គន្លឹះ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​កុំ​ឲ្យ​កូន​តូច​ពុល​ថ្លើម​

  • 2023-12-03 02:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​កម្ដៅ​ អាច​ធ្វើ​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​ពុល​ថ្លើម​បើ​សិន​ជា​ប៉ា​ម៉ាក់​ឲ្យ​កូន​លេប​មិន​បាន​ត្រឹម​ត្រូវ។ ​លោក​វេជ្ជបណ្ឌិត សយ បញ្ញា ឯកទេស​កុមារ និង​ទារក នៃមន្ទីរសម្ភពរ៉ូៃ មាន​ប្រសាសន៍​ថា​ការ​ផ្ដល់​ថ្នាំ​បញ្ចុះ​កម្ដៅ​ឲ្យ​កូន​ត្រូវ​មាន​គម្លាត​យ៉ាង​តិច​ប្រាំ​មួយ​ម៉ោង​ និង​ត្រូវ​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​​ទម្ងន់​ខ្លួន​របស់​កូន​។

លោក​ពន្យល់​ថា​​ក្នុង​ករណី​កូន​ញ៉ាំ​ថ្នាំ​​មិន​ទាន់​បាន​គ្រប់​ប្រាំមួយ​ម៉ោង​គិត​​ពី​ការ​លេប​លើក​ទី​មួយ​ ហើយ​កូន​ចាប់​ផ្ដើម​ក្ដៅ​ខ្លួន​​ឡើង​វិញ ក៏​មិន​គួរ​ផ្ដល់​ថ្នាំ​ឲ្យ​កូន​ទៀត​ដែរ​ត្រូវ​រង់ចាំ​ដល់​គ្រប់​ប្រាំ​មួយ​ម៉ោង​សិន​​។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ថា​ប៉ា​ម៉ាក់​អាច​ឲ្យ​កូន​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឬ​ប្រើ​កន្សែង​សើម​ជូត​ខ្លួន​ឲ្យ​កូន​ដើម្បី​បញ្ចុះ​កម្ដៅ​សិន​បាន​​។​

លោក​បន្ថែម​ថា៖ «ដើម្បី​ការពារ កាត់​បន្ថយ​កុំ​ឲ្យ​កុមារ​វិវត្ត​ទៅ​មាន​អាការៈ​ជា​ពុល​ថ្លើម​ក្នុង​ករណី​យើង​ញ៉ាំ​ថ្នាំ​ប៉ារ៉ា​សេតាម៉ុល​ ឪពុក​ម្ដាយ​ត្រូវ​ចង​ចាំ​ថា ទី​មួយ​ផ្ដល់​ថ្នាំ​ប៉ារ៉ា​សេតាម៉ុល​យើង​ត្រូវ​ផ្អែក​ទៅ​លើ​គីឡូ​កូន មិន​ផ្អែក​លើ​អាយុ​របស់​គាត់​ទេ​ ជាទូទៅ​គ្រូពេទ្យ​ផ្នែក​រោគ​កុមារ​ចេញ​វេជ្ជបញ្ជា ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ទៅ​តាម​គីឡូ​របស់​គាត់​ ទីពីរ​ត្រូវ​ចាំ​ថា​យើង​អាច​ផ្ដល់​​គម្លាត​ពី​ការ​ផ្ដល់​លើក​ទី​១​ទៅ​លើក​ទី​២​ហោច​​ណាស់​ឲ្យ​បាន​ប្រាំ​មួយ​ម៉ោង​ឲ្យ​ថ្នាំ​ហ្នឹង​ចេញ​អស់ពី​ក្នុង​ខ្លួន​សិន​ មុន​នឹង​យើង​ញ៉ាំ​លើក​ទី​ពីរ»។

​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ទៀត​ថា​ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ឲ្យ​កូន​គឺ​ធ្វើ​ឡើង​តែ​ពេល​កូន​ក្ដៅ​ខ្លួន មិន​ចាំ​បាច់​ឲ្យ​លេប​ស្កាត់​មុន​នោះ​ទេ​។ លោក​បន្ត​ថា៖ «គឺ​ពេល​គាត់​ក្ដៅ​ខ្លួន​លើស​ពី​៣៨​អង្សា​យើង​អាច​ផ្ដល់​​ថ្នាំ​ហ្នឹង​ឲ្យ​គាត់​ដើម្បី​បញ្ចុះ​កម្ដៅ​»។

លោក​វេជ្ជ​បណ្ឌិត​ថា​ប៉ា​ម៉ាក់​គួរ​មាន​ចំណេះ​ដឹង​ខ្លះ​ៗពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​នេះ​ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ដែរ​ថា គ្រប់​ករណី​ដែល​កូន​ក្ដៅ​ខ្លួន​​ត្រូវ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ពិសេស​គ្រូពេទ្យ​រោគ​កុមារ​​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​រក​មូលហេតុ​នៃ​អាការៈ​ក្ដៅ​ខ្លួន​បាន​ត្រឹម​ត្រូវ​ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា​។

ស្វែងយល់បន្ថែមចុចទីនេះ ស្ដាប់ការបកស្រាយ​ផ្ទាល់!

ប្រភព៖ mayoclinic ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម