រឿង ៥ យ៉ាងដែលនារីមុខមូល ប៉ោងៗ តែងតែជួបប្រទះមិនដែលខាន
- 2020-02-04 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៥ យ៉ាងដែលនារីមុខមូល ប៉ោងៗ តែងតែជួបប្រទះមិនដែលខាន
បើអ្នកជាមនុស្សស្រីដែលមានសាច់ថ្ពាល់ច្រើន មើលទៅមុខមូលៗខ្លីៗ អ្នកប្រាកដជាធ្លាប់ឆ្លងកាត់នូវរឿងមួយចំនួនដែលមនុស្សស្រីមុខតូចគ្មានថ្ងៃយល់ឡើយ។ រឿងមុខមូលនេះ អ្នកណាៗក៏មិនសូវចង់បានដែរ ព្រោះតែងត្រូវគេដឺ និង បង្អាបគ្រប់ពេល តាំងពីក្មេងរហូតដល់ចាស់វិញក៏មាន។ យ៉ាងណាមិញ ការមានមុខមូលនេះមានចំណុចល្អ និង មិនសូវល្អ។ ចំណុចទាំង ៥ ខាងក្រោមនេះគឺជារឿងដែលនារីមុខប៉ោងជួបប្រទះជាប្រចាំមិនដែលខាន៖
**១. គេសរសើរថាមុខគួរឱ្យស្រឡាញ់**
អ្នកមានថ្ពាល់សាច់ៗភាគច្រើនត្រូវបានគេគ្រប់គ្នានិយាយថាគួរឱ្យស្រឡាញ់ មិនសូវមានអ្នកសរសើរថាស្អាតនោះទេ។ ដោយសារតែមុខមូល និងថែមទាំងថ្ពាល់ម៉ាប់ៗទៀតនោះ គេមិនសូវមើលឃើញថាមុខអ្នកទាក់ទាញបែប ស៊ិចស៊ី ឬ ស្អាតទេ គេច្រើនហៅថា គួរឱ្យស្រឡាញ់ ហាក់បីដូចប្រដូចទៅនឹងកូនក្មេង ព្រោះពាក្យគួរឱ្យស្រឡាញ់នេះ ច្រើនប្រើនិយាយទៅកាន់ក្មេងៗ។
២. គេចូលចិត្តក្តិចថ្ពាល់លេង
ចំណុចនេះគួរឱ្យមួម៉ៅបន្តិចព្រោះពេលជួបញាតិមិត្ត បងប្អូនជិតឆ្ងាយគឺមិនដែលរំលងសោះរឿងក្តិចថ្ពាល់លេង ហើយ អ្នកខ្លះដោយហេតុថាខ្នាញ់ថ្ពាល់ពេកគឺថាក្តិចឡើងឈឺ ឡើងថ្ពាល់ក្រហមអស់។ នេះមិនត្រឹមតែក្តិចតែពេលនៅតូចទេ អ្នកខ្លះនៅតែតាមក្តិចថ្ពាល់រហូតទោះជាអ្នកធំពេញវ័យក៏ដោយ។
៣. គេបង្អាប់ ដឺដង
កើតមកមានមុខប៉ោងមិនស្រួលប៉ុន្មានទេ ត្រូវរងគ្រោះទាំងផ្លូវកាយ និង ចិត្ត ពោលគឺគេត្រូវគេចាប់ក្រញិចថ្ពាល់ហើយត្រូវគេបង្អាប់រឿងមុខប៉ោងទៀត។ ជាពិសេស ក្នុងអំឡុងពេលសិក្សា មិត្តភក្តិនាំគ្នាដឺដងរឿងមុខប៉ោង ថ្ពាល់សាច់នេះមិនចេះចប់។
៤. ពិបាកថតរូប
សម្រាប់អ្នកមានទម្រង់មុខតូចស្រាប់គឺ ពួកគេងាយស្រួលក្នុងការថតរូបទេ យ៉ាប់តែអ្នកមានទម្រង់មុខមូល ថ្ពាល់ធំៗប៉ុណ្ណោះ។ ពេលថតរូបម្តងៗត្រូវរើសប្លង់ខ្លាំងណាស់ទើបស័ក្តិសមនឹងមុខ បើមិនដូច្នោះថតមកឃើញតែថ្ពាល់តែម្តង។ បើថតរូប selfie ខ្លួនឯងវិញ ត្រូវងាកកចុះឡើង ទម្រាំតែត្រូវទម្រង់មុខគឺងាកឡើងចង់ចុកកអស់ហើយ។
៥. គេច្រឡំថាកូនក្មេង
អ្នកមានមុខមូលៗទៅណាមកណា បើគេមិនស្គាល់ទេ គេច្បាស់ជាថាក្មេងជាងអាយុពិតយ៉ាងហោច ៥ ឆ្នាំ។ រឿងគេគិតថាក្មេងនេះ ពេលខ្លះល្អ ពេលខ្លះក៏មិនល្អប៉ុន្មានដែរ។ ជាពិសេស ពេលបើកបរតាមផ្លូវ ឬ ទៅដើរលេងតាមកន្លែងនានា គេច្រើនសុំមើលអត្តសញ្ញាណប័ណ្ណ ព្រោះខ្លាចមិនទាន់គ្រប់អាយុ៕
អានបន្ត៖ សារខ្លីៗស្រីៗអានរួចនឹងញញឹមហើយជឿជាក់ពេញមួយថ្ងៃតែម្ដង