រឿងទាំង ៣ យ៉ាងដែលមនុស្សឆ្លាតពិតប្រាកដមិនចូលចិត្តទម្លាយប្រាប់អ្នកដទៃ

  • 2020-10-20 06:50:00
  • ចំនួនមតិ 27 | ចំនួនចែករំលែក 305

ភាពឆ្លាតវាងវៃ​ ពេលខ្លះមិនអាចនឹងមើលដឹងពីសម្បកក្រៅនោះទេ ទាំងនេះជាមនុស្សឆ្លាតលាក់មុខទាំង ៣ ប្រភេទដែលអ្នកប្រហែលជាបានជួបហើយក្នុងជីវិតនេះ៖

១. សុខចិត្តធ្វើល្ងង់បន្តិច ដើម្បីកុំអោយគេដឹងថាខ្លួនជាមនុស្សឆ្លាត

ពាក្យចាស់ពោលថា មនុស្សដែលចេះពិតប្រាកដនោះមិនសូវជាចូលចិត្តបង្ហាញអោយគេដឹងនោះទេ មានតែមនុស្សដែលមិនសូវចេះប្រាកដទេទើបព្យាយាមបង្ហាញអោយគេដឹង។ ទោះជាភ្នំខ្ពស់ប៉ុណ្ណាក៏អាចនៅមានភ្នំដែលខ្ពស់ជាងនោះដែរ​ អញ្ចឹងហើយទោះជាអ្នកជាមនុស្សវៃឆ្លាតយ៉ាងណាក្ដី មិនត្រូវមានអំនួត ហើយមានគំនិតថាអ្នកដទៃចេះមិនដល់ខ្លួននោះទេ ត្រូវរៀនបើកចិត្តអោយទូលាយព្យាយាមរៀនសូត្រពីមនុស្សជុំវិញខ្លួនទើបជារឿងត្រឹមត្រូវ។​

២. សុខចិត្តធ្វើក្របន្តិច ដើម្បីកុំអោយគេដឹងថាខ្លួនមានទ្រព្យស្តុកស្តម្ភ

មានដែលចាប់អារម្មណ៏ទេ អ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភភាគច្រើនសុទ្ធតែព្យាយាមរស់នៅដោយសាមញ្ញបំផុត។ លក្ខណៈបែបនេះធ្វើអោយមនុស្សប្រភេទនេះមានអ្នកគោរពស្រលាញ់ជាងប្រភេទមនុស្សដែលចេះតែសម្ញែងភាពមានបានរបស់ខ្លួន បើសិនជាជួបទុកប្រាកដជាគ្មានអ្នកជួយទេ មានតែអ្នកដែលចាំសើចចំអក។ ត្រូវចាំថាផ្កាដែលមានក្លិនក្រអូបប្រាកដជាមានកន្លង់មកចោមរោមមិនខានឡើយ។

៣. សុខចិត្តមិនទុកចិត្តមនុស្សងាយៗ ដើម្បីកុំអោយគេបោកប្រាស់បាន

រឿងដែលគ្រោះថ្នាក់បំផុតសម្រាប់មនុស្សលោកយើងនេះគឺ​ ការបាត់បង់ការជឿជាក់ ខ្លះអាចខ្លាំងរហូតដល់ថ្នាក់ធ្វើអោយមនុស្សផ្លាស់ប្ដូររបៀបដែលគេមើលឃើញពិភពលោកនេះទាំងមូលតែម្ដង។ តែអ្វីដែលកាន់តែគួរអោយខ្លាចមិនចាញ់គ្នានោះគឺការដែលខ្លាច មិនហ៊ានសូម្បីតែគិតថាចង់ទុកចិត្តនរណាម្នាក់ទៀតនោះ ការធ្វើបែបនេះមានតែជាការរិតត្បិតជីវិតអ្នក ព្រោះតែរបួសចាស់មួយប៉ុណ្ណោះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen