ស្រលាញ់​គ្នា​បែប​ណា កុំឲ្យ​អ្នក​នៅ​ក្បែរ​ខ្លួន​ឈឺចាប់?

  • 2017-09-23 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូស្នេហ៍​មួយ​ចំនួនពេល​ស្រលាញ់​គ្នា បាន​ធ្វើឲ្យ​អ្នក​ដែល​នៅ​ជិត​ខ្លួន​ដូចជា​ម្ដាយ​ឪពុក បងប្អូន សាច់ញាតិ រួម​ទាំង​មិត្តភ័ក្ដិ ត្រូវ​ឈឺចាប់។ ចំណែក​មូលហេតុ​មក​ពី​កត្តា​ច្រើន​យ៉ាង​ណាស់ តែ កញ្ញា សូម​បង្ហាញ​តែ​ពី​វិធី​ធ្វើឲ្យ​ស្នេហា មិន​បង្ក​ឲ្យ​អ្នក​ក្បែរ​ខ្លួន​ឈឺចាប់​បាន​ហើយ៖

១.កុំ​ស្រលាញ់​គ្នា​ងប់ងុល​ហួសហេតុ​ពេក

ឲ្យតែ​មាន​ពេក​ថា «ពេក» គឺ​មិន​ល្អ​ឡើយ ហើយ​កាលណា​គូស្នេហ៍​ស្រលាញ់​គ្នា​ដល់​ថ្នាក់​នេះ រហូត​លែង​ស្គាល់​គ្រួសារ​មិត្តភ័ក្ដិ នោះ​ច្បាស់​ជា​អ្នក​ក្បែរ​ខ្លួន​ខូច​ចិត្ត​មិន​ខាន។ ព្រោះ​គេ​អាច​នឹង​គិតគូរ​ពី​សង្សារ​ច្រើន​ជាង។

២.បែងចែក​ពេលវេលា​ច្បាស់លាស់

ត្រូវ​ចាំ​ថា បើ​ចង់​ឲ្យ​ស្នេហា​ទៅ​មុខ​ដោយ​រលូន គួរ​ចេះ​បែងចែក​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​រវាង​គ្រួសារ មិត្តភ័ក្ដិ ​សង្សារ និង​ពេល​វេលា​ផ្ទាល់​ខ្លួន​ផង។ ព្រោះ​កុំឲ្យ​ម្ខាង​ណា​តូច​ចិត្ត​តូច​ថ្លើម​អី ហើយ​ការ​ទុក​ពេល​ផ្ទាល់​ខ្លួន គឺ​ដើម្បី​ធ្វើ​រឿង​ដែល​ខ្លួន​ចង់​ធ្វើ ដោយ​មិន​ចាំបាច់​ប្រាប់​អ្នក​ដទៃ។

៣.របស់​ក៏​ត្រូវ​បែងចែក​ឲ្យ​ស្មើគ្នា​ដែរ

មិនមែន​តែ​ពេលវេលា​ទេ​ដែល​ត្រូវ​បែងចែក​នោះ ចំណែក​កាដូ ឬ​របស់របរ​ទិញ​ជូន​មនុស្ស​ជុំវិញ​ខ្លួន រួម​ទាំង​សង្សារ​នៅ​ថ្ងៃ​ពិសេស​ក៏​ត្រូវ​ឲ្យ​មាន​គ្រប់​គ្នា​ដែរ តែ​បើ​មិន​ស្មើ​ក៏​ត្រូវ​ប្រហាក់ប្រហែល​គ្នា​ដែរ។ ព្រោះ​មិន​ធ្វើឲ្យ​នរណា​ម្នាក់​អន់​ជាង​គ្នា រវាង​មនុស្ស​ដែល​អ្នក​ស្រលាញ់​ទាំងអស់។

៤.ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​នោះ​ជា​ស្នេហា មិនមែន​តណ្ហា

មនុស្ស​មួយ​ចំនួន​មិន​ទាន់​ចេះ​បែងចែក​ថា​ខ្លួន​លង់​ស្រលាញ់​នរណា​ម្នាក់​ដោយសារ​ស្នេហា ឬ​ក៏​ជា​ចំណង់​ផ្លូវ​ភេទ​ឡើយ។ ដូចនេះ​គួរ​ប្រាកដ​រឿង​ពីរ​យ៉ាង​ក្នុង​ចិត្ត​នេះ​ឲ្យ​ច្បាស់ ទើប​អ្នក​នៅ​ជិត​ខ្លួន​ក៏​មាន​ក្ដី​សុខ​ជាមួយ។

៥.ស្វែង​រក​ឲ្យ​ឃើញ​ស្នេហា​ពិត​មួយ​នឹង​មួយ

មិន​គួរ​ធ្វើ​ខ្លួន​សាវា​មាន​ស្នេហា​ច្រើន​រាប់​មិន​អស់​នោះ​ទេ ព្រោះ​បែប​នេះ​គ្មាន​អ្នក​នៅ​ក្បែរ​ខ្លួន​រីករាយ​នឹង​ឃើញ​អ្នក​ជា​មនុស្ស​មិន​ប្រាកដប្រជា​ឡើយ។ តែ​បើ​អ្នក​មាន​ស្នេហា​ស្មោះ​មួយ​នឹង​មួយ ហើយ​គ្មាន​រឿង​អាស្រូវ​ទៀត​នោះ នរណា​ក៏​ត្រេកអរ​ដែរ៕

ចុចអាន៖ទោះស្រឡាញ់គ្នាយូរប៉ុនណាក៏ដោយ តែកុំផ្តេកផ្តួលលើគេឲ្យសោះ!

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម