អតីតកាល​ដ៏​កម្សត់​កម្រ​របស់ Lee Sung Kyung រស់​នៅ​បន្ទប់មួយទម្រាំ​បាន​ដូច​សព្វ​ថ្ងៃ

  • 2021-09-20 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Lee Sung Kyung បាន​ឲ្យ​ដឹងថា ក្រោយ​ពេល​គ្រួសារ​នាង​រក​ស៊ី​ក្ស័យធន នាង​ត្រូវ​ប្ដូរ​មក​រស់​នៅ​ក្នុង​សំណង់​អនាធិបតេយ្យ។

កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Biz Korea បាន​រាយការណ៍​​ថា នៅ​ក្នុង​កម្មវិធី Sere Money Club កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Lee Sung Kyung បាន​និយាយ​អំពី​​ពាក្យ​ចចាមអារ៉ាម​ដែល​នាង​ធំ​ដឹង​ក្ដី ក្នុង​គ្រួសារ​អភិជន។

តួ​រឿង Weight Lifting Fairy បាន​ឲ្យ​ដឹង​ថា៖ កាល​ពី​ខ្ញុំ​អាយុ​៤​ឆ្នាំ ពុក​ខ្ញុំ​បាន​ប្រឹង​ធ្វើ​ការ​ដើម្បី​បើក​រោងចក្រ​ផ្ទាល់​ខ្លួន តែ​ក្រោយ​មក​ក៏​ឆេះ​ផ្ទះ ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​ក្ស័យធន ហើយ​ត្រូវ​ជំពាក់​បំណុល​គេ​ជុំ​ទិស។ ពី​អាយុ ៤​ឆ្នាំ ដល់​៧​ឆ្នាំ ស្រី​ស្អាត​អាយុ ៣១​ឆ្នាំ​ត្រូវ​រស់​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ។ ក្រោយ​មក​ទៀត ផ្ទះ​នាង​ត្រូវ​រើ​ចូល​នៅ​ក្នុង​បន្ទប់​ដែល​មាន​ទំហំ ២៣​ម៉ែត្រ​ការ៉េ។ នាង​នៅ​ចាំ​យ៉ាង​ច្បាស់​ថា មិត្ត​រួម​ថ្នាក់​បាន​សួរ​​នាង​ថា តើ​គ្រួសារ​នាង​អាច​រស់​នៅ​ដោយ​យ៉ាង​​ម៉េច​នៅ​ក្នុង​បន្ទប់​ដ៏​តូច​នោះ។

ក្រោយ​ពេល​ចូល​សិល្បៈ ដែល​ចាប់​ផ្ដើម​ចេញ​ពី​ធ្វើ​ជា​តារា​ម៉ូដែល​នោះ នាង​បាន​រ៉ាប់រង​បំណុល​ទាំង​អស់​ជំនួស​ឪពុក​ម្ដាយ​របស់​ខ្លួន។ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩០ បាន​ប្រាប់​ថា ឪពុក​ម្ដាយ​នាង​បាន​យំ​នៅ​ពេល​នាង​ជួយ​ទំនុក​បម្រុង​ពួក​គេ។ នៅ​ពេល​នេះ Lee Sung Kyung គឺ​ជា​តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ ដោយ​មាន​តម្លៃ​ខ្លួន​ស្ថិត​លំដាប់ A នៅ​ប្រទេស​កូរ៉េ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម