រឿង​ដែល​ត្រូវ​ដឹង​ពេល​ឈាន​ចូល​អាយុ​២៥ឆ្នាំ កុំ​ឲ្យ​ខ្លួន​ឯង​ចេះ​តែ​ស្មុគស្មាញ

  • 2021-03-08 04:00:00
  • ចំនួនមតិ 23 | ចំនួនចែករំលែក 61

វ័យ​ ២៥ឆ្នាំអាច​និយាយបាន​ថា​មាន​គំនិត​ចាស់ទុំច្រើន ដូច្នេះអ្នក​ក៏មិន​ត្រូវ​ខ្ជះខ្ជាយ​វ័យ​របស់​អ្នក​ទៅ​ទាំង​គ្មាន​អី​សោះ​នោះ​ដែរ។​ បើ​អ្នក​ឈាន​ចូល​ដល់​អាយុ​ ២៥​​ ឆ្នាំ​ ហើយ​អ្នក​គួរ​តែ​ប្រាប់​និង​ដាស់​តឿន​ខ្លួន​នូវ​រឿង​ទាំង​នេះ ដើម្បី​ឲ្យ​ឲ្យ​ជីវិត​ចេះ​តែ​ស្មុគស្មាញ​ច្រើន រហូត​បាត់បង់ពេល​វេលា​ដ៏​មាន​តម្លៃ៖​

១. កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ទំនេរ​ច្រើន​ពេក

ជា​វ័យ​មួយ​ដែល​អ្នក​ត្រូវ​ស្វែង​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ ហើយ​នឹង​បំពេញ​នូវ​ក្ដី​ស្រមៃ​ដែល​​ខ្លួន​មាន​។ កុំ​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ខ្ជិល​លែង​ចង់ធ្វើ​អី​នោះ ត្រូវ​ធ្វើ​ការងារ​មួយ​ដែល​អ្នក​ស្រឡាញ់​បំផុត​ ហើយ​បំលែង​ជីវិត​ឲ្យ​សកម្ម​បំផុត។

រូបតំណាង

២. បោះបង់​ទំនាក់ទំនង​ស្នេហា​ណា​ដែល​គ្មាន​ភាព​រីករាយ

បើ​អ្នក​ទទួល​បាន​អារម្មណ៍​ដែល​គ្មាន​ក្ដី​សុខ​ពី​ស្នេហា​អ្នក​នោះ​ទេ​អ្នក​គួរ​តែ​ច្រាន​វា​ចោល​ទៅ​។​ ហេតុអ្វី​អ្នក​ត្រូវ​ឲ្យ​ខ្លួន​ឯង​រស់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ?​ ​​អាយុប៉ុណ្ណឹង​ទៅហើយ​បើ​នៅ​តែ​រញ៉េរញ៉ៃ​ជាមួយ​ស្នេហា​ដែល​គ្មាន​បាន​ការ​នោះ​ដូច​ជា​ខ្ជះខ្ចាយ​ពេលវេលា​ពេក​ហើយ។

៣. ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ខ្លួន​

ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​មក​ដល់​ពេល​នេះ​អ្នក​បាន​រីកចម្រើន​អី​ខ្លះ​ហើយ?​ កុំ​យក​ខ្លួន​ឯង​ទៅ​ធៀប​ជាមួយ​អ្នក​ដទៃ​ តែ​ត្រូវ​ដឹង​ថា​ខ្លួន​ឯង​រាល់​ថ្ងៃ​ធ្វើ​អ្វី​បាន​ខ្លះ​ហើយ​ឬ​នៅ​​? បើមើល​ឃើញថា​ខ្លួន​ឯង​នៅ​ខ្សោយត្រង់​ណា ត្រូវ​ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​មាន​ការ​រីកចម្រើន​ ជាជាង​គិត​អាក្រក់​ពី​ខ្លួន​ឯង។

៤. ប្រឈម​នឹង​បញ្ហា​ដោយ​រីករាយ​

អាយុ​ប៉ុណ្ណេះ​ហើយ​បើ​អ្នក​នៅ​តែ​គេចវេះ​ពី​បញ្ហា​ទៀត​ នោះ​វា​មិន​សម​នឹង​វ័យ​របស់​អ្នក​ទេ​។ អ្នក​ត្រូវ​ចេះ​ប្រឈមមុខ​​នឹង​បញ្ហា​ហើយ​ដោះស្រាយ​វា​ដោយ​រីករាយ​ព្រោះ​នេះ​គឺជា​ជីវិត។ កុំ​ចេះ​តែ​បង្កើត​ហើយ​រត់ចោល​នោះ ព្រោះ​អ្នក​កាន់​តែ​គេច​វា​កាន់​តែ​មក​រក​អ្នក។

រូបតំណាង

៥. កុំ​សូវ​ខ្វល់​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​ច្រើន​ពេក

បើ​អ្នក​គិត​តែ​ខ្វល់​ពី​គំនិត​អ្នក​ដទៃ​ នោះ​មិន​ដឹង​ថា​ថ្ងៃ​ណា​អ្នក​ជោគជ័យ​ទេព្រោះ​មនុស្ស​ម្នាក់​មិន​អាច​តម្រូវចិត្ត​មនុស្ស​១០០​នាក់​បាន​ឡើយ។ អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​គំនិត​ខុស​គ្នា​ សំខាន់​បំផុត​តើ​អ្វី​ដែល​យើង​ធ្វើ​គប្បីនឹង​ខ្លួន​ឯង។

៦. រៀន​​និយាយ​ពាក្យ​ថា​ «ទេ​»

អ្នក​ត្រូវ​ចេះ​រៀន​និយាយ​ពាក្យ​ថា​ «ទេ» នៅ​ពេល​ដែល​អ្នក​មិន​ពេញចិត្ត​ មិន​ចូលចិត្ត​អ្វី​មួយ​។ នៅ​កន្លែង​ធ្វើ​ការ​ក៏ដោយ​ ក្នុង​ការ​ទំនាក់​ទំនង​ក៏​ដោយអ្នក​ត្រូវ​តែ​ហ៊ាន​​និយាយ ហ៊ាន​ប្រាប់​ទៅ​ពួក​គេ​វិញ​។

៧. ខ្វល់​ពី​ខ្លួន​ឯង​ ខ្វល់​ពី​គ្រួសារ

មនុស្ស​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុកដាក់​​នោះ​គឺ​ខ្លួន​ឯង​ និង​ គ្រួសារ ព្រោះ​ពួក​គេ​សុទ្ធ​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​អ្នក​។​ ត្រូវ​ថែរក្សា​សុខភាព​ខ្លួន​ឯង​ និង​ ព្យាយាម​មើល​ថែរក្សា​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ លើក​មុខមាត់​ឲ្យ​គ្រួសារ។

៨. កាត់​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ​ចេញ​ពី​ជីវិត​អ្នក​

ត្រូវ​ចេះ​ដក​ចេញ​នូវ​មនុស្ស​ដែល​អត់​ប្រយោជន៍​សម្រាប់​អ្នក​​ មនុស្ស​ដែល​ចាំ​តែ​រិះគន់​អ្នក​ មនុស្ស​ដែល​មិន​អបអរ​នូវ​ការ​ជោគជ័យ​របស់​អ្នក​ មនុស្ស​ដែល​តែង​នាំ​ភាព​ស្មុគស្មាញ​ដល់​អ្នក​ ព្រោះ​មនុស្ស​ទាំង​នោះ​ជា​អ្នក​ដែល​អាច​បំផ្លាញ​ជីវិត​អ្នក​។

អាយុ​កាន់​តែ​ច្រើន​ អ្នក​ក៏​ត្រូវ​តែ​ខ្លាំង​ទៅ​តាម​ហ្នឹង​ដែរ​ កុំ​បាន​តែ​អាយុ​ហើយ​គ្មាន​បាន​ធ្វើ​នូវ​រឿង​ដែល​ល្អ​អ្វី​សោះ​នោះ​៕

ចុចអាន៖គន្លឹះ​សម្ងាត់​ដើម្បី​​ក្លាយ​ជា​មនុស្ស​ស្រី​ឆ្លាតវៃ​ និង​ទទួល​បាន​ការ​គោរព​ខ្ពស់

អត្ថបទ៖ ផេង ផលធិតា