ពីនិស្សិតស្រីចំណាកស្រុកម្នាក់ តស៊ូបង្កើត Brand កាបូបខ្លួន រហូតមានការគាំទ្រឡើងកប់ៗ

  • 2018-12-19 08:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើជំនួញមិនមែនចាប់ឡើង គឺដឹងតែជោគជ័យនោះទេ វាតម្រូវឲ្យអ្នកត្រៀមខ្លួនប្រឈមនឹងហានិភ័យផ្សេងៗ ការខាតបង់ និងការបរាជ័យជាច្រើន។ មានអ្នកជំនួញច្រើនដែល បរាជ័យឡើងស្ពឹកមុខ ទម្រាំមានលទ្ធផលជោគជ័យដូចការរំពឹងទុក តែម្ដងនេះ Sabay នឹងលើកយករឿងរ៉ាវរបស់ស្ត្រីខ្មែរម្នាក់ គឺអ្នកនាង សុខ ស៊ីណា ដែលតស៊ូតាំងពីខ្លួនជានិស្សិតស្រីចំណាកស្រុក ក្រលំបាក ត្រូវគេបោកប្រាស់លុយកាក់អស់ពីខ្លួន តែជម្នះរហូតបង្កើតបានយីហោកាបូបថ្មីសន្លាងមួយដោយខ្លួនឈ្មោះ Ana Brand Brands និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ អីចឹង ថ្ងៃនេះ យើងនឹងមកដឹងពីប្រវត្តិកសាងអាជីវកម្មរបស់ស្រ្តីរូបនេះទាំងអស់គ្នា។

១. ការចាប់ផ្ដើមដំបូងទាំងមិនទាន់មានគោលដៅ

រៀបរាប់ជាមួយស្នាមញញឹមតិចៗ អ្នកនាង សុខ ស៊ីណា បានប្រាប់ថា ក្នុងឆ្នាំ ២០០៦ ខ្លួនបានឡើងមកភ្នំពេញដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យដែលមានតម្លៃធូរថ្លៃមួយ។ អ្នកនាង បញ្ជាក់ថា កាលណោះ សាលាតម្រូវឲ្យបង់តែ ១៩០ ដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ ដូច្នេះទើបប្រឹងប្រមែប្រមូលលុយពីនេះពីនោះដើម្បីយកមកបង់។ តែរៀនបានកន្លះឆ្នាំ ខ្លួនក៏ចាប់ផ្ដើមចង់បោះបង់ ត្បិតអីចេះតែយល់ថាការមករស់នៅទីក្រុងម្នាក់ឯងត្រូវចំណាយច្រើន ទាំងថ្លៃទឹកភ្លើង ស្នាក់នៅ ហូបចុក ជាដើម។ នាងបន្តថា៖ "ពេលនោះខ្ញុំក៏ចាបផ្ដើមបែកគំនិតរកការងារធ្វើបណ្ដើររៀនបណ្ដើរ តែការងារណាក៏ប៉ះពាល់ដល់ម៉ោងរៀនសូត្រដែរ ពេលនោះមិនដឹងម៉េច ស្រាប់តែកិតខ្លីឈប់រៀនតែម្ដង"។

ក្រោយពីឈប់រៀន នាងបានដើរស៊ីឈ្នួលធ្វើការឲ្យគេបាន ៣ ឆ្នាំ តែយល់ថាការប្រឹងប្រែងនេះមិនទទួលបានលទ្ធផលល្អប្រសើរ ថែមទាំងគ្មានសល់លុយជាប់ខ្លួនទៀត។ ចៃដន្យល្អ នាងបានប្រទះឃើញគេដាក់ផ្លាកតូបជួលមួយក្នុងផ្សារចាស់ ដូច្នេះក៏សម្រេចចិត្តដេញថ្លៃយក ហើយក៏ដាក់លក់សម្លៀកបំពាក់ និងគ្រឿងអលង្ការកាឡៃមួយចំនួន។

ក្មេងស្រីទើបបោះបង់ការសិក្សានេះបន្តថា ក្នុងឆ្នាំ ២០០៩ អាជីវកម្មលក្ខណៈគ្រួសារនេះមានសន្ទុះល្អ។ “ពេលនោះលក់ដាច់ខ្លាំងណាស់ ខ្ញុំសល់ខ្លះដែរ តែមិនដឹងចៃដន្យអីម្ចាស់តូបក៏មានបញ្ហាសេដ្ឋកិច្ចគ្រួសារ ហើយគាត់ចង់លក់តូប។ កាលណោះខ្ញុំពិបាកចិត្តណាស់ ព្រោះកំពុងតែលក់ដាច់ និងរកបាន។ ពេលនោះ ខ្ញុំក៏សម្រេចចិត្តប្រមូលលុយសេសសល់ លក់គ្រឿងអលង្ការខ្លះ និងខ្ចីលុយធនាគារដើម្បីទិញតូបយកផ្ដាច់តែម្ដង"។

២. ចាញ់បោកមនុស្សគូរឲ្យទុកចិត្ត

អ្នកនាងបន្តថា ក្រោយពីនោះ រកបានកាក់កបដែរ តែដោយលោភលន់ចង់បានចំណូលច្រើនបន្ថែម ខ្លួនក៏សម្រេចចិត្តទៅរកស៊ីចងការប្រាក់ឲ្យគេ។ ហេតុតែជឿលើមិត្តភ័ក្ដិជិតស្និទ្ធ ក៏ធ្វើឲ្យខ្លួនខាតបង់ធំ រហូតត្រូវសម្រេចចិត្តចេញពីផ្ទះទៀត។ "កាលហ្នុង ១ខែ ២ខែ ដំបូងរកលុយស្រួលណាស់។ អីចឹងហើយ ក៏បែកគំនិតធ្វើជាឈ្មួញកណ្ដាល ទៅខ្ចីពីគេ ដើម្បីឲ្យអ្នកចងការខ្ចីបន្តទៀត។ មានឯណា...ខែទី ៣ គេក៏ចាប់ផ្ដើមបោកម្ដងម្នាក់។ ពេលនោះ ខ្ញុំធ្លាក់ថ្លើមក្ដុក ព្រោះលុយក៏អស់ពីខ្លួន ហើយជំពាក់គេជុំទិសទៀត។ ខ្ញុំពិបាកចិត្តខ្លាំងរហូតដេកមិនលក់។ ពេលនោះហើយ ខ្ញុំសម្រេចចេញពីផ្ទះ ចោលគ្រួសារ និងកូនៗ ដើម្បីរកលុយសងគេដោយខ្លួនឯង ព្រោះមិនចង់ឲ្យពួកគេមកលំបាកជាមួយបំណុល និងការខាតបង់ដ៏ធ្ងន់នេះ "។

៣. ការចាប់ផ្ដើម ដោយការបង្កើតថ្មី ក្រោយធ្លាក់ខ្លួនជាស្រ្តីមេម៉ាយ

ក្រោយពីនោះ ស្រ្តីដែលទើបចាញ់បោកលុយគេថ្មីៗរូបនេះក៏សម្រេចចិត្តមកនៅផ្ទះបងស្រី ដែលជាស្រ្តីមេម៉ាយ ដូចគ្នា ដើម្បីរកការងារមួយចំនួនធ្វើ ហើយរំពៃគិតពីរបៀបរកលុយគ្រប់ពេល។ ចៃដន្យអីថ្ងៃមួយ នាងបានប្រទះឃើញតូបលក់កាបូបមួយ ក៏សម្រេចចិត្តចង់ទិញប្រើ។

ឈររើសកាបូបសុខៗ ស្រាប់តែបែកគំនិតចង់បើកកន្លែងលក់កាបូបដែរ តែគិតចុះឡើងគំនិតចង់លក់កាបូបរលាយបាត់វិញ ព្រោះដឹងថាទោះបានលុយទទួលទិញកាបូបដុំ ក៏គ្មានលទ្ធភាពរកកន្លែងដាក់លក់ដែរ។ ជាក់ស្ដែងបទពិសោធន៍ធ្វើជាម្ចាស់អាជីវកម្មដំបូង បានដួលរលំយ៉ាងដំណំទៅហើយ។ ដូច្នេះក៏ទិញតែកាបូបទុកប្រើខ្លួនឯង ហើយត្រលប់មកផ្ទះវិញតែម្ដងទៅ។

ថៅកែវ័យ ៣០ ឆ្នាំរូបនេះបន្ថែមថា ពេលមកដល់ផ្ទះវិញ ខ្លួនក៏នៅមិនសុខ យកដៃគងថ្ងាស សួរខ្លួនឯងថាគួរបន្តយ៉ាងម៉េច? គិតចុះគិតឡើង ក៏យកទូរសព្ទមកចុចមើល Facebook។ មើលចុះឡើងក៏ឃើញគេបង្ហោះឥវ៉ាន់លក់ ក៏គិតថាល្អម្យ៉ាងដែរ ព្រោះមិនចាំបាច់ត្រូវការកន្លែងក៏លក់បាន។ គិតរួច ក៏ស្ទុះទៅយកអាកាបូបដែលទិញហើយថតបង្ហោះ ហើយក៏មានគេ Comment សួរតម្លៃមែន។ ពេលនោះ អ្នកនាងអរខ្លាំងណាស់ ក៏ត្រលប់ទៅកន្លែងលក់កាបូបវិញ ហើយចរចាយកកាបូបគេមកបង្ហោះលក់។ អ្នកលក់ក៏យល់ព្រម ហើយផ្ញើរូបថ្មីៗ មកឲ្យបង្ហោះលក់រាល់ថ្ងៃ។

ទីផ្សារកាន់តែទូលំទូលាយឡើង Facebook ក៏កាន់តែរីកចម្រើន មានកម្មវិធី Live ដែលធ្វើឲ្យអ្នករកអាជីវកម្មអនឡាញដូចខ្លួនមានឱកាសពង្រីកការរកស៊ីបានកាន់តែធំ។ ពេលនោះ អ្នកមេម៉ាយចាយរាងទាំង២ ក៏ចាប់ផ្ដើមបង្កើតPage មួយ និងដាក់ឈ្មោះថា Ana Brand Brands ហើយប្រមូលលុយមកជួលទីតាំងស្អាតៗដើម្បីរៀបចំកន្លែង Live។

"ពេល Live ដំបូងៗអៀនដែរ មិនដឹងនិយាយម៉េចទេ តែចេះតែប្រមូលបងប្អូនស្រីៗមកព្យាយាម Live ហ្នឹងគេហ្នឹងឯងទៅ។ ហើយនៅក្នុងឆ្នាំ ២០១៧ មានគេចាប់ផ្ដើមចូលមើលច្រើនដល់រាប់ពាន់នាក់ ហើយលក់ដាច់ខ្លាំង។ ពេលឃើញមានគាំទ្រអីចឹង ខ្ញុំក៏សម្រេចបង្កើត Brand ផ្ទាល់ខ្លួនតែម្ដងទៅដោយដាក់ឈ្មោះតាម Page ថា Ana Brand Brands និង Brand មួយទៀតគឺ ANADA"។

ម្ចាស់អាជីវកម្មដដែលបញ្ជាក់ថា មូលហេតុដែលផលិតផលរបស់ខ្លួនទទួលការគាំទ្រ មិនមែនដោយសារតែខ្លួនពូកែធ្វើវិធីសាស្ត្រលក់តាមអនឡាញ នេះក៏ព្រោះតែម៉ូដកាបូបរបស់ Ana Brand Brands គឺផលិតឡើងដោយផ្ដោតលើគុណភាពជាធំ និងមានច្រើនជម្រើសសម្រាប់យុវវ័យ និងសម្រាប់មនុស្សចាស់។ ពិសេសមាន Collection ថ្មីៗ បញ្ចេញឡើងជារៀងរាល់ ៣ ខែ។ ឯតម្លៃវិញ គឺត្រឹមតែ ៣០ ដុល្លារ ទៅ ៥០ ដុល្លារ ប៉ុណ្ណោះ ដូច្នេះអ្នកណាក៏អាចមានលទ្ធភាពទិញយកទៅប្រើបានដែរ។

បើចង់ស្គាល់ ពីគុណភាពរបស់ Brand នេះកាន់តែច្បាស់ អាចចូលទៅកាន់ Page ANA Brand Brand ឬអាចទៅមើលផ្ទាល់នៅកម្មវិធី Ladies Fair ដែលរៀបចំឡើងក្នុងថ្ងៃ ២២-២៣ ធ្នូ ២០១៨ នេះ នៅសាលពិព័រណ៍កោះពេជ្រក៏បាន ព្រោះម្ចាស់យីហោប្រាប់ថានឹងមានបញ្ចុះតម្លៃរហូតដល់ ៧០% ឯណោះ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម