Fan Bingbing លើក​ទី​១ ចែក​រំលែក​ពី​មូលហេតុ​ឈាន​ដល់​ការ​បែក​បាក់​ជាមួយ​គូដណ្ដឹង

  • 2020-12-18 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ការ​ចែក​រំលែក​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing រឿង​អាស្រូវ​របស់​នាង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អតីត​គូដណ្ដឹង​ខ្លាំង​ពេក ទើប​នាង​សម្រេច​ចិត្ត​កាត់​ផ្ដាច់​ចំណង​ស្នេហា​ជាមួយ​លោក។ កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ធ្នូ​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​ផ្សាយ​ពី​បទ​សម្ភាសន៍​ថ្មី​របស់​តារា​សម្ដែង​ស្រី​លំដាប់ A ចិន Fan Bingbing ដែល​នៅ​ក្នុង​ជំនួប​នេះ​ដែរ ស្រី​ស្អាត ៣៩​ឆ្នាំ​បាន​ចែក​រំលែក​ពី​មូលហេតុនៃ​ការ​បែក​គ្នា​រវាង​នាង និង​គូ​ដណ្ដឹង​ ដែល​ជា​តារា​សម្ដែង​ប្រុស Li Chen កាល​ពី​ឆ្នាំ ២០១៩។

នៅ​អំឡុង​ពេល​នោះ Fan Bingbing កំពុង​ជាប់​ពាក់​ព័ន្ធ​នឹង​ទោស​គេច​ពន្ធ ដែល​ត្រូវ​ពិន័យ​សរុប​ដល់​ទៅ ១៣០​លាន​ដុល្លារ ត្រូវ​ហាម​ឃាត់​គ្រប់​សកម្មភាព​នៅ​ក្នុង​សិល្បៈ។ អំឡុងពេល​នោះ​​ដែរ តួ​រឿង​ព្រះ​នាង​យេយេ​ប្រកាស​បែក​គ្នា​ជាមួយ​គូដណ្ដឹង​ តែ​មិន​ដែល​បង្ហើប​មូលហេតុ​ឡើយ។ “ខ្ញុំ​អរគុណ​គាត់​ដែល​តែង​តែ​ផ្ដល់​អ្វី​ល្អ​បំផុត​ដល់​ខ្ញុំ តែ​កាលៈទេសៈ​ខ្ញុំ​ពេល​នោះ គឺ​ងាយ​ប៉ះពាល់​​ដល់​គេ​គ្រប់​គ្នា​ខ្លាំង​ណាស់។ ការ​ងារ​របស់ Li Chen ជា​ច្រើន​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​តែ​ខ្ញុំ។ រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​ធ្វើ​ឲ្យ​គាត់​បាន​នោះ​គឺ​ដើរ​ចេញ​ពី​គាត់” Fan Bingbing បង្ហើប។

“នៅ​ពេល​ពួក​ខ្ញុំ​បែក​គ្នា មនុស្ស​ជា​ច្រើន​បាន​ជេរ​ស្ដី​គាត់ ទាំង​មិន​ដឹង​មូលហេតុ​ពី​ក្រោយ។ ដោយ​សារ​តែ​ខ្ញុំ​ តែ​ប៉ះពាល់​ដល់ Li Chen និង​ប្អូន​ប្រុស​ជា​ខ្លាំង។ ខ្ញុំ​ចង់​កាត់​បន្ថយ​ការ​ពាក់ព័ន្ធ​នេះ​ឲ្យ​ទាប​បំផុត ទើប​សម្រេច​បែប​នេះ។ មក​ដល់​ពេល​នេះ យើង​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​ដដែល”។

នៅ​ពេល​នេះ ២​ឆ្នាំ​ក្រោយ​រឿង​អាស្រូវ​គេចពន្ធ វិថី​ចូល​សិល្បៈ​របស់ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨១ នៅ​តែ​ពិបាក​ដោយ​នាង​មិន​ទាន់​មាន​រឿងថ្មី​ថត ហើយ​បាន​ត្រឹម​តែ​ថត​ឲ្យ​ទស្សនាវដ្ដី​មិន​សូវ​ល្បី​ឈ្មោះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម