ប្រកាន់ខ្ជាប់គំនិត៤យ៉ាងនេះ ជាវិធីលើកទឹកចិត្តខ្លួនឯងដ៏ធំធេងនៅកន្លែងធ្វើការ

  • 2020-01-02 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ការ​គិត​ទៅ​លើ​រឿង​ល្អៗ ​ពិត​ជា​បាន​ជួយ​ផ្ដល់​ថាម​ពល​វិជ្ជមាន​យ៉ាង​ខ្លាំង​ក្លា។ ​​ដូច្នេះ​ហើយ ​ការ​មាន​ទំនួល​ខុស​ត្រូវ ពិសេស​នៅ​កន្លែង​ធ្វើការ​ពិត​ជា​ជំរុញ​ឲ្យ​ប្រសិទ្ធភាព​ការងារ​កាន់​តែ​រលូន និង​សប្បាយ​រីក​រាយ​នូវ​អ្វី​ដែល​​​បាន​ធ្វើ​ថ្ងៃ​នេះ​។ ​ម្ល៉ោះ​ហើយ ​អ្នក​គួរ​ទម្លាប់​គិត​លើ​ចំណុច​ទាំង​៤​ខាង​ក្រោម ​ដើម្បី​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​និង​អត្ត​ចរិត​លើ​ការងារ​តាម​វិធី​នេះ។

រូបតំណាង

១. មោទកភាព​នឹង​លទ្ធផល​ការងារ​របស់​អ្នក​

​នៅ​ពេល​ចូល​ធ្វើការ ​អ្នក​មិន​ចាំ​បាច់​រង់​ចាំ​អ្នក​ណា​មក​សរសើរ​អ្នក​ឡើយ ​។ ​​បើ​ឃើញ​លទ្ធផល​ការងារ​ល្អ​ហើយ ​នៅ​ចាំ​អី​ទៀត ​ត្រូវ​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង ហើយ​កោត​សរសើរ​នឹង​លទ្ធផល​នេះ​។ ​ការងារ​បាន​ផ្លាស់​ប្ដូរ​​​មនុស្ស​​ជា​ច្រើន​ឲ្យ​ចាស់​ចិត្ត​ចាស់​គំនិត មាន​ទំនួល​ខុស​ត្រូវ​ ​យក​ចិត្ត​ទុក​ដាក់។ ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់ ​ព្រោះ​គ្មាន​នរណា​អាច​ស៊ូ​ទ្រាំ​នឹង​អ្វី​មួយ​ដែល​ខ្លួន​មិន​ស្រលាញ់​​បាន​​យូរ​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​តែ​មោទកភាព​លើ​ខ្លួន​ឯង ពេល​ទទួល​បាន​លទ្ធផល​ការងារ​ល្អ​។

២. ចាត់​ទុក​ការងារ​ប្រៀប​ដូច​ជា​ហ្គេម លេង​យ៉ាង​ណា​ត្រូវ​តែ​ឈ្នះ

​មនុស្ស​ជា​ច្រើន​តែង​មាន​បញ្ហា​ស្មុគ​ស្មាញ​នៅ​កន្លែង​ធ្វើការ។ ​បើ​មិន​ដោះ​ស្រាយ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នឹង​មើល​ឃើញ​តែ​រឿង​ទុទិដ្ឋិនិយម​ឥត​ឈប់​ឈរ។ នេះ​ជា​តិច​និក​មួយ​ទៀត​ដើម្បី​ពង្រឹង​ការ​យល់​ឃើញ​របស់​អ្នក គឺ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ការងារ​ដូច​ជា​លេង​ហ្គេម ។ បើ​អ្នក​ដោះ​ស្រាយ​បាន ​នោះ​​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​លើ​បញ្ហា​ទាំង​នោះ​​ភ្លាម​មួយ​រំពេច ហើយ​វា​ក៏​ជួយ​ពង្រឹង​ជំនាញ​របស់​អ្នក​ឆ្ពោះ​ទៅ​​កម្រិត​មួយ​ថែម​ទៀត។

រូបតំណាង

៣. ​​មើល​ឃើញ​ការ​ពិបាក​ទៅ​ជា​ងាយ​ស្រួល ​សាក​ល្បង​ធ្វើ​សិន ​កុំ​ប្រញាប់​ហារ​មាត់​បដិសេធ

ក្នុង​ជីវិត​របស់​មនុស្ស​​ដល់​​វ័យ​ធ្វើការ ​ប្រាកដ​ជា​​​ត្រូវ​ប្រឈម​រឿង​២​យ៉ាង ​​មួយ​គឺ​ពិបាក ​មួយ​ទៀត​​​គឺ​ងាយ​ស្រួល។ ​​យ៉ាង​ណា​ក៏​ដោយ ​វា​​អាស្រ័យ​លើ​ផ្នត់​គំនិត​របស់​អ្នក​ទៅ​លើ​រឿង​ដែល​​កើត​ឡើង។ ​អ្នក​នឹង​សាក​ល្បង​ធ្វើ​វា​សិន ​ឬ​ក៏​​សម្រេច​ចិត្ត​ថា​អត់​ដោយ​ដាច់​អហង្ការ។ ពេល​ខ្លះ ​មាន​រឿង​រ៉ាវ​មួយ​ចំនួន​គឺ​មើល​ទៅ​ពិត​ជា​ពិបាក​ណាស់ ​ប៉ុន្តែ​នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ ​វា​បែរ​ជា​ងាយ​ស្រួល​ទៅ​វិញ​ ហើយ​ថែម​ទាំង​ជួយ​ពង្រឹង​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​​អ្នក​បាន​ថែម​ទៀត។

រូបតំណាង

៤. ​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង

កុំ​ខ្លាច​នឹង​បង្ហាញ​អារម្មណ៍​ចំពោះ​ខ្លួន​ឯង មិន​ថា​អ្នក​សម្រេច​ចិត្ត​បែប​ណា​ទេ ​ត្រូវ​តែ​ជឿ​ជាក់​លើ​លទ្ធភាព​ខ្លួន​ឯង ​និង​គោរព​ខ្លួន​ឯង។ នេះ​ជា​ការ​ចាត់​ទុក​ថា ​បាន​ជួយ​បង្កើត​អត្តចរិត​ថ្លៃ​ថ្នូរ​ចំពោះ​ខ្លួន​យើង។ ​គ្មាន​នរ​ណា​អាច​គាំ​ទ្រ​ខ្លួន​យើង​បាន​ខ្លាំង​ជា​ខ្លួន​របស់​អ្នក​ផ្ទាល់​នោះ​ទេ។ ​ម្ល៉ោះ​ហើយ​ត្រូវ​តែ​ប្រាប់​ខ្លួន​ឯង​ថា ​អ្នក​ជា​មនុស្ស​ឆ្លាត ដែល​នេះ​​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំធេង​បំ​ផុត​​ចំពោះ​ខ្លួន​ឯង។​

អានបន្ត៖ អាច​ឆ្លងកាត់​ដំណាក់កាល​លំបាក​ៗបាន ទាល់តែ​មនុស្ស​ម្នាក់ៗ​​ចេះ​គិត​បែបនេះ

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា