តិច​អត់​ដឹង​ទៅ ពេលណា​ត្រូវ​ទម្លាក់​ព្រូន! បើ​មិន​អ៊ីចឹង នឹង​កើត...

  • 2017-11-06 03:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដែល​ទម្លាក់​ព្រូន​ជា​ប្រចាំ​ដែរ​អត់? ដឹង​អត់​ថា ត្រូវ​ទម្លាក់​ព្រូន​ពេល​ណា? ប៉ុន្មាន​ដង​ក្នុង​មួយ​ឆ្នាំ?

ការ​ដើរ​ជើង​ទទេ ញ៉ាំ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ ត្រី សាច់​ដែល​ចម្អិន​មិន​បានល្អ ឬ​មិន​បាន​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​បន្ទាប់ពី​បន្ទោបង់​រួច អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ការ​ឆ្លង​ពង​ព្រូន។

អ៊ីចឹង ពេល​ណា ត្រូវ​ទម្លាក់​ព្រូន?

ប្រភេទ​ព្រូន​មួយ​ចំនួន​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា រួម​មាន ពពួក​ព្រូន​អំបោះ ព្រូន​ខ្សែតី ព្រូន​ម្ជុល ព្រូន​មូល និង​ព្រូន​ទំពក់។ ភាគច្រើន ព្រូន​នៅ​ក្នុង​រាងកាយ​យើង ធ្វើ​ឲ្យ​​ស្ទះ​បំពង់​រំលាយ​អាហារ ឆក់​យក​សារធាតុ​ចិញ្ចឹម​ ហើយ​បញ្ឈប់​ដំណើរ​ការ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​តែ​ម្ដង។

ពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឱ្យ​ប្រើ​ថ្នាំ​ទម្លាក់​ព្រួន ពេល​អ្នក ឬ​កូន​អ្នក មាន​រោគ​សញ្ញា ដូចជា រមាស់ ឬ​រសើប​រន្ធ​គូទ មាន​ព្រូន​ក្នុង​លាមក ក្អក​ញឹកញាប់ ឧស្សាហ៍​ចុក​ពោះ និង​អស់​កម្លាំង។

ការ​មាន​ព្រូន​ក្នុង​ខ្លួន​ច្រើន យូរ​ទៅ​ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ ដូចជា ពោះ​ប៉ោង ឈឺ​ពោះ​ខ្លាំង រាករូស ស្រក​ទម្ងន់ និង​ស្លេកស្លាំង។ ពេទ្យ​នឹង​ប្រាប់​អ្នក​ឲ្យ​លេប​ថ្នាំ​ទម្លាក់​ព្រូន មួយ​គ្រាប់​មួយ​ដង រៀង​រាល់ ៦ ខែ​ម្ដង។ អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ គួរ​ទម្លាក់​ព្រូន​រៀង​រាល់ ៣ ទៅ ៤ ដង​ក្នុង​មួយ​ឆ្នាំ។ ថ្នាំ​ដែល​ពេទ្យ​ចេញ​វេជ្ជបញ្ជា ភាគ​ច្រើន​គឺ mebendazole និង albendazole​។​

ថ្នាំ Mebendazole និង​ថ្នាំ Albendazole

Mebendazole និង Albendazole ជា​ថ្នាំ​ទម្លាក់​ព្រូន ដែល​ស្ថិត​ក្នុង​សែស្រឡាយ Benzimidazole។ ថ្នាំ​ទម្លាក់​ព្រូន​ទាំង​នេះ នឹង​រារាំង​ការ​ស្រូប​យក​ជាតិ​គ្លុយកូស​ក្នុង​ពោះ​វៀន​របស់​ពួក​ព្រូន ដែល​នេះ​ជា​ការ​បំផ្លាញ​ប្រភព​ថាមពល​សម្រាប់​ការ​រស់​រាន​មាន​ជីវិត​របស់​ពពួក​ព្រូន។ Mebendazole ដើរ​តួនាទី​ដោយ​ផ្ទាល់​ក្នុង​ពោះ​វៀន (៩៥% ត្រូវ​បាន​រលាយ និង​បញ្ចេញ​ចោល​តាម​លាមក) ហើយ​ល្អ​បំផុត​ក្នុង​ការ​សម្លាប់​ប៉ារ៉ាស៊ីត​ក្នុង​ពោះ​វៀន។ Mebendazole មាន​សុវត្ថិភាព និង​ផ្តល់​​ផល​ប៉ះពាល់​តិច​តួច​ជាង​ថ្នាំ​ទម្លាក់​ព្រូន​ផ្សេងៗ។

Albendazole ត្រូវ​បាន​ស្រូប​យក​បាន​យ៉ាង​ល្អ​ពី​ពោះ​វៀន​ជាង Mebendazole ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​សេរ៉ូម។ វា​មាន​ប្រូតេអ៊ីន albendazole sulfoxide ដ៏​សកម្ម​ដែល​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​ជាលិកា និង​ពង​ព្រូន។ នេះ​ហើយ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ Albendazole ផ្ដល់​ផល​ប៉ះ​ពាល់​ដល់​រាងកាយ​ច្រើន​ជាង Mebendazole។

ធ្វើ​ម៉េច​កុំ​ឲ្យ​កើត​ព្រូន?

អ្នក​អាច​ការពារ​ពី​ការ​កើត​ព្រូន ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​ងាយៗ ដូចជា កុំ​ដើរ​ជើង​ទទេ​ក្នុង​សួន​ច្បារ ឬ​ដី​មាន​មេរោគ បរិភោគ​អាហារ​ឆ្អិន​ល្អ និង​លាង​ដៃ​ជាមួយ​សាប៊ូ​បន្ទាប់ពី​បន្ទោបង់​រួច។

បើ​ចង់​ទម្លាក់​ព្រូន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន មុន​នឹង​ប្រើ​ថ្នាំ​ទម្លាក់​ព្រូន។ យ៉ាង​ណា​ក៏​ដោយ មិន​គួរ​ប្រើ​ថ្នាំ​ទម្លាក់​ព្រូន​ទេ បើ​អ្នក​កំពុង​មាន​ផ្ទៃពោះ បំបៅ​ដោះ​កូន កំពុង​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ឬ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា និង​មាន​បញ្ហា​ថ្លើម ជា​ដើម។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទ៖ DKSH

អត្ថបទពេញនិយម