កុំប្រហែសឲ្យសោះ! ពេលបើកឡានលេខអូតូ ត្រូវដឹង ៩យ៉ាងមិនគួរធ្វើ ដើម្បីការពារមិនឲ្យឆាប់ខូច
- 2020-02-26 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំប្រហែសឲ្យសោះ! ពេលបើកឡានលេខអូតូ ត្រូវដឹង ៩យ៉ាងមិនគួរធ្វើ ដើម្បីការពារមិនឲ្យឆាប់ខូច
ឡានលេខអូតូគឺជាជម្រើសដ៏ល្អនិងងាយស្រួលសម្រាប់អ្នករៀនបើកដំបូង។ ថ្វីត្បិតតែមិនពិបាកដូចជាឡានលេខដៃ ប៉ុន្តែប្រសិនបើប្រើប្រាស់វា ពុំបានត្រឹមត្រូវតាមក្បួនខ្នាត នោះឡានរបស់អ្នកងាយនឹងឆាប់ខូចនៅផ្នែកណាមួយ ដែលនឹកស្មានមិនដល់។
ដើម្បីអាចការពារទាំងសុខភាពអ្នកនិងរថយន្ត គួរដឹងពីគន្លឹះបើកបរសំខាន់ៗដូចខាងក្រោម៖
១. កុំរុញចង្កឹះលេខចូលអក្សរ D (Drive) ប្រសិនបើឡាននៅមួយកន្លែងក្នុងរយៈពេលយូរ
បើអ្នកដាក់ D ពេលស្ទះចរាចរណ៍នៅមួយកន្លែង ឬត្រូវអង្គុយរង់ចាំក្នុងរយៈពេលយូរ នោះវានឹងបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធស្វ័យប្រវត្ត ដោយសារតែការឡើងកម្តៅខ្លាំងពេក។ ក្នុងករណីនេះដែរ អ្នកអាចពន្លត់ម៉ាស៊ីនឡាន ឬដាក់ P (Park) សិនទើបល្អ។
២. កុំភ្លេចដាក់ប្រាំងដៃ
នេះជាវិធីការពារមួយទៀត ដែលអ្នកមិនគួរភ្លេចនៅពេលចតរថយន្ត ព្រោះសូម្បីតែការធ្វេសប្រហែសបន្តិចបន្តួច ក៏អាចបណ្តាលឲ្យខូចខាតបានដែរ ក្នុងករណីដែលគ្មានប្រាំងដៃជួយទប់។
៣. កុំរុញចង្កឹះលេខចូលអក្សរ N (Neutral ) នៅពេលចុះចំណោត
អ្នកប្រហែលជាគិតថា ធ្វើដូច្នេះអាចជួយសន្សំសំចៃប្រេងសាំង ផ្ទុយទៅវិញវាអាចបង្កគ្រោះថ្នាក់ទៅវិញទេ។ ជាពិសេសអ្នកនឹងពិបាកក្នុងការគ្រប់គ្រងយានយន្ត ថែមទាំងប៉ះពាល់ដល់ម៉ាស៊ីនឡានផងដែរ។
៤. កុំរុញចង្កឹះលេខចូលអក្សរ N (Neutral) នៅពេលស្ទះចរាចរណ៍ ឬក្នុងអំឡុងពេលរង់ចាំភ្លើងស្តុប
ស្ថានភាពចរាចរណ៍នៅក្នុងទីក្រុងតែងតែជាប់កកស្ទះជារឿងធម្មតា។ វាជារឿងគួរឲ្យធុញបំផុត ព្រោះម្នាក់ៗបានខ្ជះខ្ជាយពេលវេលានិងប្រេងសាំងមិនតិចទេ។ យ៉ាងណាមិញ ការដាក់ N ក៏មិនអាចជួយអ្វីបានក្រៅពីប៉ះពាល់ដល់ប្រព័ន្ធស្វ័យប្រវត្ត និងធ្វើឲ្យអ្នកពិបាកនឹងគ្រប់គ្រងរថយន្ត។
៥. កុំរុញចង្កឹះលេខចូលអក្សរ P (Park) មុនឡានឈប់
ឡានមួយចំនួនមិនអនុញ្ញាតឲ្យធ្វើបែបនេះបានទេ ពុំដូច្នោះអ្នកនឹងអាចធ្វើឲ្យគន្លឹះសម្រាប់ទប់លំនឹងឡានខូចខាតមិនខាន។ មុនពេលចត មិនគួរប្រញាប់ប្រញាល់ រុញចង្កឹះលេខចូលអក្សរ P លឿនពេកទេ ប្រសិនបើឡានមិនទាន់ឈប់ស្រួលបួល។
៦. កុំប្រហែសឲ្យភេសជ្ជៈផ្សេងៗចូលក្នុងម៉ាស៊ីន
ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់នូវវត្ថុរាវនានា ព្រោះហ៊ានតែធ្វេសប្រហែស ឲ្យវាកំពប់ចូលទៅក្នុងម៉ាស៊ីន អ្នកអាចនឹងជួបបញ្ហានឹកស្មានមិនដល់ ឬត្រូវផ្លាស់ប្តូរថ្មីក៏ថាបាន។
៧. មិនត្រូវជិះរហូតដល់ជិតអស់សាំង
យ៉ាងហោចណាស់គួរ ទុកបរិមាណសាំងឲ្យនៅជិតពាក់កណ្តាលពេញដែរ។
ហេតុផលទី១៖ កុងទ័រសាំងមិនអាចជាក់លាក់រហូតទេ ពេលខ្លះឡានអាចឈប់មុនពេលដែលអ្នករំពឹងទុកទៅទៀត។
ហេតុផលទី២៖ សាំងនៅក្នុងកម្រិតទាបពេក អាចបណ្តាលឲ្យឡានខូច ជាពិសេសសម្រាប់ឡានលេខអូតូ។
៨. កុំរុញចង្កឹះលេខពីអក្សរ D ចូលទៅទៅអក្សរ R ពេលឡានមិនទាន់ឈប់
មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពមនុស្សប៉ុណ្ណោះទេ ប៉ុន្តែបើអ្នកប្តូរពី D មក R លឿនពេកទាំងដែលឡានមិនទាន់ឈប់ផង វាក៏បង្កផលមិនល្អដល់ប្រព័ន្ធបញ្ជាឡានផងដែរ។
៩. កុំប្រើជើងទាំងសងខាងនៅពេលបើកឡានលេខអូតូ
វិធីល្អបំផុតគឺប្រើជើងតែម្ខាងបានហើយ ក្នុងអំឡុងពេលបើកបរ ព្រោះបើប្រើជើងទាំងសងខាង អ្នកអាចនឹងភាន់ច្រឡំនិងបង្កឲ្យមានគ្រោះថ្នាក់គ្រប់ពេលវេលា។
មិនថាបើកបរនៅក្នុងទីក្រុង ឬទៅផ្លូវឆ្ងាយក៏ដោយ ត្រូវប្រុងប្រយ័ត្នឲ្យបានល្អ ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា៕
ចុចអានបន្ត៖ ពិបាកចិត្តយ៉ាងណា ក៏នៅតែអាចញញឹមពេញមួយថ្ងៃ តាមវិធីទាំងនេះ