រឿងសំខាន់៥យ៉ាង ដែលអ្នកចង់បាន ពេលអ្នកឈានចូលដល់ពាក់កណ្តាលនៃជីវិត

  • 2024-02-12 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូលដល់ពាក់កណ្តាលជីវិត អ្នកខ្លះនៅតែយល់ច្រលំ អ្នកខ្លះទៀតបានរៀបចំជីវិតថ្មី ឯអ្នកខ្លះទៀតកំពុងតាមចាប់វា។ គ្រប់មនុស្សតែងជួបបញ្ហាជាច្រើនមិនថាតូចឬធំ អ្នកខ្លះចេះគិតទៅតាមអាយុរបស់ខ្លួន មនុស្សកាន់តែមានអាយុច្រើន កាន់តែចេះគិតគូរបានវែងឆ្ងាយ។ ខាងក្រោមនេះគឺជារឿងសំខាន់៥យ៉ាងក្នុងពាក់កណ្តាលជីវិតដែលមនុស្សចង់បាន នោះគឺ៖

១ . សុខភាពគឺសំខាន់បំផុត

មិនថាអ្នកមានទ្រព្យធនរាប់រយលាន ជាមន្ត្រីជាន់ខ្ពស់ ឬគ្រាន់តែជាមនុស្សធម្មតាទេ ពេលចូលដល់ពាក់កណ្តាលជីវិត ក្រោមភាពតានតឹងគ្រប់បែបយ៉ាង រាងកាយរបស់អ្នកនឹងបញ្ជូនសញ្ញាគ្រោះថ្នាក់។ បើយើងនិយាយថា សុខភាពគឺ ទី១ នោះអ្វីៗផ្សេងទៀតដូចជា អាជីព ទ្រព្យសម្បត្តិ ស្នេហា និងអាពាហ៍ពិពាហ៍ គឺនៅបន្ទាប់។ ដូច្នេះហើយ សុខភាពគឺជារឿងសំខាន់បំផុតក្នុងជីវិតរបស់មនុស្សគ្រប់រូប។សុខភាពគឺជាដើមទុននៃភាពជោគជ័យ។ កាលណាមានសុខភាពល្អហើយ អ្វីៗក៏ល្អទៅតាមក្រោយទៀតដែរ។

២ . ស្នេហាគ្រួសារគឺសំខាន់បំផុត

ប្រសិនបើយើងអាចនៅជាមួយគ្នាជារៀងរហូត ហើយកាន់ដៃគ្នាពេលយើងចាស់ជាមួយគ្នា នោះគឺជាសុភមង្គលដែលមិនអាចបង្ហាញជាពាក្យសំដីបាន។ ក្នុងពាក់កណ្តាលជីវិត គូស្នេហ៍បានក្លាយជាសាច់ញាតិ កិច្ចការស្នេហាបានក្លាយជាជីវិតប្រចាំថ្ងៃ ហើយអ្វីដែលសំខាន់បំផុតនោះគឺថា ការមានវ័យចាស់ជាមួយគ្នា នឹងជួយឱ្យទំនាក់ទំនងគ្រួសារកាន់តែយូរអង្វែង។ ស្នេហាគ្រួសារជារឿងដែលមិនគិតពីប្រយោជន៍ខ្លួនបំផុត ហើយមិនដែលទាមទារអ្វីតបស្នងឡើយ។ នេះក៏ជាកន្លែងដែលអ្នកអាចទៅនៅពេលដែលអ្នកមានបញ្ហា និងនៅពេលដែលអ្នកត្រូវការជំនួយបំផុត។ មានតែគ្រួសារនោះទេទើបសំខាន់ ហើយនៅជាមួយអ្នកបានយូរ និងផ្តល់ក្តីស្រលាញ់ទៅអ្នកមិនចេះអស់។

៣ . ផ្លូវចិត្តគឺសំខាន់បំផុត

នៅពេលយើងនៅក្មេង យើងប្រហែលជាមានសុបិនដ៏ខ្ពង់ខ្ពស់ ងប់ងល់ទៅលើរឿងអ្វីមួយ ប៉ុន្តែនៅក្នុងពាក់កណ្តាលនៃជីវិត ការពិតគឺជាផ្លូវចិត្តទៅវិញទេ ដែលសំខាន់បំផុតនោះ រាល់អ្វីៗដែលយើងធ្វើ គឺមិនស្មើរនិងការមានផ្លូវចិត្តដ៏រឹងមាំ ចេះអត់ធ្មត់ និងការចេះអត់ឳនឲ្យខ្លួនឯងនិងអ្នកដ៏ទៃ។

៤ . ការស្គាល់ខ្លួនឯងគឺជារឿងសំខាន់បំផុត

ជីវិតមិនមែនជារឿងលេងសើចទេ ពេលវេលាខុសគ្នា កន្លែងផ្សេងគ្នា ដូច្នេះទិសដៅរបស់មនុស្សក៏ត្រូវកែតម្រូវទៅតាមការផ្លាស់ប្ដូរផ្សេងៗដែរ។ ស្វែងរកវិធីដើម្បីកែតម្រូវជីវិត គោលដៅ ផែនការ និងអាទិភាពរបស់អ្នក។ នៅពេលដែលអ្នកកាន់តែមានវ័យច្រើន អ្នកតែងគិតថា ពេលវេលាមានមិនច្រើនទេសម្រាប់មនុស្សម្នាក់ៗ កាលពីមុនអ្នកចំណាយពេលច្រើន ដោយមិនគិតចំណាយពេលឱ្យបានច្រើនជាមួយឳពុកម្តាយ ចិញ្ចឹមកូន ការថែរក្សាគ្រួសារ ធ្វើលំហាត់ប្រាណ និងរក្សាសុវត្ថិភាពគ្រួសារឲ្យបានល្អ។

៥ . សន្តិភាពនៃចិត្តគឺជារឿងសំខាន់បំផុត

រឿងដែលគួរឱ្យខ្លាចបំផុតក្នុងជីវិតគឺភាពរឹងរូស និងការប្រៀបធៀប។ ដូចនេះចូរកុំប្រៀបធៀបខ្លួនឯងនិងអ្នកដ៏ទៃ រវាងភាពរីកចំរើនរបស់គេនិងភាពទន់ខ្សោយរបស់ខ្លួន។ ដូចនេះត្រូវចេះទទួលស្គាល់ការពិត ពេញចិត្តនូវអ្វីដែលខ្លួនមាន រៀនស្គាលពីចិត្តខ្លួនឯងឲ្យបានច្បាស់ នោះអ្នកនិងមិនមានភាពស្មុកស្មាញ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម