10-29 02:31:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើញ៉ាំកាហ្វេកម្រិតណាទើបមិនលើសកម្រិត?
កាហ្វេជាភេសជ្ជៈមួយប្រភេទដែលពេញនិយម និងជួយបង្កើនថាមពល ដែលមនុស្សជាច្រើនអាចញ៉ាំភេសជ្ជៈនេះបានដោយមិនមានផលរំខាន។ ថ្វីបើកាហ្វេអាចជួយបង្កើនថាមពល និងកាត់បន្ថយការនឿយហត់ តើយើងគួរញ៉ាំកម្រិតណាល្អ មិននាំឲ្យមានផលរំខាន?
បើតាមស្ថាប័ន Dietary Guidelines for Americans សម្រាប់មនុស្សពេញវ័យ និងមានសុខភាពល្អអាចញ៉ាំកាហ្វេបានរហូតដល់៤០០មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំនួននេះគឺស្មើនឹងបួនពែងសម្រាប់កាហ្វេឆុងដោយម៉ាស៊ីន ឬ១០ពែងសម្រាប់កាហ្វេឆុងដោយប្រើស្បៃ។
យ៉ាងណាគ្នាយើងត្រូវដឹងដែរថាមនុស្សយើងម្នាក់ៗមានសុខភាពមិនដូចគ្នានោះទេ ហើយការរំញោចទៅនឹងជាតិកាហ្វេអ៊ីនក៏មានភាពខុសៗគ្នាដែរ។ មនុស្សពេញវ័យខ្លះអាចញ៉ាំកាហ្វេបានតែបន្តិចបន្តួច ខណៈអ្នកខ្លះញ៉ាំបានច្រើន ឬអ្នកខ្លះក៏ញ៉ាំមិនបានផងក៏មាន។ ដូចនេះការញ៉ាំកាហ្វេត្រូវពិនិត្យជាក់ស្ដែងលើស្ថានភាពខ្លួនយើង និងកុំញ៉ាំច្រើនរហូតដល់មានផលរំខាន។ ដូចគ្នាដែរសម្រាប់ស្រីមានផ្ទៃពោះ ឬបំបៅដោះកូនក៏គួរកម្រិតការញ៉ាំកាហ្វេអ៊ីនដែរ ឬគួរប្រឹក្សាជាមួយគ្រូពេទ្យទើបជាការប្រសើរ។
ដូចគ្នានេះដែរ ការបន្ថែមស្ករ ឬគ្រីមកាន់តែច្រើនទៅក្នុងកាហ្វេ វានឹងធ្វើឲ្យគុណប្រយោជន៍របស់កាហ្វេថយចុះទៅតាមហ្នឹងដែរ។ ដូចនេះគ្នាយើងមិនគួរថែមស្ករ ឬគ្រីមទៅក្នុងកាហ្វេច្រើនពេកទេបើសិនជាមិនចង់បាត់បង់គុណប្រយោជន៍របស់កាហ្វេចំពោះសុខភាព។
កាហ្វេត្រូវគេដឹងថាមានគុណប្រយោជន៍ច្រើនចំពោះសុខភាពដូចជាជួយបង្កើនថាមពល ជួយបន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ ជួយសុខភាពខួរក្បាល និងជួយដល់សុខភាពបេះដូងផងដែរ។