រឿង​ឈឺ​ក្បាល​៥​យ៉ាង​មនុស្ស​ស្រី​​នឹង​ត្រូវ​ជួប​​ពេល​​​មាន​កូន​ដំបូង និង​​​វិធី​ដោះ​ស្រាយ​

  • 2017-10-11 06:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​កូន​ដំបូង​គឺ​ជា​រឿង​រីករាយ​បំផុត ប៉ុន្តែ​អ្នក​ម្តាយ​ថ្មីថ្មោង​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​មួយ​ចំនួន។​ ដូច្នេះ​ត្រៀម​ខ្លួន​មុន គឺ​ជា​រឿង​ដ៏ល្អ​ប្រសើរ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដែល​អ្នក​គួរ​តែ​ស្វែង​យល់ និង​រក​វិធី​ដោះ​ស្រាយ​ក្រោយ​ពី​សម្រាល​កូន​រួច​ក្នុង​ពេល​ឆាប់ៗ។

១.ពិបាក​ក្នុង​ការ​បំបៅ​ដោះ​កូន

អ្នក​ប្រហែល​ធ្លាប់​គិត​ថា ការ​បំបៅ​ដោះ​កូន​គឺ​ជា​រឿង​ធម្មជាតិ ពេល​ដែល​ពេល​វេលា​មក​ដល់​វា​នឹង​ចេះ​ដោយឯកឯង ប៉ុន្តែ​ការ​ពិត​ផ្ទុយ​ស្រឡះ​តែ​ម្តង។ វា​ត្រូវ​ការ​ការ​ហ្វឹកហាត់​ខ្លាំង​ និង​រយៈ​ពេល​រាប់​សប្ដាហ៍​ក្នុង​ការ​ផ្ស៊ាំ។ អ្នក​អាច​មាន​សម្ពាធ​ដោយសារ​មនុស្ស​ជុំវិញ បង្ខំ​ឲ្យ​អ្នក​ត្រូវ​តែ​បំបៅ ក្រោម​ហេតុផល​ទឹកដោះ​ម្តាយ​ល្អ​ខ្លាំង​ចំពោះ​ទារក។ សភាព​បែប​នេះ​ពិតជា​មិន​ល្អ​ទេ​សម្រាប់​អ្នក​និងកូន​តូច។

ដំណោះស្រាយ៖​   រក​អ្នក​ស្គាល់​គ្នា​ណា​ម្នាក់​ដែល​មាន​បទពិសោធន៍ មក​មើល និង​បង្ហាញ ណែនាំ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ​ទៅ​បី​ម៉ោង។ អ្នក​អាច​ទទួល​បាន​យោបល់​ល្អៗ​មួយ​ចំនួន។ កំណត់​គោលដៅ ថា​អ្នក​និង​ព្យាយាម​យ៉ាង​ហោច​ណាស់ ឲ្យ​បាន​មួយ​ខែ​ តែ​បើ​សិន​នៅ​តែ​មិន​អាច​ទៅ​រួច​ទៀត​គួរ​តែ​សម្រេច​ប្ដូរ​មក​បំបៅ​ដោយ​ទឹក​ដោះ​គោ​វិញ។

២.ស្អប់​ប្តី​ខ្លួន​ឯង

បន្ទុក​ជា​ម្តាយ ត្រូវ​មើល​ថែ​កូន​តូច បន្ទុក​ជា​ប្រពន្ធ ត្រូវ​មើល​ថែ​ផ្ទះ​សំបែង អារម្មណ៍​ម៉ួម៉ៅ​ដោយ​សារ       អ័រម៉ូន​ប្រែប្រួល​ក្រោយ​សម្រាល​កូន​រួច គិត​ថា​ប្តី​មិន​សូវ​ជួយ​ទុក្ខធុរៈ... សុទ្ធ​តែ​ជា​អ្វី​ដែល​អាច​ឲ្យ​អ្នក​នឹង​មាន​អារម្មណ៍​ចង់​លែងលះ​ញឹកញាប់​ក្នុង​ឆ្នាំ​ដំបូង។

ដំណោះស្រាយ៖​ ស្វាមី​អ្នក​មិនមែន​ទេវតា​ដែល​អាន​ចិត្ត​អ្នក​ដាច់​រហូត​នោះ​ទេ។ បើ​ចង់​ឲ្យ​គាត់​ជួយ​អ្វី ត្រូវ​ប្រាប់ ឬ​ពិភាក្សា បែងចែក​ការងារ​ដែល​គាត់​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​អ្នក​បាន​សម្រាក​ខ្លះ។

៣. មាន​អារម្មណ៍​ធាត់

វា​ជា​រឿង​ទូទៅ​សម្រាប់​មនុស្ស​ស្រី។​ យ៉ាង​ហោចណាស់ វា​ត្រូវ​ការ​រយៈពេល​១​ឆ្នាំ​ដើម្បី​ទទួល​បាន​គីឡូ និង​រូបរាង​ពី​មុន​របស់​អ្នក។​ ត្រគាក​រីក​ធំ សក់​ជ្រុះ ស្បែក​ឡើង​សរសៃ ពិត​ជា​គួរ​ឲ្យ​ខ្លាច។

ដំណោះស្រាយ៖​ ត្រូវ​គិត​ថា បើ​អ្នក​មិន​ឡើង​គីឡូ ធ្វើ​ម៉េច​មាន​ទឹកដោះ​ឲ្យ​កូន​បៅ។ ព្យាយាម​ហាត់ប្រាណ ដោយ​ការ​ប្រលែង​លេង​នឹង​កូន។ បន្ថែម​ភាព​ផ្អែមល្ហែម​ជាមួយ​ប្តី ពេល​ខ្លះ​គាត់​ប្រហែល​មិន​ចាប់អារម្មណ៍​ចំពោះ​ស្នាម​សង្វារ ឬ​ក៏​គីឡូ​របស់​អ្នក​ឡើយ។

៤. មិន​ដឹង​ថា​គួរ​ចាប់​ផ្ដើម​ការងារ​វិញ​ឬ​អត់

ភាព​ប្រទាញ​ប្រទង់​ចាប់​ផ្ដើម​កើត​ឡើង បើ​សិន​ជា​សម្រេច​ចិត្ត​នៅ​ផ្ទះ​មើល​ថែ​កូន មាន​អារម្មណ៍​ថា​ឯកោ នឹក​ការងារ និង​មិត្ត ភក្តិ​ តែ​បើ​សម្រេច​ចិត្ត​ថា​ចូល​ធ្វើការ មាន​អារម្មណ៍​ថា​ខុស​ចំពោះ​កូន ដែល​មិន​បាន​មើល​ថែ​ផ្ទាល់​ដៃ ពេល​កូន​នៅ​តូច។

ដំណោះស្រាយ៖​ សួរ​យោបល់​អ្នក​ដែល​មាន​បញ្ហា​ដូច​អ្នក។ តែ​បើ​អ្នក​សម្រេច​ចិត្ត​យក​មួយ​ណា​ គួរ​តែ​សាក​ឲ្យ​បាន​យ៉ាង​ហោច​មួយ​ឆ្នាំ។ រក​ការងារ​ក្រៅ​ម៉ោង ដែល​អាច​ឲ្យ​អ្នក​នៅ​ជាមួយ​កូន​បាន​ច្រើន​ និង​មិន​ភ្លេច​ការងារ។

៥.អ្នក​គិត​ថា​អ្នក​ត្រូវ​តែ​ជា​ម្តាយ​ល្អ​គ្រប់​ដប់

អ្នក​ចង់​ឲ្យ​កូន និង​គ្រួសារ​អ្នក​ទទួល​បាន​ភាព​ឥត​ខ្ចោះ គ្មាន​សម្រែក​កូន​យំ ផ្ទះ​តែង​តែ​មាន​របៀប​រៀបរយ។ បើ​ដូច្នោះ​មែន​អ្នក​នឹង​ឆ្កួត​មិន​ខាន។ ត្រូវ​លុប​គំនិត​នេះ​ចោល ហើយ​ទទួល​ស្គាល់​ថា​អ្នក​អាច​ធ្វេស​ប្រហែស កូន​អាច​ត្រូវ​របួស​តិចតួច ព្រោះ​គេ​រពឹស​ពេក។ ផ្ទះ​អាច​រញ៉េរញ៉ៃ ព្រោះ​អ្នក​ត្រូវការ​សម្រាក​ខ្លះ។

ដំណោះស្រាយ៖​​ ទុក​កូន​ចោល​ក្នុង​រទេះ​ឈរ​មួយ​រយៈ យក​ពេល​ញ៉ាំ​បាយ ងូតទឹក សម្រាក​ដក​ដង្ហើម មិន​មែន​ជា​រឿង​ដែល​ត្រូវ​មាន​ទោស​នោះ​ទេ។ កុំ​ខ្វល់​សំដី​ដែល​អ្នក​ជុំវិញ​ខ្លួន តែងតែ​ទូន្មាន​ថា គួរ​តែ​ធ្វើ​បែប​នេះ បែប​នោះ ឫ​ក៍​មិន​គួរ​ធ្វើ​បែប​នេះ​បែប​នោះ។ យ៉ាងណា គួរ​តែ​អរគុណ​ពួក​គេ ហើយ​បន្ត​ធ្វើអ្វី​ដែល​អ្នក​គិត​ថា​ត្រូវ ៕ ​           

ប្រភព៖ parents ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម