៩ យ៉ាង មនុស្សឆ្លាតតែងធ្វើរាលថ្ងៃ ភ្លេចមិនបានទេ

  • 2019-09-03 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ភាគ​ធំ បាន​និយាយ​ថា​ អ្នក​ដែល​កើត​មក​មាន​ភាព​វៃ​ឆ្លាត គឺ​ជា​សំណាង​មិន​អាច​កាត់​ថ្លៃ​បាន។ ក្នុង​ន័យ​នេះ​​មិន​​មែន​មាន​ន័យ​ថា អ្នក​មិន​ឆ្លាត​គឺ​មាន​សំណាង​អាក្រក់​នោះ​ទេ​ ព្រោះ​ភាព​វៃ​ឆ្លាត​អាច​បាន​មក​ពី​​កំណើត​និង​ការ​ប្រឹង​ប្រែង​អនុវត្ត​​ជា​​ប្រចាំ។ តាម​ការ​អះ​អាង​របស់​អ្នក​ជំនាញ​បាន​បញ្ជាក់​ទៀត​ថា មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​​ក៏​ជា​កត្តា​ជួយ​អភិវឌ្ឍ​​ខួរក្បាល​​និង​ការ​គិត​របស់​អ្នក​ដែរ។

យ៉ាង​ណា​ក៏​ដោយ មនុស្ស​ឆ្លាត​តែង​​បញ្ចេញ​នូវ​សកម្មភាព​ប្រចាំ​ថ្ងៃ​​ស្រដៀង​ៗ​គ្នា និង​មាន​ចំណង់​ចំណូល​ចិត្ត​​ដូច​គ្នា​ច្រើន។

​១​. ខ្វល់​ខ្វាយ​ពី​រឿង​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ចេះ​ដឹង​រឿង​អ្នក​ដទៃ

ការ​វែក​​ញែក​និង​ការ​និយាយ​ដើម​គេ​ឥត​ប្រយោជន៍​ ជា​អ្វី​ដែល​មនុស្ស​ឆ្លាត​គ្មាន​ចំណាប់​អារម្មណ៍​ ព្រោះ​គេ​មិន​ចង់​ឈឺ​ឆ្អាល​ ខ្ជះខ្ជាយ​ពេល​ទៅ​រវល់​​​ជាមួយ​នឹង​ជីវិត​អ្នក​ដទៃ​។ ជាពិសេស​ មនុស្ស​ឆ្លាត​ចូលចិត្ត​នៅ​ម្នាក់​ឯង​ច្រើន​ជាង​ ព្រោះ​គេ​អាច​ធ្វើ​កិច្ចការ​ផ្ទាល់​ខ្លួន ដោយ​គ្មាន​ការ​រំខាន​។ ពួក​គេ​មិន​មែន​​​ជា​មនុស្ស​ឯកោ​ទេ គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឱ្យ​​ខួរ​​ក្បាល​​​បាន​​សម្រាក​លំហែ​និង​បំពេញ​មុខ​ងារ​ខ្លះ​។

២. ចេះ​កំប្លុក​កំប្លែង​ និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មនុស្ស​​ជុំ​វិញ​ខ្លួន

គេ​ជា​មនុស្ស​ម្នាក់​ ដែល​អាច​រក​នឹក​ឃើញ​រឿង​​​កំប្លែង​គួរ​ឱ្យ​អស់​សំណើច ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​​​នៅ​ជិត​ខ្លួន​សើច​គ្រប់​ពេល​។ អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា មនុស្ស​ឆ្លាត​​មាន​គំនិត​ច្នៃ​ប្រឌិត​​ថ្មី​ប្លែក​ៗ​ច្រើន ដែល​នាំ​ឱ្យ​ការងារ​ទៅ​មុខ​ដោយ​រលូន​និង​ទំនាក់ទំនង​​ល្អ​ជា​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​​​។ ​

អាច​លើក​ជា​ឧទាហរណ៍​ជាក់​ស្តែង​ដូច​ជា​លោក Conan O’Brien ដែល​ជា​តារា​កំប្លែង​​ជនជាតិ​អាមេរិក​ដ៏​ល្បី គឺ​មាន​កម្រិត​ IQ ដល់​ទៅ​១៦០ ស្រប​ពេល​ដែល​មនុស្ស​ទូទៅ​មាន​ចន្លោះ​ពី ៨៥-១១៥ តែ​ប៉ុណ្ណោះ​។

៣. និយាយ​សន្ទនា​ជា​មួយ​ខ្លួន​ឯង

តើ​អ្នក​ដឹង​ទេ​ថា​ សូម្បី​តែ​លោក Albert Einstein ដែល​ជា​មនុស្ស​មាន​​ទេពកោសល្យ​លើ​លោក ក៏​ចូល​ចិត្ត​និយាយ​ជាមួយ​ខ្លួន​ឯង​ដែរ? អ្នក​​ដែល​​តែងតែ​​សន្ទនា​ជាមួយ​ខ្លួន​ឯង​ញឹក​ញាប់ មិន​ថា​និយាយ​ឭ​ចេញ​មក​ក្រៅ​​ឬ​និយាយ​​​នៅ​ក្នុង​ចិត្ត​ឡើយ វា​ជា​សញ្ញា​នៃ​ភាព​វៃ​ឆ្លាត ដែល​មនុស្ស​ធម្មតា​គ្មាន​។

ការ​និយាយ​ទៅ​កាន់​ខ្លួន​ឯង អាច​ជួយ​​សំលៀង​ខួរ​ក្បាល បង្កើត​ការ​ចង​ចាំ និង​ចេះ​គិត​ពិចារណា​កាន់​តែ​ល្អ​ប្រសើរ។ អ្នក​ដទៃ​មើល​មក​អាច​គិត​ថា​អ្នក​កើត​រោគ​ចិត្ត តាម​ការ​ពិត​នេះ​គេ​ហៅ​ថា​ឆ្លាត​ទៅ​វិញ​ទេ។

​​​៤. ចូលចិត្ត​ស្តាប់​ចម្រៀង​ខ្លាំង

នរណា​ក៏​ចូល​ចិត្ត​តន្រ្តី​ដែរ ប៉ុន្តែ​មនុស្ស​ដែល​ឆ្លាត​លើស​គេ តែង​តែ​ប្រទះ​ឃើញ​​មាន​កាស​នៅ​ជាប់​ត្រចៀក​ជានិច្ច​។ អ្នក​ដែល​មាន​សមត្ថភាព​ អាច​លេង​ឧបករណ៍​តន្រ្តី​បាន គឺ​ពិតជា​មនុស្ស​ឆ្លាត ប៉ុន្តែ​​អ្នក​ដែល​ឆ្លាត​លើស​ពី​នេះ​ទៅទៀត​គឺ​អ្នក​ដែល​ស្តាប់​តន្រ្តី​ជាប់​រហូត​។ ជាពិសេស​អ្នក​ចូល​ចិត្ត​ប្រភេទ​ចម្រៀង​ដែល​មាន​ចង្វាក់​ញាប់​ឬ​​បុក​កន្ត្រាក់ ដោយ​មិន​សូវ​ខ្វល់​ពី​ការ​លើក​ដាក់​សំឡេង​និង​អត្ថន័យ​។

៥. ធ្វើ​ការ​ដោយ​ប្រាជ្ញា​មិន​មែន​រំពឹង​តែ​លើ​​កម្លាំង

​​មិន​មែន​រាល់​មនុស្ស​ឆ្លាត​សុទ្ធ​តែ​​ឧស្សាហ៍​​ទាំង​អស់​នោះ​ទេ​ ព្រោះ​ពេល​ខ្លះ​គេ​​ក៏​ខ្ជិល​ណាស់​ដែរ។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​គេ ព្យាយាម​រក​វិធី​ងាយ​ស្រួល​សម្រាប់​ខ្លួន​ឯង ធ្វើ​ការ​​​ដោយ​ប្រើ​ប្រាជ្ញា មិនមែន​ប្រើ​កម្លាំង​អស់​ពី​ខ្លួន​។ ​​

មួយ​វិញ​ទៀត អ្នក​​ដែល​មិន​សូវ​សកម្ម​ខ្លាំង ក៏​ជា​​ប្រភេទ​មនុស្ស​​ឆ្លាត ជាង​អ្នក​ដែល​មើល​ទៅ​មមាញឹក​ឥត​ល្ហែ។ ដោយ​សារ​មនុស្ស​ឆ្លាត​ ប្រើ​ខួរ​ក្បាល​និង​ការ​គិត​ច្រើន ដូច្នេះ​រាង​កាយ​តែង​​ឆាប់​អស់​កម្លាំង​ល្វើយ​​​ជាង​មនុស្ស​ទូទៅ​។

៦. តែង​ឆ្ងល់​និង​ចូលចិត្ត​សួរ

មនុស្ស​ឆ្លាត​តែង​ចេះ​ឆ្ងល់​ចង់​ដឹង​​ និង​ចង់​​ស្វែង​រក​ចម្លើយ​ដោយ​ការ​សួរ​អ្នក​ដទៃ​និង​ស្រាវជ្រាវ​ដោយ​​ខ្លួន​ឯង​​​​។ ពួក​គេ​ចូលចិត្ត​អាន និង​កត់​ត្រា​ទុក ដើម្បី​បង្កើន​ចំណេះ​ដឹង​រាល់​ថ្ងៃ​។

៧. ទទួល​ស្គាល់​កំហុស

មនុស្ស​ឆ្លាត​ចេះ​ទទួល​ស្គាល់​កំហុស​ដែល​ខ្លួន​បាន​ធ្វើ និង​រៀន​សូត្រ​ដើម្បី​កែ​តម្រូវ។ ឆ្លាត​យ៉ាង​ណា​ ក៏​មិន​អាច​​ល្អ​ឥត​ខ្ចោះ​ដែរ​ ដូច្នេះ​ហើយ​បើ​គិត​ថា​ខ្លួន​​ឯង​ ត្រូវ​រហូត​ អ្នក​គឺ​ជា​មនុស្ស​ល្ងង់​ទៅ​វិញ​ទេ។

៨. ចូលចិត្ត​ញ៉ាំ​សូកូឡា

អ្នក​ចូល​ចិត្ត​ញ៉ាំ​សូកូឡា ដល់​ពេល​ត្រូវ​​ត្រេក​អរ​​ហើយ ព្រោះ​សូកូឡា​មាន​តួនាទី​ធ្វើ​ឱ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ​ កាន់​តែ​វៃ​ឆ្លាត​។ មនុស្ស​ដែល​ចូល​ចិត្ត​ញ៉ាំ​សូកូឡា​ញឹក​ញាប់ មាន​ការ​ចង​ចាំ​និង​អាច​គិត​គូរ​បាន​ល្អ​ប្រសើរ​ និយាយ​ស្តី​មាន​ហេតុផល​។

៩. មិន​សូវ​ចូលចិត្ត​និយាយ​សាំញ៉ាំ​ច្រើន

គេ​មិន​មែន​អន់​ផ្នែក​និយាយ​ស្តី​ទេ គ្រាន់​តែ​មិន​ចូលចិត្ត​​និយាយ​អ្វី​​ដែល​ឥត​ប្រយោជន៍​ច្រើន​​។ មនុស្ស​​ឆ្លាត​ ​គេ​និយាយ​តិច​​តែ​មាន​​ខ្លឹម​សារ​យក​ជា​ការ​បាន​ មិន​មែន​សាំ​ញ៉ាំ​ដដែល​ៗ​ ស្តាប់​មិន​ចូល​ត្រចៀក​នោះ​ទេ​។

សាកសង្កេត​មើល​ខ្លួន​ឯង​លេងៗ មាន​ប៉ុន្មាន​ចំណុច​ដែរ​?

ចុចអានបន្ត៖ ចង់​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្តច្រើន មនុស្ស​​ស្រី​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​ឲ្យ​មែន​ទែន

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម