មាន​ន័យ​បំផុត! សំបុត្រ​ឪពុក​​​ផ្ដែផ្ដាំ​​កូន​ស្រី​ទើប​ចូល​វ័យ ២០ឆ្នាំ

  • 2019-10-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​នេះ​ជា​ថ្ងៃ​​ខួប​កំណើត​កូន។ ធ្មេច​បើក​ៗ កូន​អាយុ ២០ឆ្នាំ​បាត់​ហើយ។ តាម​ទំនៀម បន្ត​ទៅ​នេះ​កូន​នឹង​ឈាន​ចូល​វ័យ​​ជា​មនុស្ស​ធំ អាច​កំណត់​របៀប​រស់​នៅ និង​ផ្លូវ​ជីវិត​របស់​កូន​បាន​ដោយ​ខ្លួន​ឯង។ កូន​នឹង​បាន​ប្រឈម​​មុខ​នឹង​បញ្ហា​នានា​ក្នុង​ជីវិត​បន្ត​បន្ទាប់ និង​​ដំណាល​ៗ​គ្នា​ដូច​ជា​ការ​សិក្សា ស្នេហា ការ​រៀបការ ជីវិត​គ្រួសារ ការងារ-មុខ​របរ ជាដើម។ ការ​ចាត់​ការ​ចំពោះ​បញ្ហា​ទាំង​អស់​នេះ នឹង​អាច​កំណត់​បាន​ថា​ជីវិត​របស់​កូន​ស្រី​នឹង​មាន​ក្ដី​សុខ​ឬ​ក៏​អត់។

ក្នុង​ឱកាស​ដ៏​សំខាន់​នេះ ពុក​សូម​ផ្ដាំ​កូន​ស្រី​ថា...

មនុស្ស​យើង​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទោះ​បី​ក្នុង​គ្រា​លំបាក ដូច្នេះ​ចូរ​កូន​កុំ​រអ៊ូរទាំ​ច្រើន​ដាច់​ខាត។ ខ្សែ​ជីវិត​ពេល​ខ្លះ​​ប្រៀប​ដូច​ជា​ខ្សែ​ទឹក កើត​នៅ​ឯណា ហូរ​ឆ្លង​កាត់​ទី​ណា ទៅ​ដល់​ទី​ណា យើង​មិន​អាច​កំណត់។ គ្មាន​អ្វី​ដែល​ហៅ​ថា​ល្អ​រហូត និង​អាក្រក់​រហូត​ទេ អ្វី​ដែល​យើង​ធ្វើ​បាន​គឺ​មាន​តែ​ប្រឈម​មុខ​ជាមួយ​វា និង​ទទួល​យក​វា​ប៉ុណ្ណឹង។ ការ​រអ៊ូ​រទាំ​គឺ​ជា​សភាព​របស់​មនុស្ស​ទន់​ខ្សោយ ហើយ​ក៏​មិន​បាន​ជួយ​អ្វី គ្មាន​ផល​ល្អ​ទាំង​សម្រាប់​ខ្លួន​ឯង និង​អ្នក​ដទៃ។

រូបតំណាង

**ទុក្ខ ឬ​សុខ នៅ​ឃ្លាត​ពី​គ្នា​បន្តិច​ប៉ុណ្ណោះ** មាន​គំនិត​គិត​ក្នុង​ផ្លូវ​ល្អ​ជីវិត​យើង​នឹង​សុខ។ សុខ​ ឬ​ទុក្ខ មិន​ពាក់ព័ន្ធ​នឹង​​យើង​មាន​តិច​ ឬ​ច្រើន ព្រោះ​របស់​ខ្លះ (ឬ​មនុស្ស​ខ្លះ) បាន​មក​ក៏​គ្មាន​អ្វី​គួរ​ឲ្យ​រំភើប បាត់​ទៅ​វិញ​ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ស្ដាយ។ ចូរ​កូន​រៀន​រាប់​មិត្ត​កសាង​ទំនាក់ទំនង​ល្អ មាន​ភាព​ស្មោះ​ត្រង់ នោះ​ទាំង​មនុស្ស និង​ទេវតា​នឹង​ថែ​រក្សា​កូន ឲ្យ​មាន​ក្ដី​សុខ​គ្រប់​កន្លែង។ ការ​មាន​គំនិត​អាក្រក់​នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​ជួប​តែ​រឿង​អាក្រក់ និង​សុបិន​អាក្រក់។

តម្លៃ​មនុស្ស​ស្ថិត​លើ​ការ​ចេះ​ “ឲ្យ” ចំណែក​ការ “សុំ” ចាត់​ទុក​ថា​ជា​រឿង​គួរ​ឲ្យ​ខ្មាស។ ចេះ​ឲ្យ មាន​ន័យ​ថា​កូន​មាន ចំណែក​ចាំ​តែ​សុំ​ គឺ​បញ្ជាក់​ថា​កូន​ខ្វះខាត។ បាន​ជួយ​អ្នក​ដទៃ យើង​ទទួល​បាន​ក្ដី​សុខ ចាំ​តែសុំ​ពី​អ្នក​ដទៃ អ្វី​ដែល​បាន​មក​គឺ​​ប្ដូរ​ជាមួយ​តម្លៃ​របស់​យើង។ សំណាង​អាក្រក់​មិន​មែន​សុខ​ៗ​ក៏​កើត​ឡើង​ទេ ប៉ុន្តែ​ទាំង​អស់​គឺ​សុទ្ធ​តែ​ជា​ឧបនិស្ស័យ។ ឧបនិស្ស័យ​ល្អ​នាំ​មក​នូវ​សំណាង​ល្អ និស្ស័យ​ល្អ​ត្រង់​នេះ​អាច​សំដៅ​លើ ចិត្ត​នឹងនរ​មិន​ច្រាស់ច្រាល់ ចេះ​ប្រុងប្រយ័ត្ន ល្អិតល្អន់​ ម៉ត់ចត់។

ការ​សិក្សា​គឺ​ជា​សមត្ថភាព​ម្យ៉ាង ហើយ​ក៏​ជាការ​លេង​ហ្គេម​មួយ​​ដែរ ក្រេប​ជញ្ជក់​ចំណេះដឹង​បាន​មួយ​ជំនាញ យើង​នឹង​អាច​ទទួល​បាន​​កន្លែង​ឈរ​សមរម្យ​មួយ​ក្នុង​សង្គម។ ចំណេះ​ជំនាញ មិន​មាន​ជំនាញ​ណា​ខ្ពស់ ជំនាញ​ណា​ទាប​នោះ​ទេ វា​អាស្រ័យ​លើ​យើង​ចូលចិត្ត និង​ប្រើប្រាស់​បាន។ ចំណេះដឹង​មិន​សំខាន់​លើ​រៀន​បាន​តិច រៀន​បាន​ច្រើន សំខាន់​លើ​យើង​ចេះ​យក​វា​មក​ប្រើ​ឲ្យ​ត្រូវ។

ការ​ធ្វើ​ការ មិនមែន​គ្រាន់​តែ​ដើម្បី​រក​លុយ​ចិញ្ចឹម​ក្រពះ ប៉ុន្តែ​ក៏​ដើម្បី​ក្ដី​សុខ​ដែរ។ ធ្វើ​ការងារ​អ្វី​មិន​សំខាន់ សំខាន់​យើង​ចូល​ចិត្ត យើង​ធ្វើ​បាន លុយ​តិច​ច្រើន​មិន​សំខាន់ ឲ្យ​តែ​ល្មម​ចាយ គឺ​គ្រប់គ្រាន់​ហើយ។ សំខាន់​បំផុត​នោះ​គឺ​យើង​បាន​បញ្ចេញ​សមត្ថភាព​របស់​យើង​ពេញទំហឹង​ក្នុង​ការងារ ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ កសាង​ស្នាដៃ​កេរ្តិ៍ឈ្មោះ​ដោយ​ភាព​សុចរិត។

រូបតំណាង

ស្នេហា មិន​មែន​ជា​ការ​បាន​គ្រប់គ្រង ប៉ុន្តែ​គឺ​ជា​ការ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ស្រវា​តាម​ចាប់​ស្នេហា គឺ​មិន​ឈ្នះ​ការ​ចាត់​ការ​ជាមួយ​ខ្លួន​ឯង​នោះ​ឡើយ។ ចង់​បាន​ស្នេហា​ល្អ​មួយ យើង​ត្រូវ​ដុស​ខាត់​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ទាំង​ខាងក្នុង និង​ខាង​ក្រៅ នោះ​ស្នេហា​នឹង​មក​រក​យើង។ មនុស្ស​ចិត្ត​ល្អ ស្មោះត្រង់​គឺ​មនុស្ស​ដែល​គួរ​ទុក​ចិត្ត​បំផុត មិន​បាច់​ស្វែង​រក​អ្នក​ល្អ​ឥត​ខ្ចោះ​​ព្រោះ​គ្មាន​មនុស្ស​ល្អ​ដូច​ចិត្ត​យើង​គ្រប់​យ៉ាង​នោះ​ទេ។  

ពិភពលោក​នេះ​ធំ ប៉ុន្តែ​ក៏​វិល​ជុំ​ដែរ ចូរ​កូន​ចេះ​ស្រលាញ់​ខ្លួន​ឯង ចេះ​យល់​ចិត្ត​អ្នក​ដទៃ ឲ្យ​តម្លៃ​ធម្មជាតិ មាន​គំនិត​វិជ្ជមាន ចេះ​សប្បាយ​រីករាយ​នឹង​ជីវិត។ ទ្រព្យសម្បត្តិ ឋានៈ គឺ​សុទ្ធ​តែ​ជា​​គ្រឿង​លម្អ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​របស់​មនុស្ស​គឺ​ចិត្ត ចូរ​ធ្វើ​ជា​មនុស្ស​ចិត្ត​ទូលាយ មិន​រក​រឿង ឆ្កឹះឆ្កៀល មិន​ប្រៀបធៀប នោះ​ទុក្ខ​សោក​ទាំង​ឡាយ​នឹង​រសាត់​ចេញ​តាម​ខ្យល់ ៕

ចុចអានបន្ត៖

ប្រភព៖ wipada.kittikowit ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម