កង់​ជួយ​ឲ្យ​ស្ត្រី​ខ្មែរ​ម្នាក់​​អាយុ​ជិត​៤០​ឆ្នាំ​​កាន់​តែ​ក្មេង​ជាង​វ័យ​

  • 2017-08-03 08:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ស្រី​ ហេង ស៊ីវហ្គិច​ ​ជា​កីឡា​ការិនី​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា​មាន​កាយ​សម្បទា​មាំ​មួន​ សុខភាព​ល្អ​ និង​វ័យ​ហាក់​នៅ​ក្មេង​ដដែល​ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​​​១០​ឆ្នាំ​មុន។ កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​​មើល​ទៅ​ក្មេង​​ជាង​វ័យ​គឺ​​ជិះ​កង់។

អ្នក​ស្រី​ ស៊ីវហ្គិច​ដែល​​មាន​អាយុ​៣៩​ឆ្នាំ​ និង​​មាន​​កូន​៥​នាក់​បាន​ប្រាប់​ថា​ តាំង​ពី​ក្មេង​រហូត​ដល់​អាយុ​ប្រហែល​៣០​ឆ្នាំ​ ​អ្នក​ស្រី​មាន​រាង​កាយ​មិន​រឹង​មាំ​ សាច់​មិន​ហាប់​ណែន​ ឧស្សាហ៍​វិល​មុខ​ ឈឺ​ក្បាល​ ហើយ​កោស​ខ្យល់​ជា​រឿយ​ៗ​។ ប៉ុន្តែ​នៅ​ពេល​​អ្នក​ស្រី​ចាប់​ផ្ដើម​​ជិះ​កង់​មក​ សុខភាព​​ក៏​កាន់​តែ​ល្អ​ប្រសើរ​ជា​លំដាប់​​ កម្លាំង​មាំ​មួន​ និង​ញុំា​អាហារ​បាន​តាម​ចិត្ត។ ចាប់​ផ្តើម​ជិះ​កង់​មួយ​សប្តាហ៍​ដំបូង​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​​ឈឺ​ខ្លួន​​ប្រាណ​ខ្លះ​ ប៉ុន្តែ​ក្រោយ​ៗ​មក​​ស្រួល​ខ្លួន​ ហើយ​អារម្មណ៍​កាន់​តែ​សប្បាយ​រីក​រាយ។

លោក​ស្រី​បាន​ចាប់​ផ្តើម​ជិះ​កង់​ប្រហែល​ជា​អាយុ​៣០​ឆ្នាំ​​ដែល​រហូត​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​១០​ឆ្នាំ​ហើយ។ លោក​ស្រី​ជឿ​ថា​ ​ការ​ហ្វឹកហាត់​ជិះ​កង់​របស់​លោក​ស្រី​បាន​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​ហាក់​ដូច​ក្មេង​ជាង​វ័យ។​ ទោះ​បី​វ័យ​កាន់​តែ​ច្រើន​ ប៉ុន្តែ​លោក​ស្រី​កាន់​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​​សម្រាប់​ចូល​រួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​អាស៊ី​អាគ្នេយ៍​គឺ​ស៊ីហ្គេម​ថែម​ទៀត​ផង។

ស៊ីវហ្គិច​បញ្ជាក់​ថា តាម​ធម្មតា​លោក​ស្រី​ហ្វឹកហាត់​ជិះ​កង់​ចម្ងាយ​ពី​៣០​ទៅ​៥០​គីឡូម៉ែត្រ​ក្នុង​​មួយ​ថ្ងៃ​ ប៉ុន្តែ​ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ លោក​ស្រី​ត្រូវ​ហាត់​ជិះ​ចម្ងាយ​ពី​​៥០​គីឡូម៉ែត្រ​ដល់​ជាង​១០០​គីឡូម៉ែត្រ។ រឹត​តែ​​អស្ចារ្យ​សម្រាប់​លោក​ស្រី​ទៀត​នោះ​គឺ​ហាត់​ជិះ​ជា​មួយ​បុរស​ៗ​ដែល​​មាន​កម្លាំង​ខ្លាំង​ៗ​ទៀត​ផង៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម