គន្លឹះទប់​ទល់​អារម្មណ៍​ឆេវ​ឆាវ

  • 2017-01-18 11:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្នក​ណា​ដែល​សប្បាយ​ចិត្ត​រហូត​នោះ​ទេ​ អារម្មណ៍​មិន​ល្អ​ ខឹង​ ស្មុគស្មាញ​ គឺ​ជា​រឿង​មួយ​ដែល​មនុស្ស​ជៀស​មិន​ផុត ជា​ពិសេស​ស្រីៗ ព្រោះ​ការងារ​​កំប៉ិកំប៉ុក១០០ជំពូក។ ប៉ុន្តែ​បើ​សិន​ជា​យើង​បណ្ដោយ​តាម​តែ​អារម្មណ៍​ខឹង​​នោះ​វា​មិន​ល្អ​ឡើយ​ព្រោះ​វា​នាំ​ឲ្យ​យើង​ខាត​ប្រយោជន៍​ និង​ សៅហ្មង។​

ដូច្នេះ​ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អាច​ជួយ​ឲ្យ​អ្នក​​ចេះ​គ្រប់​គ្រង​អារម្មណ៍​​នៅ​ពេល​ដែល​អ្នក​ខឹង​៖

1. គិត​​មុន​នឹង​និយាយ​៖ មិន​ថា​អ្នក​ឬ​ក៏​គេ​ទេ​ឲ្យ​តែ​ខឹង​គឺ​អី​ក៏​និយាយ​ដែរ​ ប៉ុន្តែ​អ្នក​នឹង​អាច​ស្ដាយ​ក្រោយ​នៅ​ពេល​ដែល​អ្នក​និយាយ​តាម​តែ​ចិត្ត​ខឹង​បែប​នេះ​។ អ្នក​គួរ​តែ​ចំណាយ​ពេល​​បន្តិច​ដើម្បី​គិត​មុន​នឹង​អ្វីៗ​ជ្រុល​ហួស​អស់​។

2. តាំង​ចិត្ត​ឲ្យ​ត្រជាក់​សិន​ចាំ​បង្ហាញ​ពី​កំហឹង​អ្នក​តាម​ក្រោយ៖ នៅ​ពេល​ដែល​អ្នក​បាត់​ខឹង​ហើយ​នោះ​ជា​ពេល​ល្អ​ដែល​អ្នក​អាច​និយាយ​ឬ​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ដើម្បី​ឲ្យ​គេ​ដឹង ព្រោះ​ពេល​នោះ​អ្នក​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ ហើយ​មិន​សូវ​ជា​បង្ក​បញ្ហា​ដល់​អ្នក​ និង​អ្នក​ដទៃ​ផង​ដែរ​។

3. ធ្វើ​លំហាត់​ប្រាណ​ខ្លះៗ​៖ ការ​ហាត់​ប្រាណ​គឺ​ជា​សកម្ម​ភាព​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​។ បើ​សិន​ជា​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ឬ​ខឹង​នឹង​រឿង​អ្វី​មួយ​ អ្នក​គួរ​តែ​ទៅ​ហាត់​ប្រាណ​ ឬ​ ធ្វើ​ចលនា​ខ្លួន​ប្រាណ​អ្វី​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​រីករាយ​ និង ធូរស្រាល​ជាង​មុន។

4. សម្រាក​រយៈ​ពេល​ខ្លី៖ អ្នក​គួរ​តែ​សម្រាក​បន្តិច​ នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​មិន​ល្អ។ ការ​សម្រាក​ដោយ​ស្ងប់​ស្ងាត់​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​មិន​​ធ្វើ​តាម​តែ​ចិត្ត​ខឹង​នោះ​ឡើយ​។

5. កំណត់​ដំណោះ​ស្រាយ​ដែល​អាច​ធ្វើ​បាន៖ ​បើ​អាច​សូម​កុំ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ខឹង​អី​ គួរ​តែ​ស្វែងរក​ដំណោះ​ស្រាយ​ដ៏​ល្អ​វិញ​ទើប​ប្រសើរ​។ បើសិនជា​ កូន​របស់​អ្នក​ធ្វើ​ឲ្យ​បន្ទប់​រញ៉េរញ៉ៃ​នោះ អ្នក​គួរ​តែ​បិទ​ទ្វារ​បន្ទប់​ហើយ​ដើរ​ចេញ​ ជាជាង​ការ​បញ្ចេញ​កំហឹង​ដាក់​កូន។

6. អភ័យទោស៖ អភ័យទោស​គឺ​ជា​រឿង​មួយ​ដ៏​ល្អ​ដែល​អ្នក​គួរ​តែ​ធ្វើ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាន​តម្លៃ​ ហើយ​អាច​ឲ្យ​រឿង​ដែល​មិន​ល្អ​កន្លង​ទៅ​ដោយ​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺចាប់។

អ្នក​គួរតែ​ព្យាយាម​អនុវត្ត​នូវ​​វិធី​ទាំង​នេះ​​ក្នុង​ការ​ទប់​ទល់​ពេល​ដែល​អ្នក​ខឹង​ ឬ​​​ស្មុគស្មាញ នឹង​រឿង​អ្វី​មួយ ជាជាង​យក​ការ​បញ្ចេញ​កំហឹង​មក​ដោះស្រាយ​បញ្ហា ដែល​អាច​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​ និង​ អាច​ឲ្យ​អ្នក​មាន​វិប្បដិសារី​ផង​ដែរ។

ប្រភព៖ Mayoclinic

ប្រែសម្រួល៖ ផេង​ ផល​ធិតា

អត្ថបទពេញនិយម