ហេតុអ្វីយល់សប្ដិអាក្រក់កើតឡើង?
- 2024-03-03 00:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីយល់សប្ដិអាក្រក់កើតឡើង?
យល់សប្ដិអាក្រក់គឺជារូបភាពនៃហេតុការណ៍កើតឡើងដូចជាកើតមានជាក់ស្ដែង ហើយហេតុការណ៍នោះបានរំខានដល់ដំណេករបស់យើង ធ្វើឲ្យយើងភ្ញាក់ពីដំណេកផងដែរ។ ការយល់សប្ដិអាក្រក់នេះអាចធ្វើឲ្យបេះដូងយើងលោតញាប់ដោយសារតែភាពភ័យខ្លាច។
ប្រធានបទនៃការយល់សប្ដិអាក្រក់អាចមានផ្សេងៗគ្នាផ្អែកទៅតាមបទពិសោធន៍ដែលម្នាក់ៗបានជួបប្រទះ។ អ្នកខ្លះអាចយល់សប្ដិថារត់គេចពីគ្រោះថ្នាក់មិនរួច ឬធ្លាក់ពីទីខ្ពស់ជាដើម។ ដូចគ្នាដែរ បើសិនជាយើងធ្លាប់ជួបបញ្ហាគាំងបេះដូងនាពេលកន្លងមក យើងក៏អាចយល់សប្ដិឃើញថាអាការៈនោះកើតឡើងផងដែរ។
ការយល់សប្ដិអាក្រក់ភាគច្រើនជារឿងកើតឡើងដោយឯកឯង។ ប៉ុន្តែពេលខ្លះវាក៏អាចកើតចេញពីមូលហេតុមួយចំនួន ឬបញ្ហាសុខភាពផងដែរ។
ការប្រើប្រាស់ថ្នាំមួយចំនួនអាចធ្វើឲ្យយើងជួបបញ្ហាយល់សប្ដិអាក្រក់ញឹកញាប់។ ថ្នាំទាំងនោះមានដូចជាថ្នាំប្រឆាំងនឹងបញ្ហាបាក់ទឹកចិត្ត។ ដូចគ្នាដែរ ការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមក៏អាចបង្កឲ្យមានយល់សប្ដិអាក្រក់នេះដែរ។
ក្រៅពីនេះបញ្ហាសុខភាពផ្លូវចិត្តមួយចំនួនដូចជាបាក់ទឹកចិត្ត ជំងឺបាក់ស្បាត និងថប់បារម្ភ ជាដើម ក៏អាចនាំឲ្យយើងមានការយល់សប្ដិអាក្រក់ដូចគ្នា។
ការដែលជួបបញ្ហាយល់សប្ដិអាក្រក់ញឹកញាប់ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់យើង។ ដោយហេតុថាការយល់សប្ដិអាក្រក់អាចធ្វើឲ្យប៉ះពាល់ការរស់នៅប្រចាំថ្ងៃ ដូចនេះយើងគួរស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញសុខភាពផ្លូវចិត្តទើបជាការប្រសើរ។