៨ យ៉ាង បបូរមាត់អាចបញ្ជាក់ច្បាស់ពីសុខភាពរបស់អ្នក

  • 2019-10-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បបូរ​មាត់​របស់​មនុស្ស​យើង មាន​សរសៃ​ប្រសាទ​រាប់​លាន​ និង​ឆាប់​មាន​​ប្រតិកម្ម​ជាង​ចុង​ម្រាម​ដៃ​ទៅ​ទៀត។ បបូរ​មាត់​តែង​តែ​ត្រូវ​ការ​ការ​​ថែរក្សា​​ដោយ​យក​ចិត្ត​ទុក​ដាក់។ វា​ក៏​អាច​បញ្ចេញ​សញ្ញា​ផ្សេងៗ នៅ​ពេល​ដែល​សុខភាព​របស់​អ្នក​មាន​បញ្ហា។ ហេតុ​នេះ​ហើយ គួរ​ចេះ​​​ប្រុង​ប្រយ័ត្ន​ ប្រសិន​បើ​ឃើញ​បបូរ​មាត់​បង្ហាញ​សញ្ញា​ ៨​ យ៉ាង​ដូច​ខាង​ក្រោម​។

១. ប្រេះ​នៅ​ផ្នែក​ខាង​គែម​មាត់

នៅ​ពេល​ទឹក​មាត់​បាន​ជាប់​នៅ​គែម​បបូរ​មាត់ វា​អាច​បណ្តាល​ឲ្យ​ស្បែក​នៅ​បរិវេណ​នោះ មាន​សភាព​ស្ងួត​និង​ប្រេះ។ អ្នក​អាច​នឹង​ចង់​លិឍ​មាត់​ញឹក​ញាប់ ដើម្បី​ផ្តល់​កម្តៅ​និង​សំណើម​ដល់​មាត់​ ប៉ុន្តែ​​វា​ជា​ហេតុ​នាំ​ឲ្យ​ចម្លង​មេរោគ​អាក្រក់ និង​កាន់​តែ​ធ្វើ​ឲ្យ​មាត់​ប្រេះ​កាន់​តែ​ខ្លាំង។ បើ​​អ្នក​ឧស្សាហ៍​​មាន​បញ្ហា​បែប​នេះ​កើត​ឡើង គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​។

២. បបូរ​មាត់​ស្ងួត​និង​ប្រេះ​ជា​ចង្អូរ​

នេះ​ជា​សញ្ញា​បង្ហាញ​ពី​កង្វះ​​ជាតិ​ទឹក​នៅ​ក្នុង​​រាង​កាយ​របស់​អ្នក​។ វា​​ក៏​អាច​កើតឡើង​ ដោយ​សារ​​ការ​ប្រែប្រួល​អាកាសធាតុ​ឬ​ស្រ្តេស។ គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​លាប​គ្រីម​ផ្តល់​សំណើម​ដល់​ស្បែក​និង​បបូរ​មាត់​​ជា​ប្រចាំ។ បបូរ​មាត់​ប្រេះ​ជា​ចង្អូរ​​អាច​បណ្តាល​មក​ពី​អាលែកហ្សី​ផង​ដែរ។ មិន​គួរ​ប្រហែស​ដាច់​ខាត ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​រមាស់​។

៣. ពង​បែក​លើ​បបូរ​មាត់

ពេល​មាន​ពង​បែក​លើ​បបូរ​មាត់ អ្នក​​នឹង​មាន​អារម្មណ៍​ថា​ឈឺ​ និង​គ្មាន​ផាសុកភាព ប៉ុន្តែ​ក្នុង​ករណី​នេះ វា​មិន​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចំពោះ​អ្នក​ទេ និង​អាច​លេច​ទៅ​វិញ​ដោយ​​ខ្លួន​ឯង ដោយ​​ពុំ​ចាំបាច់​ប្រើ​វិធី​ព្យាបាល​​។ ការ​ប្រតិកម្ម​ជាមួយ​ចំណី​​អាហារ ក៏​បង្ក​ឲ្យ​មាន​បញ្ហា​បែប​នេះ​​បាន​ដែរ។ ប្រសិន​បើ​អ្នក មាន​ពង​បែក​មាត់​ញឹក​ញាប់ ឬ​យូរ​ថ្ងៃ គួរ​រក​​ថ្នាំ​លេប​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​។

៤. មាន​រង្វង់​ពណ៌​ក្រហម​នៅ​ជុំវិញ​បបូរ​មាត់

​​​​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​រង្វង់​ពណ៌​ក្រហម​នៅ​ជុំវិញ​បបូរ​មាត់ គឺ​បណ្តាល​មក​ពី​បញ្ហា​រលាកស្បែក ដោយ​សារ​ចូលចិត្ត​លិឍ​មាត់​ខ្លាំង​ពេក។ លិឍចុះ​ឡើងៗ ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ប្រេង​ធម្មជាតិ​ដែល​មាន​នៅ​លើ​ស្បែក​ បង្ក​ទៅ​ជា​​ក្រហម​និង​ឈឺ​ចាប់​។ អាច​លាប​​គ្រីម​ផ្តល់​សំណើម និង​​ចោល​ទម្លាប់​អាក្រក់​ជា​ការ​ស្រេច​។

៥. មាន​ស្នាម​ជ្រួញ​នៅ​ផ្នែក​បបូរមាត់​ខាង​លើ

បើ​អ្នក​សង្កេត​ឃើញ​មាន​ស្នាម​ជ្រួញ​ជា​ច្រើន​នៅ​ផ្នែក​បបូរ​មាត់​​ខាង​លើ អាច​បណ្តាល​មក​ពី​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ គួរ​យក​ចិត្ត​ទុក​ដាក់​និង​បោះ​បង់​ចោល​ទម្លាប់​អាក្រក់​​មួយ​ចំនួន​ដូច​ជា ប្រើ​ទុយោ​បឺត​ច្រើន​ពេក ជក់​បារី​ខ្លាំង​ពេក និង​ដោយ​សារ​តែ​ស្រ្តេស​ជា​ដើម​។

៦. បបូរ​មាត់​ស្លេក​មិន​សូវ​មាន​ពណ៌

បបូរ​មាត់​ដែល​មាន​ពណ៌​បែប​ខៀវ​ អាច​​បញ្ជាក់​ថា​​ដំណើរ​ការ​អុកស៊ីសែន​នៅ​ក្នុង​ឈាម​ បាន​ចុះ​ខ្សោយ។ សញ្ញា​នេះ​ក៏​អាច​បង្ហាញ​នៅ​លើ​​ម្រាម​ដៃ​និង​ម្រាម​ជើង​របស់​អ្នក​ផង​ដែរ។ ចំណែក​ឯ បបូរ​មាត់​ពណ៌​ស​ឬ​ស្លេក​ខ្លាំង​​ អាច​បង្ហាញ​ថា​អ្នក​​មាន​ជំងឺ​ស្លេកស្លាំង ដែល​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ។ វា​ក៏​​​ជា​សញ្ញា​មួយ ដែល​​បង្ហាញ​​ពី​​ជាតិ​ស្ករ​នៅ​ខ្លួន​មាន​កម្រិត​ទាប បញ្ហា​​ដំណើរ​ការ​នៃ​ឈាម ឬ​ខ្វះ​ជីវជាតិ​សំខាន់​ផ្សេងៗ​។

៧. បបូរ​មាត់​ហើម

ប្រសិន​បើ​បបូរ​មាត់​របស់​អ្នក​​ចាប់​ផ្តើម​ហើម​ធំ​បន្តិច​ម្តង​ៗ វា​ជា​សញ្ញា​ប្រតិកម្ម​ជាមួយ​នឹង​គ្រឿង​សម្អាង​​ដែល​អ្នក​បាន​ប្រើប្រាស់។

៨. ស្នាម​អុច​ខ្មៅ​នៅ​លើ​បបូរ​មាត់

វា​អាច​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដែល​បង្ក​ទៅ​ជា​ស្នាម​អុច​ខ្មៅ​នៅ​លើ​បបូរ​មាត់​។ វិធី​ដ៏​ល្អ គឺ​ត្រូវ​ព្យាបាល​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។

ស្នាម​អុច​ខ្មៅ​ឬ​ពណ៌​ត្នោត​​មិន​មែន​ត្រឹម​តែ​កើត​មាន​​នៅ​លើ​បបូរ​មាត់​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​កើត​នៅ​លើ​ថ្ពាល់ ច្រមុះ​និង​ថ្ងាស។ ពេល​ខ្លះ​​អាច​ដោយ​សារ​តែ​អ្នក​ ញ៉ាំ​អាហារ​ដែល​មាន​​ជាតិ​ដែក​ច្រើន​​ពេក​។ គួរ​ប្រុង​ប្រយ័ត្ន ប្រសិន​បើ​​អ្នក​មាន​អារម្មណ៍​មិន​ស្រួល នៅ​ត្រង់​​ស្នាម​អុច​ទាំង​នោះ ព្រោះ​វា​ក៏​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​មហារីក​​ដំណាក់កាល​ដំបូងផង​ដែរ​៕​

ចុចអានបន្ត៖ ឧស្សាហ៍តានតឹងអារម្មណ៍និងស្រ្តេសច្រើន គួរដឹងពីវិធីងាយៗ ដើម្បីលុបបំបាត់ឲ្យទាន់ពេលវេលា

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម