ប្រយ័ត្នក្លាយជាស្រីអន់! មនុស្សប្រុសចរិតយ៉ាប់ ៥យ៉ាងដែលអ្នកមិនគួរបន្ទាបខ្លួនសេពគប់ជាមួយ
- 2020-04-09 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នក្លាយជាស្រីអន់! មនុស្សប្រុសចរិតយ៉ាប់ ៥យ៉ាងដែលអ្នកមិនគួរបន្ទាបខ្លួនសេពគប់ជាមួយ
ជីវិតមនុស្សយើងខ្លីណាស់ កុំរវល់តែចំណាយពេលទាក់ទងមនុស្សដែលមិនគួរទាក់ទង ឬមនុស្សដែលអ្នកដឹងស្រាប់ទៅហើយថាជាមនុស្សមិនល្អ។ កុំបន្តដោយសារសោកស្ដាយពេលវេលាដែលទាក់ទងកន្លងមក ឬខ្លាចនៅ Single ព្រោះបើអ្នកនៅតែបន្តទំនាក់ទំនងជាមួយមនុស្សបែបនោះទៀត ជីវិតអ្នកពិបាកជាងនៅ Single ទៅទៀត។ ខាងក្រោមនេះ កញ្ញានឹងបង្ហាញពីបុរស ៥ប្រភេទដែលអ្នកមិនគួរបន្ទាបខ្លួនសេពគប់ជាគូស្នេហ៍ ព្រោះនឹងត្រូវចំណាយពេលឥតប្រយោជន៍ ហើយនឹងអាចបាត់បង់តម្លៃខ្លួនឯងទៀត៖
**១. ចូលចិត្តទម្លាក់កំហុសឲ្យអ្នកដទៃ**
កុំសេពគប់មនុស្សដែលមិនដែលមើលឃើញកំហុសរបស់ខ្លួនឯង ឬទោះបីមើលឃើញ ក៏មិនទទួលខុសត្រូវ ឬមិនរៀនសូត្រពីកំហុស ថែមទាំងទម្លាក់កំហុសឲ្យអ្នកដទៃ។ មនុស្សប្រុសដើមទ្រូងប្រាំហត្ថហ៊ានស៊ីត្រូវហ៊ានសង ហ៊ានធ្វើត្រូវហ៊ានទទួល។ បើបន្តទាក់ទងមនុស្សបែបនេះ អ្នកនឹងពិបាកមិនខាន។
២. ខឹងអាក្រក់ ចូលចិត្តប្រើហិង្សា
ប្រាកដហើយ គ្មាននរណាមានអារម្មណ៍ល្អគ្រប់ពេលនោះទេ ប៉ុន្តែមនុស្សដែលមានសតិគ្រប់គ្រាន់នឹងមានភាពឆ្លាតវៃគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដោយមិនស្ដែងចេញនូវអាកប្បកិរិយាឈ្លានពាន ឬប្រើកម្លាំងបាយ មិនថាចំពោះរបស់របរ ឬចំពោះមនុស្សក៏ដោយ។ ស្រលាញ់មនុស្សបែបនេះ អ្នកនឹងត្រូវឈឺកាយ ឈឺចិត្តទទេៗ។
៣. គ្មានចិត្ត
កុំស្រលាញ់មនុស្សអាត្មានិយម មើលឃើញតែផលប្រយោជន៍ ឬគិតអារម្មណ៍ខ្លួនឯងជាធំ ដោយមិនយល់ចិត្តយល់ថ្លើមអ្នកដទៃ មិនចេះជួយយកអាសាអ្នកដទៃ ព្រោះថាបើគេធ្វើបែបនេះជាមួយអ្នកដទៃបាន គេក៏នឹងធ្វើបែបនេះជាមួយអ្នកដែរទៅអនាគត។
៤. ចូលចិត្តជាន់ មើលងាយអ្នកដទៃ
កុំស្រលាញ់មនុស្សដែលមានគំនិតអវិជ្ជមាន ព្រោះនឹងអាចឲ្យអ្នកឆ្លងនូវចរិតមិនល្អ ក៏ដូចជាការគិតអាក្រក់ៗរបស់គេមកដូចគ្នា។ មនុស្សដែលចូលចិត្តមើលងាយវាយតម្លៃអ្នកដទៃ មិនថាតាមរយៈរូបរាង ពូជសាសន៍ ពណ៌សម្បុរ ឬក៏រសនិយមផ្លូវភេទក្ដី។ គួរសេពគប់មនុស្សដែលចិត្តទូលាយ និងចេះយល់ចិត្តយល់អារម្មណ៍អ្នកដទៃប្រសើរជាង។
៥. ចរិតព្រាន ខិលខូច
មនុស្សប្រុសដែលចូលចិត្តកុហក ខិលខូច និងចរិតព្រាន គឺជាបុរសដែលអ្នកមិនគួរបន្ទាបតម្លៃទៅទាក់ទងដាច់ខាត ព្រោះគេគឺជាមនុស្សអាត្មានិយម មិនស្រលាញ់អ្នកពិតក្រៅពីខ្លួនឯង ហើយនឹងធ្វើឲ្យអ្នកត្រូវខូចចិត្តម្ដងហើយម្ដងទៀត ៕
ចុចអាន៖
មនុស្សស្រីមាន ៨ ចំណុចនេះ ទោះអាយុច្រើនប៉ុណ្ណា ក៏កុំខ្លាចថាគ្មានបុរសមកស្រលាញ់
បុរសបែបណាអាចផ្ដល់ក្ដីសុខឲ្យអ្នកមួយជីវិត? អត្ថបទល្អដែលមនុស្សស្រីគួរអាន និងស៊ែរ