ញេចមុនដោយខ្លួនឯង បែបណាទើបត្រឹមត្រូវ ?

  • 2020-08-19 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការដែលទៅញេចមុន ឫ ស្ប៉ាស្បែកក្នុងរដូវកាលនេះអាចនឹងមិនត្រូវបានណែនាំអោយធ្វើនោះទេ ហេតុនេះហើយដើម្បីធានាបានថាអ្នកធ្វើបានត្រឹមត្រូវនោះ គួរស្វែងយល់ពីជំហានទាំង ៥ យ៉ាងនេះសិន៖

១. ចាំទាល់តែមុនទុំសិន

ត្រូវតែរង់ចាំទាល់តែមុននោះទុំសិន ទើបចាប់ផ្ដើមញេចវា មិនអញ្ចឹងស្បែកអ្នកនឹងក្លាយបាន។ បើសិនជាមុនដែលអ្នកមានជាប្រភេទមុនក្បាលស អ្នកអាចពិនិត្យមើលថាមានព្រុយសៗ លេចចេញមករឺនៅ។

២. លាងសម្អាតដៃ និង មុខ

នេះអាចនឹងជាជំហានដែលងាយស្រួល តែមនុស្សភាគច្រើនអាចនឹងភ្លេចជំហានដ៏ចាំបាច់មួយនេះ។ អ្នកលាងសម្អាតដៃ និង កាត់ក្រចកដៃអោយបានស្អាត បន្ទាប់មកលាងសម្អាតមុខជាមួយនឹង ហ្វូមលាង ហើយប្រើប្រាស់ក្រដាសសើមជូតសម្អាតគ្រឿងសម្អាងនៅបរិវេណដែលអ្នកចង់ញេចមុននោះ។

៣. ប្រើប្រាស់សម្លីត្បាល់ត្រចៀក និង ម្ជុល

ម្ជុលដែលជ្រើសរើសយកមកប្រើប្រាស់ត្រូវយកទៅសម្លាប់មេរោគដោយប្រើប្រាស់អាល់កុល បន្ទាប់មកយកដែកកេសមករោលម្ជុលនោះផងដែរ។ យកម្ជុលនោះទៅចោះរន្ធលើមុន បន្ទាបើមកប្រើប្រាស់សម្លីត្បាល់ត្រចៀកសង្កត់ជុំវិញបរិវេណដែលកើតមុនដើម្បីអោយវាចេញមក។

៤. ត្រូវដឹងថាគួរឈប់ពេលណា

បើសិនជាញេចមិនចេញនោះទេ កុំនៅតែបន្ដប្រើកម្លាំងកាន់តែខ្លាំងដើម្បីបង្ខំអោយវាចេញមកនោះ នេះបានន័យថាមុនអ្នកមិនទាន់ត្រូវដល់ពេលញេចនោះទេ។

៥. ការថែរក្សាបន្ទាប់ពីញេចរួច

ត្រូវចាំបាច់សម្លាប់មេរោគដោយការប្រើប្រាស់អាល់កុលលើកន្លែងដែលញេចរួច ចៀសវាងកុំអោយមុខរបួសប្រែជាក្លាយ ហើយមិនត្រូវប្រើប្រាស់គ្រឿងផាត់មុខនៅបរិវេណនេះភ្លាមៗបន្ទាប់ពីញេចរួចនោះទេ។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម