ទម្លាប់៥យ៉ាងធ្វើមុនចូលគេងរាល់យប់ ជួយបង្កើនអាយុរស់បានយូរ
- 2020-04-02 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់៥យ៉ាងធ្វើមុនចូលគេងរាល់យប់ ជួយបង្កើនអាយុរស់បានយូរ
ទម្លាប់ប្រចាំថ្ងៃអាចជះឥទ្ធិពលដល់សុខភាពនិងលូតលាស់គ្រប់ផ្នែកនៃរាងកាយ។ ហេតុនេះគួរធ្វើតែទម្លាប់ល្អ ហើយបោះបង់ចោលទម្លាប់អាក្រក់ទាំងឡាយ។ ជាពិសេសមុនពេលចូលគេង បើអ្នកអាចធ្វើរឿងទាំងនេះបានជាប្រចាំ នោះរាងកាយអាចមានសុខភាពល្អ និងបន្ថែមអាយុរំពឹងទុកបានកាន់តែយូរ។
១- សិតសក់មុនចូលគេង (ជួយសម្រួលមុខងារខួរក្បាល)
យោងតាមវិធីព្យាបាលរោគរបស់ជនជាតិចិន ក្បាលឬខួរក្បាលគឺជាផ្នែកដ៏សំខាន់នៃរាងកាយ ឬហៅថាផ្នែកឆ្លាត ដែលមានទំនាក់ទំនងទៅកាន់ផ្នែកផ្សេងទៀត ឬសរសៃឈាមនៅក្នុងរាងកាយ។ គេជឿថា ការសិតសក់មុនពេលចូលគេងអាចជួយសម្រួលដំណើរការខួរក្បាលបានប្រសើរឡើង បន្ទាប់ពីប្រើប្រាស់អស់ពេញមួយថ្ងៃ។ វាប្រៀបដូចជាការម៉ាស្សាស្បែកក្បាល និងប្រព័ន្ធចងចាំរបស់មនុស្សផងដែរ។
ចុចអាន៖ ចង់គេងលក់ស្កប់ស្កល់ ព្រឹកឡើងមុខពេញស្រស់ថ្លា កុំភ្លេច ៤ យ៉ាងនេះលើគ្រែ
២-ដេកបញ្ឈរជើងឡើងលើ (ជួយសម្រកខ្លាញ់កំភួនជើង)
ដេកផ្ទាល់នឹងឥដ្ឋ ឬគ្រែ ដោយខិតគូទឱ្យដល់ជញ្ជាំង ហើយបញ្ឈរជើងទាំងពីរផ្អែកនឹងជញ្ជាំងឱ្យត្រង់។ បន្ទាប់មក កម្រើកជើងទាំងពីរនោះទៅជា ៩០ដឺក្រេ ៤៥ដឺក្រេ និង៣០ដឺក្រេ ដោយក្នុងមួយរង្វាស់ធ្វើឱ្យបាន៣០វិនាទីទៅ១នាទី អាស្រ័យតាមការទ្រាំទ្របាន។ លំហាត់ប្រាណបែបនេះជួយបន្តឹងសាច់ដុំ និងសម្រកខ្លាញ់ជើងបាន។
៣-ម៉ាស្សាពោះ (រំញោចស្បែកពោះ តម្រង់នោម និងបេះដូង)
ការម៉ាស្សានេះជួយកាត់បន្ថយការរាំងស្ទះ សម្រួលការបញ្ចេញកាកសំណល់មកក្រៅរាងកាយ និងកាត់បន្ថយអាការៈអស់កម្លាំងបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ក្រៅពីនេះ វាក៏អាចជួយបញ្ចុះខ្លាញ់ក្បាលពោះ និងធ្វើឱ្យខ្លាញ់ក្នុងរាងកាយដើរបានល្អ ពង្រឹងប្រព័ន្ធរំលាយអាហារទៀតផង។
វិធីសាស្ត្រម៉ាស្សា គឺគេងលើគ្រែ យកដៃមកដាក់លើពោះ។ ឈ្លីដោយប្រើគន្លាក់ម្រាមដៃអូសពីផ្ទៃនៃពោះមករកផ្ចិត តែត្រូវធ្វើក្នុងទិសដៅតែមួយប៉ុណ្ណោះ ហើយធ្វើបញ្ច្រាសចុះឡើង។
ចុចអាន៖ អ្នកដែលល្មោភគេងច្រើន ប្រយ័ត្នជួបគ្រោះថ្នាក់សុខភាពទាំង ៤នេះ
៤-លើកដៃឱ្យត្រង់ ពត់ខ្លួន (ពន្លូតសរសៃពួរ និងបង្កើនអាយុរំពឹងទុកឱ្យបានយូរ
លាតដៃឡើងលើស្របនឹងស្មាគឺជាលំហាត់ប្រាណដ៏ងាយបំផុតសម្រាប់អ្នកគ្មានពេលច្រើន។ វិធីនេះជួយសម្រួលលំហូរឈាមក្នុងរាងកាយ ជួយឱ្យគេងលក់ស្រួលនិងស្កប់ស្កល់ កាត់បន្ថយភាពតានតឹង។ សម្រាប់នារីៗ វាជួយកាត់បន្ថយដំណើរនៃការអស់រដូវ។
វិធីសាស្ត្រគឺអង្គុយឱ្យត្រង់ខ្លួន លើកដៃពត់ឡើងលើឱ្យត្រង់ស្របគ្នា ព្យាយាមស្រូបខ្យល់វែងៗ ហើយបន្ធូរមកវិញយឺតៗ។ ធ្វើបែបនេះឱ្យបានច្រើនដងមុនពេលចូលគេង។
៥-ត្រាំជើងក្នុងទឹកក្ដៅ (សម្រួលចរន្តឈាម)
ជើងគឺជាអវៈយវៈដែលនៅឆ្ងាយពីបេះដូង ដែលពិបាកក្នុងការទទួលអុកស៊ីសែន និងឈាម។ ក្នុងខែត្រជាក់ សរសៃឈាមប្រែទៅជារួម ពិបាកនាំឈាមទៅផ្គត់ផ្គង់រាងកាយបានគ្រប់គ្រាន់។ កាលណាឈាមផ្គត់ផ្គង់ផ្នែកជើងមិនគ្រប់គ្រាន់ វានឹងប៉ះពាល់ដល់ប្រព័ន្ធដំណើរការផ្សេងទៀតដូចជា ថ្លើម និងតម្រង់នោមជាដើម។ ហេតុនេះហើយ ការត្រាំទឹកក្ដៅមុនពេលចូលគេងនឹងជួយឱ្យឈាមរត់បានស្រួល និងរំសាយអារម្មណ៍អស់កម្លាំងបាន៕