ម្ដាយ​ខំ​ចិញ្ចឹម​កូន​ម្នាក់​​ឯង​៥​ឆ្នាំ ចុង​ក្រោយ​កូន​ជ្រើស​យក​ឪពុក ព្រោះ​មូលហេតុ​ក្ដុកក្ដួល​បំផុត

  • 2017-09-26 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ទីក្រុង គេ​បាន​និយាយ​ប្រាប់​នាង​ថា៖

“បង​ទៅ​មិន​យូរ​ទេ អូន​នៅ​ផ្ទះ​មើល​ថែ​កូន​ឲ្យ​ល្អ បង​នឹង​ផ្ញើ​លុយ​ឲ្យ”

នាង​ឱប​ប្ដី​យ៉ាង​ណែន

“មើល​ថែ​ខ្លួន​ផង​ណា​បង”

នាង​នាំ​កូន​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​នៅ​ស្រុក។

អ្នក​ជិត​ខាង​​គ្រប់​គ្នា​នាំ​គ្នា​ខ្សឹបខ្សៀវ​ថា​នាង​ត្រូវ​ប្ដី​បោះបង់​ចោល​ហើយ ប៉ុន្តែ​នាង​នៅ​​តែ​​​បញ្ជាក់​ថា​ប្ដី​របស់​នាង​គ្រាន់​តែ​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ប៉ុណ្ណោះ ដើម្បី​ឲ្យ​នាង​និង​កូន​បាន​​ហូប​ស្រួល រស់​នៅ​ស្រួល។

ប្ដី​របស់​នាង​តែង​ទូរសព្ទ​មក​លេង​នាង​​មិន​លស់​ថ្ងៃ ហើយ​ពេល​ដាច់​ខែ គេ​ក៏​ផ្ញើរ​ប្រាក់​ឲ្យ​នាង​និង​កូន​បាន​ចាយវាយ។ នាង​តែង​រង់​ចាំ​ថ្ងៃ​ដែល​ប្ដី​នឹង​ត្រលប់​មក​វិញ។  

កន្លង​ផុត​មួយ​ឆ្នាំ​ហើយ ដែល​ប្ដី​របស់​នាង​មិន​បាន​​ទូរសព្ទ​មក ហើយ​ក៏​បាន​ផ្ញើរ​លុយ​ឲ្យ​នាង​ដែរ។ នាង​មាន​អារម្មណ៍​ភ័យ​ព្រួយ​ក្នុង​ចិត្ត មិន​ដឹង​ថា​ប្ដី​របស់​ខ្លួន​មាន​រឿង​អ្វី​ឬ​ក៏​អត់ ទើប​មិន​បាន​ទាក់ទង​មក​គ្នា​​យូរ​ដល់​ថ្នាក់​នេះ។

នាង​ព្យាយាម​ស៊ើប​សួរ​ពី​ដំណឹង​ប្ដី តែ​បែរ​ជា​គ្មាន​សញ្ញា​អ្វី​ទាល់​តែ​សោះ។

ក្រោយ​ស្វាមី​លែង​ផ្ញើ​ប្រាក់​ ​នាង​ក៏​សម្រេច​ចិត្ត​យក​លុយ​ដែល​នៅ​សល់​ខ្លះ​ទៅ​ជួល​តូប​លក់​ផ្លែ​ឈើ​ក្នុង​ផ្សារ។

នាង​តែង​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ហើយ​យប់​ងងឹត​ទើប​​ចូល​ផ្ទះ​វិញ​។ នាង​ខំ​តស៊ូ​បែប​នេះ​រហូត ដើម្បី​ចិញ្ចឹម​ក្រពះ​​កូន ឪពុក​ម្ដាយ​ចាស់ និង​ខ្លួន​ឯង។

៥​ឆ្នាំ​កន្លង​ផុត​ទៅ

នៅ​សុខ​ៗ ស្វាមី​របស់​នាង​ក៏​បង្ហាញ​ខ្លួន​ឡើង​ព្រម​ជាមួយ​រថយន្ត​ដ៏​ទំនើប។

នាង​សប្បាយ​ចិត្ត​ជា​ខ្លាំង ដែល​ស្វាមី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​មាន​ជីវិត​រស់​នៅ​ល្អ​ប្រសើរ​ដូច​ដើម។ គេ​មិន​បាន​មាន​រឿង​អ្វី​ដូច​ដែល​នាង​គិត​នោះ​ឡើយ។

អ្នក​ជិត​ខាង​របស់​នាង​ក៏​ជួយ​ត្រេក​អរ ព្រោះ​គិត​ថា​នាង​និង​កូន​នឹង​ផុត​ទុក្ខ​ផុត​លំបាក​ទៀត​ហើយ​ចាប់​ពី​ពេល​នេះ។ នាង​ខ្លួន​ឯង​ក៏​គិត​បែប​នេះ​ដូច​គ្នា។

នៅ​យប់​នោះ ផ្ទៃ​មេឃ​ពោរពេញ​ទៅ​ដោយ​ពន្លឺ​ផ្កាយ ប៉ុន្តែ​ក្នុង​បេះដូង​នាង​បែរ​ជា​ហាក់​ដូច​មាន​ព្យុះភ្លៀង​កំពុង​ធ្លាក់​មក​ទៅ​វិញ។

“បង​មក​លើក​នេះ​ព្រោះ​ចង់​លែងលះ​គ្នា​ជាមួយ​អូន!” ផុត​សម្ដី​របស់​ប្ដី នាង​ស្ទើរ​តែ​សន្លប់​ទាំង​ជំហរ។

“បង​លលេង​ជាមួយ​ខ្ញុំ​មែន​ទេ?” នាង​ចាប់​ដៃ​ប្ដី​ណែន និង​និយាយ​ទាំង​ញ័រ​មាត់។   “បង​និយាយ​ការ​ពិត បង​ឈប់​ស្រឡាញ់​អូន​យូរ​ហើយ” គេ​ពោល​បញ្ជាក់។

“បង​ឈប់​ស្រឡាញ់​ខ្ញុំ​យូរ​ហើយ ចុះ​បង​​ឲ្យ​ខ្ញុំ​រង់​ចាំ​ធ្វើ​អី? ខ្ញុំ​មិន​ដែល​ឈប់​ស្រឡាញ់​បង​ទេ ខ្ញុំ​តែង​រង់​ចាំ​តែ​ថ្ងៃ​បង​ត្រលប់​មក​វិញ ហេតុ​អ្វី​ក៏​យើង​ត្រូវ​បែក​គ្នា​ទៅ​វិញ?” នាង​ស្រក់​ទឹក​ភ្នែក​ម៉ាត់​ៗ​ ព្រោះ​ទប់​អារម្មណ៍​លែង​បាន។  

ការ​ពិត ប្ដី​របស់​នាង​បាន​ធ្វើ​ការ រក​ស៊ី​រហូត​មាន​មាស​មាន​ប្រាក់ និង​រៀបការ​ថ្មី​ជាមួយ​នារី​ស្រស់​ស្អាត​ម្នាក់។ គេ​ត្រលប់​មក​លើក​នេះ​ដើម្បី​សុំ​នាង​លែងលះ ឲ្យ​ដាច់​ស្រេច និង​សន្យា​ផ្ដល់​ប្រាក់​មួយ​ចំនួន​ឲ្យ​នាង​ចាប់​ផ្ដើម​ជីវិត​ជា​ថ្មី។

នាង​ឃើញ​ទឹក​មុខ និង​សម្ដី​ប្ដី នៅ​ទី​បំផុត ក៏​បាន​ដឹង​ថា​ប្ដី​នាង​បាន​ផ្លាស់​ប្ដូរ​ពិត​ហើយ។

“បើ​បង​ត្រូវ​ការ​លែង​គ្នា​ជាមួយ​ខ្ញុំ​ពិត​មែន ខ្ញុំ​ក៏​គ្មាន​ជម្រើស​អី​ផ្សេង​ដែរ ប៉ុន្តែ​កូន វា​ទើប​មាន​អាយុ ១០ឆ្នាំ ខ្ញុំ​មិន​ចង់​ឲ្យ​វា​ត្រូវ​ខូច​ចិត្ត​ទេ”។  

“រឿង​នេះ​ស្រេច​ទៅ​លើ​កូន​ទៅ​ចុះ សួរ​គេ​ទៅ​ថា​គេ​ចង់​នៅ​ជាមួយ​អ្នក​ណា” ប្ដី​បញ្ជាក់។

ការ​ពិត​ប្ដី​របស់​នាង​ក៏​​ចង់​បាន​កូន​ប្រុស​ទៅ​ជាមួយ​ដែរ ព្រោះ​​ប្រពន្ធ​ថ្មី​របស់​គេ​នៅ​ក្មេង មិន​ទាន់​ចង់​ពពោះ​មាន​កូន​ទេ។ ចំណែក​នាង នាង​ជឿជាក់​ថា​ទោះ​យ៉ាង​ណា​ក៏​កូន​ត្រូវ​រើស​យក​នាង ព្រោះ​​នាង​និង​កូន​បាន​រួម​សុខ​រួម​ទុក្ខ​លំបាកលំបិន​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ ហើយ​គេ​ក៏​មិន​ដែល​ឃ្លាត​ឆ្ងាយ​ពី​នាង​ម្ដង​ណា​ដែរ។ នាង​ដឹង​ថា​កូន​ស្និទ្ធស្នាល​ជាមួយ​នាង​ខ្លាំង​ណាស់។

រូបតំណាង

នៅ​ថ្ងៃ​លែងលះ

អាជ្ញាធរ​ក៏​បាន​សួរ​ទៅ​កូន​ប្រុស​ថា​ នឹង​ជ្រើសរើស​នៅ​ជាមួយ​អ្នក​ណា?

“ខ្ញុំ​នឹង​ទៅ​នៅ​ជាមួយ​ប៉ា!”

ពេល​នេះ​នាង​មាន​អារម្មណ៍​ថា​មេឃ​ទាំង​មូល​កំពុង​បាក់​សង្កត់​មក​លើ​នាង​ម្ដង​ទៀត។

“ម៉េច​បាន​កូន​និយាយ​អីចឹង កូន​មិន​ស្រឡាញ់​ម៉ាក់​ទេ​ហ្អ?” នាង​ចូល​ទៅ​ឱប​កូន​ប្រុស​ណែន ទាំង​អស់​សង្ឃឹម ខូច​ចិត្ត និង​តក់​ស្លុត​ចំពោះ​អ្វី​ដែល​បាន​ឮ។

“ម៉េច​បាន​​អូន​ឯង​ចង់​ទៅ​នៅ​ជាមួយ​ប៉ា?” អាជ្ញាធរ​សួរ​ទៅ​កូន​​ប្រុស។

“ព្រោះ​ប៉ា​ជា​អ្នកមាន ប៉ា​ខ្ញុំ​មាន​លុយ ប៉ា​ចូលចិត្ត​ទិញ​របស់​លេង​ថ្មី​ៗ​ឲ្យ​ខ្ញុំ” កូន​ប្រុស​និយាយ​តាម​ការ​គិត​របស់​ខ្លួន​ឯង។ ពិត​ហើយ នៅ​ពេល​នេះ​ប្ដី​របស់​នាង​មាន​លុយ​ច្រើន ហើយ​ជា​ច្រើន​ថ្ងៃ​មក​នេះ គេ​ក៏​បាន​ប្រើ​លុយ​ទិញ​សំលៀកបំពាក់ និង​របស់​លេង​ថ្មី​ៗ​ឲ្យ​កូន​ប្រុស​របស់​ពួក​គេ​មក​រហូត ហើយ​កូន​ប្រុស​របស់​គេ​មើល​ទៅ​ក៏​ហាក់​ដូច​ជា​ចូលចិត្ត​ឪពុក​របស់​គេ​ជាង​ម្ដាយ​ដែរ។  

តាំង​ពី​រស់​នៅ​ជាមួយ​គ្នា​មក នាង​មិន​ដែល​តាម​ចិត្ត​កូន​ទេ នាង​មិន​ដែល​ទិញ​របស់​លេង​ថ្លៃ​ៗ​ឲ្យ​កូន នាង​មិន​ដែល​​ផ្ដល់​លុយ​ឲ្យ​កូន​បាន​ចាយ​វាយ​តាម​ចិត្ត​នោះ​ទេ។ នាង​តែង​បង្រៀន​កូន​ឲ្យ​ចេះ​សន្សំ​សំចៃ​ព្រោះ​គ្រួសារ​របស់​ពួក​គេ​មន​ឋានៈ​ក្រីក្រ ដូច្នេះ​ត្រូវ​ចេះ​ថែ​ទាំ​ថ្នាក់​ថ្នម​របស់​ប្រើប្រាស់​គ្រប់​យ៉ាង។ ពេល​ណា​កូន​ធ្វើ​ខុស នាង​​ក៏​ធ្លាប់​ជេរ​ស្ដី និង​វាយ​កូន​ជា​ច្រើន​ដង។

មើល​ទៅ​កូន​ប្រុស​ប្រហែល​ជា​មាន​ចិត្ត​ស្អប់​នាង​យូរ​ហើយ ទើប​ជ្រើសរើស​ទៅ​រស់​នៅ​ឪពុក​គេ​ដែល​ពេល​នេះ​មាន​គ្រប់​​យ៉ាង​ទាំង​អស់។

“ហេតុ​អី​កូន​មិន​នៅ​ជាមួយ​ម៉ាក់ ចាប់​ពី​ថ្ងៃ​នេះ​ទៅ កូន​ចង់​បាន​អី​ចាំ​ម៉ាក់​​ទិញ​ឲ្យ អាវ​ថ្មី ខោ​ថ្មី ស្បែក​ជើង​ថ្មី របស់​លេង​ថ្មី​ៗ នៅ​ជាមួយ​ម៉ាក់​​ទៅ​ណា​កូន​ណា” នាង​យំ​រៀបរាប់​ប្រាប់​កូន​ប្រុស។

“ទេ! អូន​អត់​ស្រឡាញ់​ម៉ាក់​ទេ អូន​ចង់​ទៅ​នៅ​ជាមួយ​ប៉ា!”  

ប្ដី​របស់​នាង​លួច​ញញឹម​យ៉ាង​សប្បាយ​ចិត្ត។ មើល​ទៅ​មិន​អត់​ប្រយោជន៍​ទេ​ដែល​ពីរ​បី​ថ្ងៃ​មក​នេះ​គេ​តាម​យក​ចិត្ត​កូន​ និង​កសាង​ភាព​ស្និទ្ធស្នាល​ជាមួយ​កូន។  

“អស់​ហើយ បេះដូង​ម៉ាក់​រលាយ​អស់​ហើយ ហេតុ​អ្វី​កូន​ធ្វើ​ដាក់​ម៉ាក់​បែប​នេះ?” នាង​លើក​ដៃ​ខ្ទប់​មុខ​យំ​ កណ្ដាល​ចំណោម​មនុស្ស​គ្រប់​គ្នា។  

នៅ​ថ្ងៃ​ដែល​អតីត​ស្វាមី​នាំ​កូន​ឡើង​ឡាន​ចេញ​ពី​ផ្ទះ​នាង នាង​បាន​ទិញ​នំ​ និង​របស់​លេង​ឲ្យ​កូន​ប្រុស​ជា​ទី​ស្រឡាញ់ តែ​កូន​ប្រុស​ក៏​បាន​បោះ​នំ​និង​របស់​លេង​ទាំង​នោះ​ចោល​លើ​ដី និង​ប្រាប់​ឲ្យ​ឪពុក​គេ​បើក​ឡាន​ចេញ​ឲ្យ​លឿន​ៗ។

នាង​បាន​ត្រឹម​តែ​សម្លឹង​មើល​របស់​លេង​ និង​នំ​ចំណី​លើ​ដី ហើយ​ស្រក់​ទឹក​ភ្នែក​ខូច​ចិត្ត​នឹង​ទង្វើ​របស់​កូន។

នាង​នៅ​តែ​ចេញ​ទៅ​លក់​ផ្លែ​ឈើ​ដូច​មុន ប៉ុន្តែ​លក់​លែង​ដាច់​ដូច​មុន​ទៀត​ហើយ ព្រោះ​ម្ចាស់​តូប​លែង​មាន​ចិត្ត លែង​មាន​អារម្មណ៍​នឹង​ការ​លក់ ដោយ​សារ​នឹក​ដល់​កូន​ខ្លាំង​ពេក។

នាង​ចេះ​តែ​គិត ពេល​នេះ​តើ​កូន​សុខ​សប្បាយ​យ៉ាង​ម៉េច​ខ្លះ​ហើយ? ញ៉ាំ​បាន​ឆ្អែត​គេង​បាន​ស្រួល​​ទេ? ម្ដាយ​ចុង​មាន​ធ្វើ​បាប​កូន​របស់​នាង​ឬ​ទេ?

រូបតំណាង

ជា​ច្រើន​លើក​នាង​សម្រេច​ចិត្ត​ទិញ​សំបុត្រ​រថភ្លើង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទីក្រុង ប៉ុន្តែ​ទី​បំផុត​ក៏​មិន​បាន​សម្រេច​សូម្បី​មួយ​លើក។ នាង​មិន​ដឹង​ថា​ត្រូវ​ចាប់ផ្ដើម​ពី​ត្រង់​ណា ព្រោះ​ទីក្រុង​ធំ​ទូលាយ ហើយ​ក៏​មិន​ដឹង​ថា​អតីត​ប្ដី​របស់​នាង​នៅ​កន្លែង​ណា ហើយ​រក​ស៊ី​អ្វី។

រហូត​មក​ដល់​ថ្ងៃ​មួយ នាង​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​មាន​សែក​​​​ប្រាក់​ចំនួន ១០០ដុល្លារ ដែល​ត្រូវ​បាន​គេ​ផ្ញើ​មក​ពី​ទីក្រុង។ នៅ​ក្នុង​សំបុត្រ​មួយ​ច្បាប់​នោះ​មាន​សារ​ខ្លី​ៗ​សរសេរ​ថា

“ខ្ញុំ​ស្រឡាញ់​អ្នក”

“អ្នក​ណា​ផ្ញើ​លុយ​មក​ឲ្យ​ខ្ញុំ ឬ​មាន​គេ​ផ្ញើ​មក​ច្រឡំ​ផ្ទះ?”

នាង​មាន​អារម្មណ៍​ចម្លែក​ចិត្ត មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ផ្ញើ​មក ហើយ​ក៏​មិន​ហ៊ាន​យក​សែក​ទៅ​ប្ដូរ​យក​លុយ​នៅ​ធនាគារ ព្រោះ​ខ្លាច​ថា​ជា​ការ​ផ្ញើ​ច្រឡំ បើ​ម្ចាស់​គេ​ដឹង​ នាង​នឹង​មាន​រឿង។

មួយ​ខែ​ក្រោយ​មក នាង​ក៏​បាន​ទទួល​សែក​ប្រាក់​ចំនួន ១០០ដុល្លារ​ដូច​មុន។ នាង​គិត​ក្នុង​ចិត្ត​ថា​ប្រាកដ​ជា​មាន​នរណា​ម្នាក់​លួច​ជួយ​នាង។

ចាប់​ពី​ពេល​នោះ​មក រៀងរាល់​ដើម​ខែ នាង​តែង​ទទួល​បាន​ប្រាក់ និង​សារ​ខ្លី​ៗ​ថា “ខ្ញុំ​ស្រឡាញ់​អ្នក”។

នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ នាង​ក៏​ទទួល​បាន​សំបុត្រ​មួយ​ច្បាប់ ដោយ​អត្ថន័យ​ខាង​ក្នុង​សរសេរ​ថា៖

“មក​ដល់​អ្នក​ម៉ាក់​ជា​ទី​ស្រឡាញ់

ម៉ាក់​សុខ​សប្បាយ​ទេ កូន​ដឹង​ថា​ម៉ាក់​ស្រឡាញ់​កូន​ណាស់។ កូន​ចាក​ចេញ​មក​ទុក​ឲ្យ​ម៉ាក់​នៅ​តែ​ម្នាក់​ឯង ម៉ាក់​ប្រហែល​ជា​មិន​ទម្លាប់ ប្រហែល​ជា​នឹក​ដល់​កូន​ណាស់​មែន​ទេ?

ម៉ាក់​ ការ​ពិត​កូន​ស្រឡាញ់​ម៉ាក់​ខ្លាំង​ណាស់ កូន​ក៏​មិន​ទម្លាប់​ដូច​គ្នា កូន​នឹក​ម៉ាក់​ណាស់ ម៉ាក់​ដឹង​ទេ?

ម៉ាក់ កូន​ដឹង​ថា​ម៉ាក់​ខូច​ចិត្ត​​ប៉ុណ្ណា​ដែល​កូន​រើស​មក​នៅ​ជាមួយ​ប៉ា តែ​ម៉ាក់​ដឹង​ទេ​ហេតុ​អ្វី​កូន​ជ្រើសរើស​បែប​នេះ? កូន​មិន​ចង់​ឲ្យ​ម៉ាក់​លំបាក​ទេ កូន​នៅ​ជាមួយ​ប៉ា កូន​អាច​សុំ​លុយ​ពី​ប៉ា​បាន ហើយ​កូន​ក៏​ផ្ញើ​មក​ឲ្យ​ម៉ាក់ ម៉ាក់​​នឹង​​មិន​បាច់​ងើប​ពី​យប់​ទៅ​លក់​ផ្លែ​ឈើ​ត​ទៅ​ទៀត

ម៉ាក់ សូម​ម៉ាក់​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ម៉ាក់​មិន​ចាំបាច់​បារម្ភ​ពី​កូន​ទេ ថ្ងៃ​ណា​មួយ​កូន​នឹង​ត្រលប់​ទៅ​លេង​ម៉ាក់

ម៉ាក់ ម៉ាក់​គឺ​ជា​ម៉ាក់​ល្អ​បំផុត​សម្រាប់​កូន កូន​គ្មាន​ផ្លូវ​ចោល​ម៉ាក់​ដាច់​ខាត ម៉ាក់​ចាំ​កូន​បន្តិច​ទៅ​ណា ចាំ​កូន​ធំ​ជាង​នេះ​កូន​នឹង​នាំ​ម៉ាក់​មក​នៅ​ជាមួយ​កូន ហើយ​យើង​នឹង​រស់​នៅ​ជាមួយ​គ្នា​ដោយ​មាន​ក្ដី​សុខ

កូន​ស្រឡាញ់​ម៉ាក់”   នាង​យំ​ឱប​សំបុត្រ​របស់​កូន​ណែន​​ជាប់​នឹង​ដើម​ទ្រូង។

នាង​ទើប​តែ​យល់​ថា​ហេតុ​អ្វី​កូន​​ធ្វើ​ដាក់​នាង​បែប​នេះ​នៅ​ថ្ងៃ​នោះ។

ការ​ពិត​កូន​ប្រុស​នាង​មិន​ដែល​គិត​បោះបង់​នាង ឬ​ស្អប់​នាង​ឡើយ​សូម្បី​តែ​ម្ដង។

នាង​ទើប​តែ​យល់​​មូលហេតុ​ដែល​កូន​ប្រុស​ចាកចេញ​ពី​នាង​ទៅ គឺ​ដើម្បី​បាន​រស់​នៅ​ជាមួយ​នាង​ម្ដង​ទៀត​ទៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​ឯង ៕

ប្រភព៖ CaptainGames ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម