ហាងខារ៉ាអូខេ ត្រូវពិន័យ ១៤០០ដុល្លារ ព្រោះឲ្យភ្ញៀវច្រៀងបទរបស់ Wu Yifan
- 2022-09-27 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងខារ៉ាអូខេ ត្រូវពិន័យ ១៤០០ដុល្លារ ព្រោះឲ្យភ្ញៀវច្រៀងបទរបស់ Wu Yifan
ដោយសារតែនៅដាច់ស្រយាល ហាងខារ៉ាអូខេមួយ មិនដឹងពីវិន័យ ហើយឲ្យភ្ញៀវច្រៀងចម្រៀងរបស់សិល្បករមានទោស ទើបត្រូវសមត្ថកិច្ចពិន័យ។
កាលពីថ្ងៃទី ២៦ ខែកញ្ញាមុននេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា សមត្ថកិច្ចខេត្ត Guang Dong បានផាកពិន័យហាងខារ៉ាអូខេឈ្មោះ Huayun Entertainment League កាលពីក្រោយពេលការចុះពិនិត្យមួយបានរកឃើញថា ហាងនេះបានប្រើអត្ថន័យមិនស្របច្បាប់ពាក់ព័ន្ធនឹងតារាចម្រៀង និងសម្ដែងចិន Wu Yifan។ មុននោះដែរ តារាប្រុសខាងលើត្រូវចាប់ខ្លួនពីបទរួមភេទនឹងក្មេងមិនទាន់គ្រប់អាយុ។
សមត្ថកិច្ចបានលើកឡើងថា ហាងខាងលើបានល្មើសច្បាប់របស់ក្រសួងដែលគ្រប់ស្ថាប័នទាំងអស់ ប្រើ ឬផ្សព្វផ្សាយអត្ថន័យរបស់ជនល្មើស ដូចនេះហាងត្រូវពិន័យ១៤០០ដុល្លារ។ បុគ្គលិកហាងបានប្រាប់ទៅកាន់ប្រភពខាងលើថា ពួកគេបានលុបចោលបទចម្រៀងរបស់ Wu Yifan អស់ហើយ។
បុគ្គលិកបានបន្ថែមថា ដោយសារហាងនៅស្រុកដាច់ស្រយាលមិនមានមន្ត្រីចុះមកផ្ដល់ដំណឹងទើបបណ្ដាលឲ្យមិនដឹងថា បទរបស់តារាប្រុសខាងលើត្រូវហាមមិនឲ្យច្រៀង៕