Song Joong Ki ដាក់​ពាក្យ​លែង​លះ Song Hye Kyo

  • 2019-06-27 02:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា​នេះ អ្នក​តំណាង​​ផ្នែក​ច្បាប់​របស់​តារា​សម្ដែង Song Joong Ki បាន​បង្ហាញ​ក្នុង​លិខិត​ផ្លូវ​ការ​មួយ​ដល់​អ្នក​កាសែត​ថា ៖ "នៅ​ថ្ងៃ​ទី ២៦ យើង​បាន​ដាក់​ពាក្យ​លែង​លះ​ជំនួស​មុខ​ឲ្យ​ Song Joong Ki ទៅ​កាន់​តុលាការ​គ្រួសារ​ក្រុង​សេអ៊ូល”។

បន្ថែម​ពី​នេះ​តារា​ប្រុស​ត្រកូល Song ក៏​បាន​​ផ្ញើ​ពាក្យ​តាម​អ្នក​តំណាង​របស់​ខ្លួន​ថា ៖ "ដំបូ​ង ខ្ញុំ​សូម​​ផ្ញើ​ការ​សុំទោស​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​ស្រឡាញ់​ខ្ញុំ ចំពោះ​ដំណឹង​​អាក្រក់​មួយ​នេះ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​លែង​លះ​ជា​មួយ Song Hye Kyo។ ជា​ជាង​ការ​អូស​បន្លាយ​ដំណើរ​ដោយ​ពិចារណា​កំហុស​​​​​មាន​រៀងៗ​ខ្លួន​ និង​​ចំអក​មើល​ងាយ​គ្នា​ទៅ​វិញ​ទៅ​មក ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​សម្រេច​ការ​លែង​លះ​នេះ​​ដោយ​សន្តិភាព។ ខ្ញុំ​សូម​ឲ្យ​មាន​ការ​យោគយល់ ដោយ​​ថា​វា​ពិបាក​ក្នុង​ការ​ទម្លាយ​​​រឿង​លម្អិត​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​យើង ហើយ​ខ្ញុំ​សន្យា​ថា​នឹង​ពុះពារ​​លើ​បញ្ហា​នេះ និង​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​ក្នុង​នាម​ជា​តារា​សម្ដែង​ចាប់​ពី​ពេល​នេះ”។

គួរ​ដឹង​ថា​ Song Hye Kyo និង Song Joong Ki បាន​រៀប​ការ​នឹង​គ្នា​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០១៧ កន្លង​ទៅ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម