មេភូមិផ្កាត្រកួនផ្តើមពីអាជីវកម្មបង្កើតសណ្ឋាគារតូចមួយនៅភ្នំពេញរហូតមានមុខជំនួញជាច្រើននៅក្នុងដៃ

  • 2021-09-21 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សហគ្រិនមួយរូបទៀតបានចួលមកចែករំលែកបទពិសោធន៍ ទ្រឹស្ដី និងវិធីសាស្ត្របង្កើតមុខជំនួញនៅក្នុងសប្ដាហ៍ថ្មីនៃ កម្មវិធី Starting Up។ វាគ្មិនពិសេសមួយរូបនោះគឺ លោក ឌិន សុមេធារិទ្ធ ស្ថាបនិក​ផ្ទះ​លម្ហែ​បែប​ស្រុក​ស្រែ​ភូមិ​ផ្កា​ត្រកួន​​ ។

លោក ឌិន សុមេធារិទ្ធ ជាប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា ជា​អនុប្រធានសមាគមសណ្ឋាគារ​អាស៊ាន និង​ជា​សហស្ថាប​និក​របស់​សណ្ឋាគារ Frangipani Villa និង​ជា​ស្ថាបនិកផ្ទះ​លំហែ​បែប​ស្រុកស្រែ​ដ៏​ល្បី​គឺ​ ភូមិ​ផ្កា​ត្រកួន។ មានមុខជំនូញជាច្រើននៅក្នុងដៃ លោក ធារិទ្ធ មានបទពិសោធមិនតិចជាង ២០ ឆ្នាំនោះទេក្នុងនាមជាបុគ្គលិកធ្វើការឱ្យគេទម្រាំមានជំនួញផ្ទាល់ខ្លួនដូចសព្វថ្ងៃ ។

ជជែកជាមួយអ្នកសម្រួបសម្រួលទាំង២នាក់គឺ លោក សិលា និងកញ្ញា​ ដារី ស្ថាបនិកភូមិផ្កាត្រកួនរូបនេះ បានចែករំលែកបទពិសោទន៍ល្អៗក្នុងការចាប់ផ្តើមអាជីវកម្ម។ លោក ឌិន សុមេធារិទ្ធ ជាស្ថាបត្យករខាងគូរប្លង់ដោយមុនចាប់ផ្តើមអាវីវកម្មផ្ទាល់ខ្លួន លោកធ្លាប់បានធ្វើការឱ្យអង្គការមួយកន្លែង។ លោក ធារិទ្ធ បន្តទៀតថា មូលហេតុដែលចាប់ផ្តើមបង្កើតសណ្ឋាគារ ប៊ូទិច ដំបូងនៅក្រុងភ្នំពេញគឺលោកមើលឃើញឱកាសច្រើនពីអាជីវកម្មមួយនេះ។ សណ្ឋាគារ ប៊ូទិច ដំបូងរបស់លោកគឺមានតែ ៧ បន្ទប់ប៉ុណ្ណោះ ប៉ុន្តែមានភ្ញៀវជាហូរហែធ្វើឲ្យលោកទទួលបានប្រាក់ចំណេញគួរសមដែរ។ ឆ្នាំបន្ទាប់មកទៀតលោកព្យាយាមពង្រីកសណ្ឋាគារប៊ូទិចរបស់លោកកាន់តែធំជាងមុន។

ដោយសារស្ថានភាពមានការប្រកួតប្រជែងខ្លាំង និងមានមុខជំនួញធំៗផ្សេងទៀត លោកធារិទ្ធ សម្រេចបិទសណ្ឋាគារប៊ូទិចតូចៗរបស់លោកដោយទុកតែសណ្ឋគារធំៗ ២ នៅក្នុងក្រុងភ្នំពេញ។ សហគ្រិន មានបទពិសោធន៍ចាស់វស្សារូបនេះបានងាកមកបង្កើតភូមិផ្កាត្រកួនរហូតកា្លយជាកន្លែងលម្ហែមួយកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរទៅសម្រាកកម្សាន្តនៅថ្ងៃឈប់សម្រាក។

លោក ឌិន សុមេធារិទ្ធ បានធ្វើការបកស្រាយពីដំណើរដើមទងនាំឲ្យលោកឈានទៅបង្កើតភូមិផ្កាត្រកួនដោយសារតែលោកមើលឃើញនៅប្រទេសក្រៅដែលលោកធ្លាប់បានទៅមានដូចជាប្រទេសថៃ និងម៉ាឡេស៊ីជាដើម គឺមានឧទ្យានដ៏ធំដែលបង្កភាពស្រស់ស្អាត និងអាចឲ្យភ្ញៀវទេសចរទៅកម្សាន្ត ងាកចេញពីភាពតប់ប្រមល់នៅក្នុងទីក្រុង។ កត្តាចម្បងមួយទៀតដែលលោកសម្រេចបង្កើតភូមិផ្កាត្រកួននេះគឺដោយសារលោកចង់កសាងអ្វីមួយទុកជាស្នាដៃឲ្យកូនខ្មែរ និងសម្រាប់បងប្អូនដែលចូលចិត្តរស់នៅក្នុងបរិយាកាស បែបស្ងប់ស្ងាត់ គេចចេញពីភាពតប់ប្រមល់អាប់អួរនៅក្នុងទីក្រុង។

ក្នុងពេលបច្ចុប្បន្ននេះ លោក ធារិទ្ធ បានបញ្ជាក់ថាផ្ទះនៅភូមិផ្កាត្រកួនមានចំនួនប្រមាណជិត ១០០ ផ្ទះហើយដោយមានបងប្អូនគាំទ្រច្រើន។ ស្ថាបនិកភូមិផ្កាត្រកួនរូបនេះថាលោកនឹងអភិវឌ្ឍន៍ភូមិផ្កាត្រកួនឲ្យកាន់តែមានភាពសម្បូរបែបជាងពេលបច្ចុប្បន្ននេះទៀត។

អ្នកសម្របសម្រួលទាំង ២ នៅក្នុងកម្មវិធី Starting Up គឺលោក សិលា និងអ្នកនាង ដារី ក៏បានសួរសំណួរមួយទៅកាន់លោក ធារិទ្ធ អំពីអ្នកចង់ចាប់ផ្តើមអាវីកម្មដំបូងបើសិនមិនមានដើមទុន តើគួរធ្វើបែបណា? ឆ្លើយតបនឹងសំណួររបស់អ្នកសម្របសម្រួលទាំង ២ សហគ្រិនជើងចាស់រូបនេះបានតបវិញថា អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូងត្រូវប្រាកដខ្លួនឯង អំពីអាជីវកម្មដែលចង់ធ្វើ និងត្រូវសួរខ្លួនឯងថា មានជំនាញក្នុងអាជីវកម្មនោះឫអត់។ លោក ធារិទ្ធ បន្តទៀតថាអ្នកចាប់អាជីវកម្មដំបូងតែងជួបប្រទះបញ្ហាមួយគឺ ការខ្វះខាតដើមទុន។ ដូច្នេះអ្នកខ្វះខាតដើមទុនត្រូវមានភាពក្លាហានក្នុងការខ្ចីលុយគេ ដើម្បីមកបើកអាជីវកម្ម។ បន្ថែមលើនោះ លោកបន្តថាការខ្ចីលុយគេនេះទៀតសោតត្រូវមានភាពប៉ិនប្រសព្វ និងប្រាកដថាលុយដែលខ្ចីបានត្រូវយកមកប្រកបអាជីវកម្មដែលខ្លួនប៉ងទុក៕

ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម