បើមាន​ឱកាស​សារភាព ​គួរ​តែ​សារភាព​ឲ្យ​ហើយ​ទៅ កុំ​ចាំ​ដល់​គ្រប់យ៉ាង​ហួសពេល

  • 2017-07-04 07:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​ស្រឡាញ់​មនុស្ស​ម្នាក់​តើ​ខុស​ដែរ​មែន​ទេ? អ្នក​ណា​អាច​ឃាត់​វា​បាន​ទៅ ព្រោះ​នេះ​ជា​ធម្មជាតិ​របស់​មនុស្ស​ទៅ​ហើយ អ្វី​ដែល​សំខាន់​គឺ​យើង​មិន​បាន​ទៅ​បង្ខំ ឬ បំបែក​បំបាក់​គេ​ដើម្បី​ឲ្យ​មក​ស្រឡាញ់​យើង។

សម្រាប់​មនុស្ស​ស្រី​ក៏​ដោយ​ប្រុស​ក៏​ដោយ​ ការ​សារភាព​គឺ​ជា​រឿង​មួយ​ដែល​ពិបាក ព្រោះ​បើ​មិន​ជោគជ័យ​គឺ​ជា​រឿង​មួយ​ដែល​យើង​ពិបាក​ទទួល​យក​បំផុត ហើយ​ជា​ពិសេស​គឺ​មនុស្ស​ស្រី​តែ​ម្ដង ទោះ​បី​ជា​មាន​ចិត្ត​ស្រឡាញ់​អ្នក​ណា ក៏​មិន​អាច​នឹង​និយាយ​បាន​ព្រោះ​តែ​គ្មាន​ភាព​ក្លាហាន​នឹង​ប្រឈម ម្យ៉ាង​ទៀត​បើ​សិន​ជា​មនុស្ស​ប្រុស​ដែល​នាងស្រឡាញ់​បដិសេធន៍​ទៀត​ នោះ​វា​អាច​ធ្វើ​ឲ្យ​គាត់​ឈឺចាប់​បំផុត។

រូបតំណាង

ប៉ុន្តែ​ តើ​ដឹង​ទេ​ថា​ការ​សារភាព​ គឺ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​បំផុត ពីព្រោះ​ ទោះ​ជោគជ័យ​ ឬបរាជ័យ​ក៏​យើងបាន​បង្ហាញ​ពី​អារម្មណ៍​យើង​ចេញ​មក​ក្រៅ​ដែរ​ យ៉ាង​ហោច​ណាស់​យើងមាន​ភាព​ស្មោះត្រង់​នឹង​ខ្លួន​ឯង និង មនុស្ស​ប្រុស​ដែល​យើងស្រឡាញ់។ ម្យ៉ាង​​វិញ​ទៀត​សារភាព​ហើយ​អាច​នឹង​មាន​ចម្លើយ​ ២ ដែល​រត់​មក​រក​អ្នក ទី ១ គឺ​ជោគជ័យ និង ទី ២ គឺ​ត្រូវ​គេ​បដិសេធន៍ តែ​បើ​យើង​រក្សា​វា​មិន​ប្រាប់​គេ គឺ​យើង​មាន​ចម្លើយ​តែ​ ១ ប៉ុណ្ណោះ គឺ​បរាជ័យ។ ​តើ​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ទៅ​ដែល​អាច​សារភាព​ការ​ស្រឡាញ់​ចេញ​មក? ប្រហែល​ជា​មិន​ច្រើន​នោះ​ទេ ពួក​គេ​សុខ​ចិត្ត​រក្សា​វា​រហូត​ដល់​ស្លាប់​ចិត្ត​ទៅ​វិញ​ក៏​មាន ហើយ​ខ្លះ​ទៀត​រង់​ចាំ​រហូត​ដល់​គេ​មាន​សង្សារ ឬ ក៏​មាន​គ្រួសារ​ហើយ​ក៏​ថា​បាន ពេល​នោះ​ហើយ​ទើប​គ្រប់​យ៉ាង​ត្រូវ​ហួស​ពេល ទោះ​បី​ជា​អ្នក​ចង់​ប្រាប់​គេ​ក៏​គ្មាន​ឱកាស​ទៀត​ដែរ ព្រោះ​គេ​មាន​មនុស្ស​ដែល​គេ​ស្រឡាញ់​បាត់​ទៅ​ហើយ។ វា​ជា​ពេល​ដែល​យើង​ត្រូវ​ឈឺចាប់ និង ខូច​ចិត្ត​បំផុត​ដែល​ត្រូវ​ឈរ​មើល​មនុស្ស​​ដែល​ខ្លួន​ស្រឡាញ់​បាន​ទៅ​អ្នក​ផ្សេង​ទាំង​គេ​ទើប​តែ​ស្គាល់​គ្នា។

យើង​ត្រូវ​គិត​ថា​ជីវិត​ដែល​នៅ​សល់​មិន​យូរ​ទេ ហើយ​ពេល​ខ្លះ​ក៏​យើង​មិន​អាច​មើល​ឃើញ​ពី​ថ្ងៃ​ស្អែក​ថា​ជីវិត​យើង ឬ ជីវិត​គេ​យ៉ាង​ម៉េច​ដែរ ដូច្នេះ​គួរ​តែ​បំពេញ​បំណង​ខ្លួន​ឯង កុំ​ឲ្យ​មាន​ការ​សោកស្ដាយ​ក្នុង​ឆាក​ជីវិត ហើយ​កុំ​គិត​ថា​ការ​សារភាព​ជា​រឿង​ដែល​ត្រូវ​ខ្មាស​គេ ការ​ពិត​វា​បាន​បង្ហាញ​ថា​យើង​ជា​មនុស្ស​ដែល​ក្លាហាន​ និង រឹង​មាំម្នាក់ ហើយ​ក៏​មិន​មាន​មនុស្ស​ច្រើន​ដែរ​ដែល​អាច​ធ្វើ​ដូច​យើង។

ក្លាហាន​ឡើង បើ​ស្រឡាញ់​នរណា​ម្នាក់​សារភាព​ប្រាប់​គេ​ទៅ ទោះ​​លទ្ធផលល្អ​ ឬ អាក្រក់​ក៏​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ដែរ។ ប្រាប់​គេ​ទៅ កុំ​លាក់​ក្នុង​ចិត្ត​ទៀត​អី នាំ​តែ​ឈឺចាប់​ម្នាក់​ឯង​ទេ។

កុំ​ឲ្យ​ដូច​ខ្ញុំ​ សូម្បី​តែ​ឱកាស​និយាយ​ថា «ខ្ញុំ​ស្រឡាញ់​គេ» ក៏​ខ្ញុំ​គ្មាន​ដែរ ចុង​ក្រោយ​សល់​តែ​ការ​សោក​ស្ដាយ និង មិន​អស់​ចិត្ត​ដែល​មិន​អាច​សូម្បី​ដែល​ហា​មាត់​​និយាយប្រាប់​គេ៕

ពី ៖ មនុស្ស​ស្រី​ដែល​ខ្វះ​ភាព​ក្លាហាន​ម្នាក់

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម