គុណសម្បត្តិនិងគុណវិបត្តិ ពេលលង់ស្នេហ៍បុរសដែលធ្លាប់លែងលះគ្នាពីមុនមក

  • 2019-08-06 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មនុស្ស​ដែល​ធ្លាប់​លែង​លះ​គ្នា​ដាច់​ស្រេច​​ហើយ អាច​ចាត់​ទុក​ដូច​ជា​អ្នក​នៅ​លីវ​​​ក៏​ដោយ​ នៅ​តែ​មាន​គុណសម្បត្តិ​និង​គុណ​វិបត្តិ​​ផ្សេងៗ​ ដែល​​អ្នក​នឹង​ប្រឈម ពេល​គាត់​​ចង់​​ចាប់​ផ្ដើម​ម្ដង​ទៀត​​។ យ៉ាង​ណា​ក្តី មនុស្ស​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ វា​អាស្រ័យ​លើ​ស្ថានការណ៍​ដែរ ដូច​ជា​អ្នក​ខ្លះ​ទើប​តែ​លែង​លះ ខ្លះ​លែង​គ្នា​​យូរ​ហើយ ឯ​អ្នក​ខ្លះ​ទៀត​មាន​​​កូន​​​​នៅ​ជាប់​ពាក់​ព័ន្ធ​ក៏​មាន​។

ខាង​ក្រោម​នេះ​ គឺ​ជា​គុណសម្បត្តិ​និង​គុណវិបត្តិ ដែល​អ្នក​គួរ​ដឹង ពេល​លង់​ស្នេហ៍​បុរស​ដែល​ធ្លាប់​លែង​លះ​គ្នា​ពី​មុន​មក៖

គុណសម្បត្តិ

១. ពេល​វេលា៖ ការ​លែង​លះ​អាច​បណ្ដាល​​មក​ពី​​ធ្លាប់​សម្រេច​​លឿន​ពេក​ពេល​ស្រលាញ់​គ្នា ដោយ​មិន​បាន​ពិចារណា​វែង​ឆ្ងាយ ដូច្នេះ​ហើយ​គាត់​នឹង​​ចេះ​ប្រើ​ពេល​វេលា​​គិត​គូរ​ឲ្យ​បាន​ល្អិត​ល្អន់​ត្រឹម​ត្រូវ មុន​ជឿជាក់​ថា​អ្វី​ៗ​​អាច​ទៅ​​រួច​ដូច​ការ​គិត ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​កំហុស​ដូច​មុន​។

២. ការ​តាំង​ចិត្ត៖ មនុស្ស​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​លែង​លះ អាច​ដឹង​ច្បាស់​ជាង​មុន​ ថា​នឹង​មាន​បញ្ហា​អ្វី​​កើតឡើង។ ថ្វី​ត្បិត​តែ​ត្រូវ​ប្រើ​ពេល​យូរ​បន្តិច​ ប៉ុន្តែ​បើ​គាត់​តាំង​ចិត្ត​ថា​ស្រលាញ់​អ្នក​ហើយ លើក​នេះ​គាត់​នឹង​ព្យាយាម​ថែរក្សា​ឲ្យ​ជាប់​លាប់។

៣. បទពិសោធន៍៖ មនុស្ស​ដែល​ធ្លាប់​ឈឺចាប់​ពី​អតីតកាល ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​វិលវល់ ខ្លាច​បាត់​បង់​ម្តង​ទៀត។ បទពិសោធន៍​​បាន​បង្រៀន​គាត់​ឲ្យ​ស្គាល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់ ដឹង​ថា​អ្វី​សំខាន់ និង​មាន​តម្លៃ នៅ​ពេល​ផ្តើម​ស្នេហ៍​ជា​ថ្មី។

៤. បើក​ចិត្ត​ទូលាយ៖ កាល​ពី​មុន​គាត់​អាច​ជា​មនុស្ស​ពិបាក​និយាយ​គ្នា ប៉ុន្តែ​ក្រោយ​ពី​ជួប​​រឿង​រ៉ាវ​ជា​ច្រើន​រួច​មក គាត់​នឹង​ព្យាយាម​បើក​ចិត្ត​ទូលាយ សម្រប​ខ្លួន រៀន​បត់​បែន​ និង​យល់​ពី​អារម្មណ៍​អ្នក​ដទៃ​បាន​ល្អ​ប្រសើរ។​

៥. ការ​ប្រាស្រ័យ​ទាក់ទង៖ ទំនាក់ទំនង​​ល្អ​ អាច​ជួយ​ធ្វើ​ឲ្យ​គូស្នេហ៍​នៅ​ជាមួយ​គ្នា​​ឋិតថេរ​បាន​​យូរ​អង្វែង។ អ្នក​ដែល​ធ្លាប់​រៀប​ការ និង​រស់​នៅ​ជាមួយ​ដៃគូ​ផ្សេង​ទៀត អាច​នឹង​មាន​ការ​វិវត្ត​ផ្នែក​ប្រាស្រ័យ​ទាក់​ទង​ ដែល​ពុំ​ធ្លាប់​ដឹង​សោះ។

គុណ​វិបត្តិ

១. ធ្លាប់​ជួប​មេរៀន​ឈឺចាប់​កន្លង​មក៖ មូលហេតុ​នេះ​ហើយ ទើប​បាន​ជា​គាត់​ពុំ​សូវ​មាន​ភាព​ត្រេក​ត្រអាល​រំភើប​​ក្នុង​ការ​រៀប​ការ​សារ​ជា​ថ្មី​។ គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​បន្តិច​សិន​ ថា​អាច​ទោ​រួច​ដែរ​ទេ មុន​សម្រេច​ចិត្ត​ថា​ផ្ញើ​ជីវិត​លើ​គាត។​

២. ប៉ះពាល់​​ផ្លូវ​អារម្មណ៍៖ ការ​បែក​បាក់​​ដោយ​មិន​ប្រើ​សន្តិវិធី អាច​​បន្សល់​ទុក​នូវ​កំហឹង​ ភាព​ល្វីង​ជូរចត់​ រួម​ទាំង​ក្តី​ឈឺចាប់​ផ្សេងៗ​។ វា​ត្រូវ​ការ​ពេល​វេលា ដើម្បី​ព្យាបាល​របួស និង​តទល់​ជាមួយ​បញ្ហា​។ បើ​អ្នក​ប្រញាប់​ឈាន​ចូល​​​ទៅ​​លឿន​ពេក អ្នក​ក៏​ងាយ​​នឹង​ប្រឈម​ហានិភ័យ​ដូច​គ្នា។

៣. ទំនុក​ចិត្ត៖ ជា​រឿង​ធម្មតា​ទេ សម្រាប់​​អ្នក​ដែល​​ជួប​រឿង​ឈឺចាប់ ការ​ទុក​ចិត្ត​​​​នរណា​ម្នាក់ ក៏​ថយ​ចុះ​ទៅ​តាម​ហ្នឹង​ដែរ។​ អ្នក​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់ មុន​នឹង​គាត់​អាច​​ជឿ​ជាក់​ទាំង​ស្រុង​បាន។​

៤. មាន​បញ្ហា​ជាប់ពាក់ព័ន្ធ៖​ ក្នុង​នោះ​រួម​មាន បញ្ហា​​​​បែង​ចែក​ផ្ទះ​សម្បែង​ឬ​ដី​​ធ្លី នៅ​មិន​ទាន់​ដោះស្រាយ​​ដាច់​ស្រឡះ​ជាដើម។

៥. បញ្ហា​គ្រួសារ៖ បើ​គាត់​មាន​កូន អ្នក​ត្រូវ​តែ​ទទួល​យក ដោយ​មិន​ប្រកាន់​ពី​អាយុ ឬ​ត្រូវ​រស់​នៅ​ជាមួយ​គ្នា​​ក៏​ដោយ។ នេះ​ហើយ​​ជា​បញ្ហា​ ដែល​អាច​​ធ្វើ​ឲ្យ​អ្នក​ពិបាក​ ប្រសិន​បើ​​ថ្ងៃ​ណា​មួយ ត្រូវ​រស់​នៅ​ជុំ​គ្នា​ពិត​មែន។

កុំ​បារម្ភ​ខ្លាំង​ពេក ស្ថានភាព​របស់​មនុស្ស​ម្នាក់ៗ​​មិន​ដូច​គ្នា​ទាំង​ស្រុង​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​ច្បាស់​ខ្លួន​ឯង​ថា តើ​ទំនាក់ទំនង​បែបនេះ​ជា​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ពិត​ប្រាកដ​និង​អាច​ទទួល​យក​បាន​ដែរ​ទេ? អ្នក​មិន​អាច​វាយ​តម្លៃ​មនុស្ស​ ដោយ​ផ្អែក​លើ​​ប្រវត្តិ​លែង​លះ​តែ​មួយ​មុខ​ឡើយ សំខាន់​ត្រូវ​ចេះ​សង្កេត​ដោយ​ខ្លួន​ឯង​៕​

ចុចអានបន្ត៖ ស្រី​ៗ​ឲ្យ​តែ​មាន​៤​យ៉ាង​នេះ ទោះ​មិន​ស្អាត​ខ្លាំង​ក៏​ប្រុស​តំរៀប​ជួរ​គ្នា​សុំ​ស្រលាញ់​ដែរ

ប្រភព៖ eharmony ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម