ដើរលេងគ្រាន់តែចង់ផ្តល់វីតាមីនឲ្យខ្លួនឯងមានកម្លាំងជាងមុន មិនមែនចង់បង្អួតអ្នកណាឡើយ

  • 2019-07-17 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​ច័ន្ទ​ដល់​សុក្រ ​មនុស្ស​គ្រប់​គ្នា​រវល់​ការងារ​និង​ការ​សិក្សា ព្រលឹម​មិន​ទាន់​ក៏​រូត​រះ​ចេញ​ពី​ផ្ទះ​ជិះ​ម៉ូ​តូ​ឡាន ទាំង​ស្ទះ​ចរាចរណ៍​។ ដោយសារ​តែ​ហត់​នឿយ​នឹង​សម្ពាធ​​ជីវិត ​ពេល​ខ្លះ​គ្រាន់​តែ​ចង់​ឲ្យ​កា​ដូ​ខ្លួន​​ឯង​ ទៅ​ដើរ​លេង​ទី​ណា​ស្អាតៗ​ឲ្យ​ស្រាល​​ខួរ​​ក្បាល​ម្ដង។

រូបតំណាង

​តែ​សម័យ​នេះ ពេល​ឃើញ​យើង​ឧស្សាហ៍​ដើរលេង បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម គេ​បែរ​ជា​គិត​ថា​យើង​មិន​គិត​សន្សំ​លុយ​ទេ ​គិត​តែ​ដើរលេង​សប្បាយ​ហ៊ឺ​ហារ។ ​ខ្លះ​ទៀត​ថា ​ដើរ​លេង​រហូត​ចាំ​មើល​តែ​​ពេល​ឈឺ អត់​លុយ​​មើល​ខ្លួន​បាន​ដឹង​ប្រឹង។ ​តែ​ដោយសារ​​​មិន​ចង់​ធុញ​ថប់ មិន​ចង់​ស្រេ្តស​ខ្លាច​ឈឺ​ហ្នឹង​ហើយ ​ទើប​ខំ​ឆ្លៀត​ពេល​ដើរ​លេង​ខ្លះ ​ឲ្យ​ធូរ​ក្នុង​ចិត្ត ព្រោះ​មិន​ចង់​យក​លុយ​រក​បាន​ពី​ការងារ​ទាំង​​យប់​ទាំង​​ថ្ងៃ​ទៅ​ឲ្យ​ពេទ្យ។

រូបតំណាង

តាម​ពិត​ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​សល់​ទ្រព្យ​ច្រើន​អី​នោះ​ទេ ​តែ​ខ្ញុំ​គ្រាន់​តែ​ចង់​​ឲ្យ​ជីវិត​មុន​​ស្លាប់​ទៅ​យ៉ាង​ហោច​ណាស់​បាន​ស្គាល់​តំបន់​ទេសចរណ៍​ល្បី​ៗ​និង​ស្អាត​នៅ​ស្រុក​យើង​ខ្លះ​ប៉ុណ្ណោះ។ ​ពេល​​ទៅ​ដល់​កន្លែង​​មាន​ទេសភាព​ស្អាតៗ ​គ្រាន់​តែ​ចង់​ថត​រូប​ហើយ​ផុស​ក្នុង​ Account ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ​មិន​បាន​តាំង​ចិត្ត​ចង់​បង្អួត​ឬ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ណា​ឡើយ។

​ម្យ៉ាង​ទៀត​ពេល​ដើរ​លេង ខ្ញុំ​ដឹង​ពី​របៀប​ចាយ​វាយ ​​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ចំណាយ​ច្រើន​ពេក។ ​បើ​ទៅ​ជាមួយ​មិត្ត​ភក្កិ​គឺ​ចែក​គ្នា​ចេញ​ថ្លៃ​បន្ទប់​គេង ​អាហារ និង​ឡាន​ជិះ​ ​ហើយ​បើ​ទៅ​​គ្នា​កាន់​តែ​ច្រើន ​កាន់​តែ​អស់​លុយ​តិច។ ​ពេល​ខ្លះ​ទៅ​ដើរ​លេង​ជាមួយ​អ្នក​ផ្ទះ ​កាន់​តែ​​ចាយ​អស់​តិច​តួច​ថែម​ទៀត​ ព្រោះ​​​ខ្ចប់​បាយ​ម្ហូប​ពី​ផ្ទះ​ទុក​ញ៉ាំ​តាម​ផ្លូវ​អី​ជា​ដើម។

រូបតំណាង

​ចូលចិត្ត​ដើរ​លេង​មិន​មែន​សុទ្ធ​តែ​ជា​មនុស្ស​ចាយ​វាយ​មិន​ចេះ​គិត​នោះ​ទេ គ្រាន់​តែ​ចង់​ឲ្យ​ជីវិត​មាន​ពេល​សប្បាយ ​មាន​ពេល​កម្សាន្ត​នឹង​ធម្មជាតិ​ខ្លះ ​។ ​ព្រោះ​រស់​នៅ​តែ​ក្នុង​ទី​ក្រុង​ មួយ​ថ្ងៃ​ៗ​ហិត​តែ​ផ្សែង​ពុល ប្រជ្រៀត​គ្នា​ជិះ​ឡើង​ស្ទះ​ពេញ​ផ្លូវ ​អាប់​​អួរ​ខ្លាំង​ណាស់៕

ចុចអាន៖ ​​ ទៅស្រុកគេតិចច្រឡំធ្វើរឿងទាំងនេះ ដឹងតែខ្មាសគេខ្លាំង

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម