កុំធ្វេសប្រហែស! មកដឹង ៦ សញ្ញាបង្ហាញថារាងកាយអ្នកកំពុងខ្វះជាតិកាល់ស្យូមខ្លាំង
- 2020-06-17 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំធ្វេសប្រហែស! មកដឹង ៦ សញ្ញាបង្ហាញថារាងកាយអ្នកកំពុងខ្វះជាតិកាល់ស្យូមខ្លាំង
កង្វះខាតជាតិកាល់ស្យូម ច្រើនកើតឡើងនៅពេលរាងកាយមិនទទួលបានជាតិវីតាមីន D គ្រប់គ្រាន់។ ជាទូទៅ រាល់ពេលរាងកាយខ្វះខាតនូវសារធាតុចិញ្ចឹម ឬ ប្រភេទវីតាមីនណាមួយ វានឹងបង្ហាញប្រាប់អ្នកយ៉ាងច្បាស់តាមរយៈអាការៈក្នុងខ្លួន ឬ នៅលើរាងកាយជាដើម។ នៅពេលដែលអ្នកបានស្វែងយល់ថារាងកាយកំពុងខ្វះនូវសារជាតិណាមួយរួច ជាការល្អអ្នកគប្បីប្រញាប់បំពេញវាភ្លាម កុំទុកយូរ ជៀសវាងអាការៈកាន់តែធ្ងន់ធ្ងរ តួយ៉ាងដូចសញ្ញាទាំង ៦ ខាងក្រោមដែលបង្ហាញពីកង្វះខាតជាតិកាល់ស្យូមនៅក្នុងរាងកាយ៖
**១. ស្បែកស្ងួត និង សក់ស្ដើង៖** បើរាងកាយរបស់អ្នកកំពុងទទួលរងនូវកង្វះខាតជាតិកាល់ស្យូមរយៈពេលយូរ វានឹងបណ្ដាលឲ្យស្បែករបស់អ្នកមានសភាពស្ងួត និងប្រេះក្រហែង រីឯសក់ជ្រុះជាលំដាប់។ គួរបញ្ជាក់ថា ជាតិកាល់ស្យូមជាតម្រូវការចាំបាច់ក្នុងការបំពេញដំណើរការកោសិកាក្នុងរាងកាយ។ កាលណារាងកាយខ្វះកាល់ស្យូម វានឹងអាចផ្ដល់នូវប៉ះពាល់ដល់ស្បែក និង សក់យ៉ាងធ្ងន់ធ្ងរ។
២. អស់កម្លាំង៖ បើអ្នកឧស្សាហ៍ជួបប្រទះបញ្ហាហត់នឿយ ល្ហិតល្ហៃ ឬ តែងងងុយគេង នោះវាសបញ្ជាក់ថាអ្នកកំពុងខ្វះកាល់ស្យូមហើយ ដូចនេះគប្បីចាប់ផ្ដើមបំពេញវាវិញ ជៀសវាងរាងកាយកាន់តែចុះអន់ខ្សោយ។
៣. ឈឺចុកចាប់សាច់ដុំ៖ ផលប៉ះពាល់មួយទៀតដែលបណ្ដាលមកពីកង្វះខាតជាតិកាល់ស្យូមក្នុងរាងកាយ គឺការឈឺចុកចាប់ផ្នែកសាច់ដុំ ជាពិសេសត្រង់បរិវេណម្រាមដៃ មាត់ និង ជើង។
៤. កម្រិតវីតាមីន D ទាប៖ ដូចដែលដឹងស្រាប់មកហើយ វីតាមីន D មានតួនាទីយ៉ាងសំខាន់ក្នុងការចាប់យកនូវជាតិកាល់ស្យូមសម្រាប់រាងកាយ។ ដូច្នេះ បើអ្នកគិតថាខ្លួនកំពុងមានកម្រិតជាតិវីតាមីន D ទាប នោះអ្នកគួរតែទៅពិនិត្យជាតិកាល់ស្យូមក្នុងរាងកាយដូចគ្នា។
៥. ភាន់ភាំង៖ ការភ្លេចភ្លាំង ភាន់ប្រឡំ និង ការបាក់ទឹកចិត្ត សុទ្ធតែជាផលប៉ះពាល់ដែលអាចបណ្ដាលមកពីកត្តាកង្វះខាតជាតិកាល់ស្យូម ព្រោះបើអ្នកមានការធ្វេសប្រហែស មិនបានយកចិត្តទុកដាក់លើវាក្នុងរយៈពេលយូរ វានឹងអាចជះឥទ្ធិពលមកកាន់ខួរក្បាល និង ស្មារតី។
៦. បញ្ហាខ្សោយឆ្អឹង៖ កង្វះខាតជាតិកាល់ស្យូមងាយផ្ដល់ផលប៉ះពាល់ដល់សុខភាពឆ្អឹងជាទីបំផុត។ ក្នុងរយៈពេលយូរ វាអាចបណ្ដាលឲ្យមានបញ្ហាឆ្អឹងផុយស្រួយ ឬ ឆ្អឹងស្ពោតជាដើម។
គួរឲ្យដឹងថា អ្នកអាចបំពេញជាតិកាល់ស្យូមតាមរយៈការបរិភោគនូវអាហារដូចជា ផ្កាខាត់ណាខៀវ ផ្លែក្រូច បន្លែបៃតង គ្រាប់អាល់ម៊ុន ទឹកដោះគោ និងយ៉ាអួជាដើម៕
ចុចអានបន្ត៖ ងាយៗ! ៤ ក្បាច់ហាត់នៅផ្ទះ ជួយឲ្យជើងតូចស្រឡូន សម្រាប់អ្នកមានភ្លៅធំ