ចប់​ប៉ា​ដោយ! ធាត់​ពេក​ធ្វើ​ឲ្យ​ខាត​អាយុ​ដល់ ១០ ឆ្នាំ ហើយ​ឆាប់​ស្លាប់​ទៀត

  • 2017-05-26 04:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា ជំងឺ​ធាត់​បាន​កាត់​បន្ថយ​អាយុ​ពី ២ ទៅ ៤ ឆ្នាំ​នៃ​អាយុ​សង្ឃឹម​រស់​ជា​មធ្យម​របស់​អ្នក​ជំងឺ​ធាត់​មធ្យម ខណៈ​ដែល​អ្នក​ធាត់​កម្រិត​ធ្ងន់ អាច​ខាត​អាយុ​ពី ៨ ទៅ ១០ ឆ្នាំ។

អ្វី​គួរ​ឱ្យ​បារម្ភ គឺ​បច្ចុប្បន្ន​មនុស្ស​ពេញ​វ័យ​ច្រើន​ជាង ១,៩ ពាន់​លាន​នាក់​ដែល​មាន​អាយុ​ចាប់ ១៨ ឆ្នាំ​ឡើង​ទៅ​មាន​បញ្ហា​ធាត់​លើស​ទម្ងន់។ ក្រៅ​ពី​នេះ ជាង ៦០០ លាន​នាក់ មាន​ជំងឺ​ធាត់។

តាម​ន័យ​វេជ្ជសាស្ត្រ ជំងឺ​ធាត់​កើត​ឡើង ពេល​ដែល​ការ​ទទួល​ទាន​កាឡូរី​លើស​ពី​ចំនួន​ប្រើ​ប្រាស់​ថាមពល។ ក្រៅ​ពី​នេះ មាន​កត្តា​មួយ​ចំនួន​ទៀត​បង្ក​ឱ្យ​មាន​ជំងឺ​ធាត់៖ កត្តា​ហ្សែន ឬ​កត្តា​អ័រម៉ូន ដូចជា ជំងឺ​អ័រម៉ូន​ទីរ៉ូអ៊ីត​ធ្លាក់​ចុះ (Hypothyroidism) និង​ជំងឺ Cushing’s Syndrome (មុខ​ឡើង​មូល) ហើយ​ថ្នាំ​មួយ​ចំនួន​ដែល​ប្រើ​សម្រាប់​គ្រប់​គ្រង​ជំងឺ​ផ្លូវ​ចិត្ត និង​ទឹក​នោម​ផ្អែម។

អត្រា​ប្រេវ៉ាឡង់​នៃ​ជំងឺ​ធាត់ មាន​ការ​កើន​ឡើង​ច្រើន ដោយសារ​របៀប​រស់​នៅ​របស់​មនុស្ស ពោល​គឺ​របប​អាហារ និង​ការ​ធ្វើ​សកម្មភាព​រាង​កាយ។

  • ទី​១៖ ភាគ​ច្រើន​ពួកគេ​ចូល​ចិត្ត​ទទួល​ទាន​របប​អាហារ​មាន​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់។ ពួកគេ​ទទួល​ទាន​អាហារ​តាម​ចំណូលចិត្ត ជា​ជាង​របប​អាហារ​ដែល​ផ្ដល់​តុល្យភាព​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់។
  • ទី​២៖ មិន​សូវ​ធ្វើ​លំហាត់​ប្រាណ និង​រស់នៅ​ដោយ​ភាព​សុខ​ស្រួល​ពេក ដែល​ការ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​ខ្ពស់​ចំពោះ​ហានិភ័យ​កើត​មាន​ជំងឺ​ធាត់។

មនុស្ស​ធាត់​មាន​ហានិភ័យ​ខ្ពស់​ឆាប់​ស្លាប់​លឿន​ជាង​ការ​រំពឹង​ទុក។ ពួកគេ​ ជា​ក្រុម​មនុស្ស​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម និង​ភាព​មិន​ប្រក្រតី​នៃ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម។ ការ​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​សរសៃ​ឈាម​បេះដូង ដូចជា ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង គាំង​បេះដូង ហើយ​ជំងឺ​ខ្សោយ​បេះ​ដូង ជា​ធម្មតា​កើត​មាន បើ​អ្នក​ជំងឺ​ធាត់​មិន​បាន​គ្រប់​គ្រង​បញ្ហា​នេះឲ្យ​បាន​ទាន់​ពេល។

អ្នក​អាច​វាយ​តម្លៃ​ចំណាត់​ថ្នាក់​នៃ​ផល​ធៀប​រាង​កាយ​របស់​អ្នក​បាន ដោយ​គ្រាន់​តែ​ធ្វើ​ផល​ធៀប​រវាង​ទម្ងន់ និង​កម្ពស់​របស់​អ្នក (BMI)។ លទ្ធផល​នៃ​ផល​ធៀប​រាង​កាយ​មាន​កម្រិត​ដូច​ខាង​ក្រោម៖

  • កម្រិត​ធម្មតា គឺ​ចាប់​ពី ១៨,៥ ទៅ ២៤,៩
  • លើស​ទម្ងន់ គឺ​ចាប់​ពី ២៥ ទៅ ២៩,៩
  • ជំងឺ​ធាត់ គឺ​ចាប់​ពី ៣០ ឡើង​ទៅ

អ្នក​អាច​គណនា​ផល​ធៀប​នៃ​រាងកាយ​នេះ​ដោយ​ខ្លួន​ឯង​តាម​រយៈ​រូបមន្ត BMI = ទម្ងន់ (គីឡូក្រាម) / (កម្ពស់)២ (សង់ទីម៉ែត្រ)។ ឧទាហរណ៍៖ ផល​ធៀប​រាងកាយ​របស់​លោក ចន គឺ BMI = ទម្ងន់ / (កម្ពស់)២; (ទម្ងន់ = ៥៦ kg, កម្ពស់​= ១,៦៤cm)។ ដូច្នេះ BMI របស់​លោក ចន គឺ ៥៦/(១,៦៤)២ = ៥៦ / ២,៦៩ = ២០,៨២

ដូច្នេះ ផល​ធៀប​រាង​កាយ​របស់​លោក ចន គឺ BMI = ២០,៨២

បើ​លទ្ធផល BMI របស់​អ្នក​បង្ហាញ​ថា អ្នក​មាន​កម្រិត​ធាត់​ស្រាល ឬ​មធ្យម សូម​កែប្រែ​របៀប​រស់នៅ​របស់​អ្នក​អ្នក ដូចជា ផ្លាស់​ប្ដូរ​របប​អាហារ និង​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ អាច​ជួយ​អ្នក​សម្រក​ទម្ងន់​បាន។ លទ្ធផល BMI ខ្ពស់ មាន​ន័យ​ថា អ្នក​មាន​ជំងឺ​ធាត់​ខ្លាំង។ ដូច្នេះ សូម​ស្វែង​រក​ជម្រើស​ព្យាបាល​សម​ស្រប​សម្រាប់​អ្នក៕

អត្ថបទ៖ DKSH

អត្ថបទពេញនិយម