ខំ​តាម​ប្រមាញ់​ Fan Cheng Cheng រក​រឿង​អាស្រូវ តែ​អ្នក​កាសែត​​ត្រូវ​ចូល​សួន​វង្វេង​ទៅ​វិញ

  • 2021-08-03 03:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​កំពុង​គិត​ថា តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ​ចិន Fan Cheng Cheng គឺ​ជា​តារា​កំប្លែង ព្រោះ​សកម្មភាព​របស់​លោក​ធ្វើ​ឲ្យ​គេ​សើច​មិន​ឈប់។

កាល​ពី​ថ្ងៃ​ទី ១​ ខែ​សីហា​កន្លង​ទៅ​នេះ អ្នក​កាសែត​ល្បី​ឈ្មោះ​ម្នាក់​ដែល​ពូកែ​ខាង​ប្រមាញ់​រូប​របស់​បណ្ដាញ​ព័ត៌មាន iFeng បាន​សម្រេច​ចិត្ត​តាម​កន្ទុយ​តារា​សម្ដែង និង​ចម្រៀង​វ័យ​ក្មេង​ល្បី​ឈ្មោះ Fan Cheng Cheng ក្រោយ​វិស័យ​សិល្បៈ​ផ្ទុះ​រឿង​អាស្រូវ​ច្រើន​ក្នុង​រយៈ​ពេល​ចុងក្រោយ។

តាម​សម្ដី​របស់​អ្នក​កាសែត​ខាង​លើ នៅ​យប់​នេះ ប្រុស​ស្អាត​អាយុ ២១​ឆ្នាំ​មាន​ណាត់​ជាមួយ​មិត្តភ័ក្ដិ​ដើរ​លេង និង​ផឹក​ស្រា ដូចនេះ​ហើយ លោក​បាន​គិត​ថា​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ប្រសិន​បើ​លោក​តាម​ដើម្បី​ជីក​​រក​រឿង​អាស្រូវ​ពី​ប្រុស​ស្អាត​ខាង​លើ។

ដោយ​សារ​តែ​ផឹក​ស្រា​ច្រើនដូចនេះ​ហើយ ពេល​ចេញ​មក​វិញ ប្អូន​ប្រុស​របស់​តារា​សម្ដែង​ស្រី Fan Bingbing មិន​បាន​បើក​ឡាន​ខ្លួន​ឯង​ទេ គឺ​បាន​ហៅ​តៃកុង​ឡាន​មក​យក។ ចាប់​ពី​ពេល​នោះ​មក លោក​បាន​ដើរ​នៅ​ក្នុង​ចំណត​ឡាន​ចុះ​ឡើង ឡើង​ចុះ។​ ចុង​បញ្ចប់​លោក​បាន​ដើរ​នៅ​ក្នុង​ចំណត​ឡាន ធ្វើ​ឲ្យ​កាសែត​វង្វេង​ដូច​នៅ​ក្នុង​សួន​វង្វេង​រហូត​ដល់​ទៅ​២​ម៉ោង។

ដើម​ឡើយ​អ្នក​កាសែត​ស្មាន​ថា ប្រុស​ស្អាត​រូប​នេះ​ដឹង​ថា​ខ្លួន​​តាម​កន្ទុយ​លោក ទើប​មាន​ចេតនា​ធ្វើ​បាប​លោក​ឲ្យ​វង្វេងវង្វាន់​បែប​នេះ។ យ៉ាងណាក្ដី នៅ​ពេល​ឃើញ​ Fan Cheng Cheng ដើរ​មិន​ត្រង់​ជួរ ហើយ​ចង់​ដួល​ផង ទើប​លោក​ដឹង​ថា សិល្បករ​នេះ​ពិត​ជា​វង្វេង​ពិត​មែន។ កាសែត​បន្ថែម​ថា ខួរ​ក្បាល​របស់​លោក​សឹង​តែ​ផ្ទុះ ឯជើង​វិញ​ក៏​ដើរ​លែង​ចង់​រួច​ ក្រោយ​ដើរ​ក្នុង​ចំណត​ឡាន​២​ម៉ោង។ ទីបំផុត Fan Cheng Cheng ក៏​រក​បានតៃ​កុង​ដែល​ខ្លួន​​កុម្ម៉ង់​មក ហើយ​អ្នក​កាសែត​ក៏​បាន​ធូរ​ខ្លួន​ទៅ​ផ្ទះ​ដូច​គ្នា ដោយ​មិន​ទទួល​បាន​ផ្លែផ្កា​អ្វី​ទាំង​អស់៕

ប្រភព៖ haohoctro ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម