ប្រពន្ធ​ស្អាត​ខំ​មើល​ថែ​ប្ដី​ពិការ​ភ្នែក​រហូត​ខ្លួន​ស្លាប់ តែចុងបញ្ចប់​ធ្វើ​ឲ្យ​គ្រប់គ្នានឹកស្មានមិនដល់

  • 2020-02-13 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ម្នាក់​បាន​រៀបការ​ជាមួយ​នារី​ស្រស់​ស្អាត​ម្នាក់។ គាត់​ស្រឡាញ់​នាង​ខ្លាំង​ណាស់។ ថ្ងៃ​មួយ​ នាង​ចាប់​ផ្ដើម​មាន​ជំងឺ​ស្បែក ហើយ​ក៏​បាត់បង់​សម្រស់​ទៅ​បន្តិច​ម្ដង​ៗ។

ក្រោយ​មក មាន​ហេតុការណ៍​អាក្រក់​មួយ​កើត​ឡើង នោះ​គឺ​​នៅ​ពេល​ប្ដី​​របស់​នាង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឆ្ងាយ ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​វិញ​​​ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​​​ភ្នែក​មើល​លែង​ឃើញ។

រូបតំណាង

យ៉ាង​ណា​ក៏​ដោយ​ជីវិត​គូ​របស់​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ក៏​ដំណើរ​ទៅ​​ធម្មតា ប៉ុន្តែ​​ស្រប​ពេល​ពេល​វេលា​ចេះ​តែ​កន្លង​ទៅ រូប​សម្រស់​របស់​ប្រពន្ធ​ក៏​​ចេះ​តែ​បាត់បង់​ទៅ​ម្ដង​បន្តិច​ៗ។ ស្វាមី​ពិការ​ភ្នែក​ក៏​ប្រហែល​មិន​បាន​ដឹង​ពី​រឿង​នេះ​ឡើយ ​ដូច្នេះ​ក៏​​មិន​ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​របស់​ពួក​គេ​​ផ្លាស់​ប្ដូរ​អ្វី​ទាំង​អស់។ គាត់​នៅ​តែ​ស្រឡាញ់​នាង ហើយ​នាង​នៅ​តែ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង។

រូបតំណាង

មិន​យូរ​ប៉ុន្មាន​នាង​ប្រពន្ធ​ក៏​បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​ធ្ងន់​របស់​ខ្លួន។ មរណភាព​របស់​នាង​បាន​នាំ​មក​នូវ​ភាព​សោកសៅ​យ៉ាង​ក្រៃលែង​ដល់​ស្វាមី។ នៅ​ពេល​ធ្វើ​ពិធី​បុណ្យ​សព​ប្រពន្ធ​ចប់​សព្វគ្រប់ បុរស​ប្ដី​ក៏​សម្រេច​ចិត្ត​ចាកចេញ​ពី​ស្រុក​នោះ។ បុរស​ម្នាក់​ក៏​បាន​ហៅ​គាត់ និង​សួរ​ទៅ​គាត់​ថា ពេល​នេះ​លោក​​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន​ហើយ​មែន​ទេ ព្រោះ​​កន្លង​មក ប្រពន្ធ​របស់​លោក​តែងតែ​ជួយ​លោក​រហូត​មក?

គាត់​ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា កន្លង​មក​ខ្ញុំ​មិន​បាន​ពិការ​ភ្នែក​ទេ។ ខ្ញុំ​ធ្វើ​ជា​ពិការ ដោយ​សារ​ប្រសិន​បើ​នាង​ដឹង​ថា​ខ្ញុំ​មើល​ឃើញ​​សភាព​ស្បែក​ដ៏​អាក្រក់​​របស់​នាង​ វា​អាច​ធ្វើ​ឲ្យ​នាង​ទទួល​ភាព​ឈឺចាប់​ច្រើន​ជាង​ការ​ដែល​នាង​​កើត​ជំងឺ​កាច​សាហាវ​នោះ​ទៅ​ទៀត។

ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ក្លែង​ធ្វើ​ជា​មនុស្ស​ពិការ។ នាង​គឺ​ជា​ភរិយា​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​នាង​​មាន​ក្ដី​សុខ​គ្រប់​ពេល​វេលា។

រូបតំណាង

គំនិត​អប់រំ៖ ពេល​ខ្លះ វា​ជា​ការ​ល្អ​​សម្រាប់​យើង​ដែល​ត្រូវ​ធ្វើ​ខ្លួន​ជា​ខ្វាក់ និង​ធ្វើ​ជា​មិន​ដឹង មិន​ឮ​​បញ្ហា​របស់​អ្នក​ដទៃ​ដើម្បី​មាន​ក្ដី​សុខ មិន​ថា​ធ្មេញ​ត្រូវ​ខាំ​អណ្ដាត​ប៉ុន្មាន​ដង​ក៏​ដោយ ទាំង​ធ្មេញ ទាំង​អណ្ដាត​គឺ​ត្រូវ​នៅ​ក្នុង​មាត់​ជាមួយ​គ្នា​រហូត។ បើ​ទោះ​បី​កែវភ្នែក​ទាំង​គូ​មើល​មិន​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​វា​ក៏​អាច​មើល​ឃើញ​រួម​គ្នា ព្រិច​ភ្នែក​ព្រម​គ្នា និង​យំ​ព្រម​គ្នា។  

១. នៅ​ម្នាក់​ឯង យើង​ក៏​អាច​ “និយាយ” ប៉ុន្តែ​បើ​នៅ​ជាមួយ​គ្នា​យើង​​​អាច "ពិភាក្សា" គ្នា​បាន។

២. នៅ​ម្នាក់​ឯង យើង​ក៏​អាច “សប្បាយ” ប៉ុន្តែ​បើ​នៅ​ជាមួយ​គ្នា​យើង​អាច “ប្រារព្ធ” អ្វី​មួយ​ជាមួយ​គ្នា​បាន។

៣. នៅ​ម្នាក់​ឯង យើង​ក៏​អាច “ញញឹម” ប៉ុន្តែ​បើ​នៅ​ជាមួយ​គ្នា​យើង​ក៏​អាច “សើច” ជាមួយ​គ្នា​បាន។

នេះ​ហើយ​គឺ​ជា “ភាព​ស្រស់​ស្អាត” នៃ​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស ៕  

ប្រភព៖ chonburipost ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម