មកដឹងអត្តចរិតមនុស្សស្រីកើតថ្ងៃនីមួយៗ និងគូព្រេងដែលរស់នៅជាមួយគ្នាកើតមាសកើតប្រាក់

  • 2019-05-31 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​កើត​ថ្ងៃ​អាទិត្យ

ជា​មនុស្ស​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ ជា​ពិសេស​អ្នក​ដែល​រាប់​អាន​គ្នា​ដោយ​ស្មោះ​ និង​មិន​ដែល​គិត​ចង់​បាន​គុណ​សម្បត្តិ​ត្រលប់​មក​វិញ​ឡើយ។ អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​លឿន​ៗ គិត​អ្វី​ហើយ​ចង់​តែ​ធ្វើ​វា​ភ្លាម មិន​ចូល​ចិត្ត​រង់ចាំ​យូរ ឆាប់​ខឹង ឆាប់​បាត់ ហើយ​ក៏​ឆាប់​គិត​ឃើញ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ដែរ។ អាច​និយាយ​បាន អ្នក​កើត​ថ្ងៃ​អាទិត្យ​នេះ​ជា​មនុស្ស​សម្រេច​ចិត្ត​លឿនៗ មិន​សូវ​គិត​យូរ មាន​ទឹក​ចិត្ត​ស្រលាញ់ និង​ជា​មនុស្ស​ងាយ​ចុះ​សម្រុង ហើយ​អ្នក​ដែល​អាច​ធ្វើ​ជា​គូ​ព្រេង​នឹង​អ្នក​កើត​ថ្ងៃ​នេះ​ទាល់​តែ​ជា​មនុស្ស​ចាស់​ទុំ គិត​គូរ​វែង​ឆ្ងាយ​បន្តិច។

គូ​ដែល​ល្អ​សម្រាប់​អ្នក​កើត​ថ្ងៃ​នេះ គឺ​អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍ ​ព្រោះ​មនុស្ស​នេះ​កើត​មក​​មាន​លក្ខណៈ​ជា​អ្នក​ដឹក​នាំ ច្រើន​ជាង​ជា​អ្នក​នៅ​ក្រោម​បង្គាប់​គេ។

គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​យក​អាសា​អ្នក​ដទៃ ស្រដៀង​គ្នា​នឹង​អ្នក​កើត​ថ្ងៃ​អាទិត្យ​ដែរ មាន​វិន័យ​ក្នុង​ខ្លួន​ត្រឹម​ត្រូវ ស្មោះ​ត្រង់ សុចរិត និង​មាន​គំនិត​ចាស់​ទុំ​ដែល​អាច​គ្រប់គ្រង​អ្នក​​កើត​ថ្ងៃ​អាទិត្យ​​​ដែល​ជា​មនុស្ស​ឆេវឆាវ មិន​សូវ​គិត​វែង​ឆ្ងាយ ឱ្យ​ចេះ​ទប់​អារម្មណ៍​ខ្លះ។ ​ថ្ងៃ​ក្រោយ​រស់នៅ​ជាមួយ​គ្នា អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍​អាច​ជួយ​ទប់​កំហឹង​អ្នក​កើត​ថ្ងៃ​អាទិត្យ​បាន ​ព្រោះ​ថ្ងៃ​ព្រហស្បតិ៍​មាន​ធាតុ​ដី ចំណែក​ថ្ងៃ​អាទិត្យ​មាន​ធាតុ​ភ្លើង បើ​​ផ្គុំ​ជាមួយ​គ្នា​អាច​មាន​ភាព​កក់​ក្ដៅ មាន​តុល្យភាព និង​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង។

អ្នក​កើត​ថ្ងៃ​ចន្ទ

អត្តចរិត​របស់​អ្នក​កើត​ថ្ងៃ​នេះ គឺ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ អ្នក​ណា​ឃើញ​ហើយ​ក៏​ងាយ​នឹង​លង់​ស្រលាញ់។ អ្នក​ជា​មនុស្ស​សាមញ្ញ ចូល​ចិត្ត​ដាក់​ខ្លួន ជឿ​ជាក់​លើ​ភាព​សាមញ្ញ មាន​មេត្តា និង​​ចេះ​លើក​លែង​ចំពោះ​មនុស្ស​រាល់​គ្នា។ អ្នក​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ពឹង​ផ្អែក​លើ​អ្នក​ណា សូម្បី​តែ​សាច់​ញាតិ​ខ្លួន​ឯង ពោល​គឺ​អាច​ការពារ​ខ្លួន​ឯង​បាន។

គូ​ដែល​ល្អ​សម្រាប់​អ្នក​កើត​ថ្ងៃ​នេះ គឺ​​បុរស​ដែល​​កើត​ថ្ងៃ​ពុធ ​ព្រោះ​គេ​មាន​ធាតុ​ទឹក ចំណែក​ស្រីៗ​កើត​ថ្ងៃ​ចន្ទ​មាន​ធាតុ​ដី​ដែល​រឹង ហើយ​ត្រូវ​ការ​ទឹក​ដើម្បី​បន្ទន់​និង​អាច​មាន​ជីវជាតិ​ដាំដុះ​អ្វីៗ​​បាន​ផល។

ពេល​នៅ​ជាមួយ​គ្នា អ្នក​ទាំង​ពីរ​នឹង​ខិត​ខំ​តស៊ូ​រហូត​ការងារ​បាន​សម្រេច​រៀង​ខ្លួន។ ម្យ៉ាង​ទៀត ប្រុសៗ​ដែល​កើត​ថ្ងៃ​ពុធ ច្រើន​ពូកែ​និយាយ ចេះ​ថ្នាក់​ថ្នម ផ្អែមល្ហែម ត្រូវ​នឹង​ស្រី​ៗ​កើត​ថ្ងៃ​ចន្ទ​ដែល​មិន​ចេះ​ផ្អែម​ល្ហែម និង​មិន​ចូល​ចិត្ត​ឱ្យ​គេ​ជួយ។

ស្រីៗ​កើត​ថ្ងៃ​អង្គារ

អ្នក​កើត​ថ្ងៃ​នេះ​មាន​ធាតុ​ខ្យល់ ចូល​ចិត្ត​និយាយ​អ្វី​ត្រង់​ទៅ​ត្រង់​មក មាត់​រអិល ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន និង​ក្លាហាន។ ពេល​ធ្វើ​អ្វី​មួយ​ ចូល​ចិត្ត​ធ្វើ​ឱ្យ​ចប់​ភ្លាម ជាមួយ​នឹង​អត្តចរិត​រឹង​រូស ​ដែល​ត្រូវ​ការ​អ្នក​​ទន់​ដែល​អាច​ស្រប​តាម​នាង​បាន។

គូ​ដែល​ស័ក្ដិសម​សម្រាប់​នាង គឺ​អ្នក​កើត​ថ្ងៃ​សុក្រ ​ព្រោះ​គេ​មាន​ធាតុ​ទឹក​ដែល​ជា​មនុស្ស​ផ្អែម​ល្ហែម ចូល​ចិត្ត​ជួយ​អ្នក​ពូកែ​និយាយ​ត្រង់​ទៅ​ត្រង់​មក។ ប្រុសៗ​ដែល​កើត​ថ្ងៃ​សុក្រ​តែង​តែ​មាន​ស្នាម​ញញឹម​ដ៏​ទាក់​ទាញ ​អាច​ស្ដាប់​រាល់​បញ្ហា​របស់​អ្នក​កើត​ថ្ងៃ​អង្គារ​បាន។

សម្រាប់​ការ​រួម​រស់​ជាមួយ​គ្នា​អាច​​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ ការ​លំបាក​ខ្លះៗ ​ប៉ុន្តែ​មិន​មាន​រង្គោះរង្គើ​ដោយ​សារ​ភាគី​ខាង​ណា​ឡើយ។ អ្នក​ទាំង​ពីរ​ជា​គូ​ព្រេង​ដែល​អាច​មើល​ថែ​គ្នា​បាន​ដល់​ចាស់​កោង​ខ្នង មិន​ថា​បញ្ហា​តូច​ឬ​ធំ​សុទ្ធ​តែ​អាច​ដោះ​ស្រាយ​បាន។

អ្នក​កើត​ថ្ងៃ​ពុធ

អត្តចរិត​ពិត​របស់​​ស្រីៗ​កើត​ថ្ងៃ​ពុធ​គឺ​ជា​មនុស្ស​សាមញ្ញ ​បាន​សម្ដី ពូកែ​វែកញែក អនាគត​ទៅ​អាច​ក្លាយ​ជា​អ្នក​និយាយ​ជា​សាធារណៈ​បាន​ទៀត​ផង និង​អាច​​បត់បែន​ខ្លួន​​បាន​គ្រប់​កាលៈទេសៈ។ នាង​គឺ​ជា​នារី​ដែល​ខ្វល់ខ្វាយ យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​ស្នេហា។

គូ​ព្រេង​ដែល​ល្អ​សម្រាប់​អ្នក​កើត​ថ្ងៃ​នេះ គឺ​​បុរស​ដែល​កើត​ថ្ងៃ​សៅរ៍ ​ព្រោះ​គេ​នោះ​ជា​មនុស្ស​រឹង​មាំ និង​មាន​ជំហរ​​ត្រឹម​ត្រូវ​សម​ជា​អ្នក​ចេះដឹង។ គេ​មាន​ការ​អត់​ឱន​ខ្ពស់ មាន​គំនិត​ច្រើន ស្វាហាប់ ហើយ​បើ​សេពគប់​​នារី​ណា​ម្នាក់​ក្នុង​រយៈ​ពេល​យូរ​តែង​តែ​គិត​រឿង​អនាគត​ជាមួយ​នាង​តែ​ម្ដង។

អ្នក​ទាំង​ពីរ​គឺ​ជា​គូ​ស្នេហ៍​ដ៏​ស័ក្ដិសម​បំផុត ព្រោះ​អ្នក​កើត​ថ្ងៃ​ពុធ​មាន​ធាតុ​​ទឹក ចំណែក​ថ្ងៃ​សៅរ៍​ធាតុ​ភ្លើង គឺ​ជា​គូ​នឹង​គ្នា។ ធាតុ​ភ្លើង​តែង​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​ធាតុ​ទឹក និង​អាច​​ជួយ​ឱ្យ​គ្រួសារ​មាន​ស្ថេរភាព និង​រឹងមាំ​ដល់​ចាស់។

អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍

ជា​មនុស្ស​ឆាប់​ខឹង​ ឆាប់​បាត់ ឆាប់​គិត​ច្រើន​ ពេល​មាន​រឿង​ខឹង​ម្ដងៗ ក៏​ចូល​​ចិត្ត​ប្រើ​ពាក្យ​ធ្ងន់ៗ តែ​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ រហូត​ពេល​ខ្លះ​គ្មាន​ពេល​​សម្រាប់​ខ្លួន​ឯង​ផង។ អ្នក​កើត​ថ្ងៃ​នេះ​មាន​ធាតុ​ដី​រឹង ដែល​​ទោះ​បី​មិន​អាច​ជួយ​អ្វី​គេ​បាន ក៏​ជួយ​គិត​រក​វិធី​ឱ្យ​អ្នក​នោះ​ដោះ​ស្រាយ​បាន​ដែរ។

គូ​ដែល​ស័ក្ដិសម​សម្រាប់​អ្នក​កើត​ថ្ងៃ​នេះ គឺ​ថ្ងៃ​ចន្ទ ​ព្រោះ​គេ​ជា​មនុស្ស​ចេះ​ដាក់​ខ្លួន មាន​អត្តចរិត​ល្អ​តាំង​ពី​កំណើត​ មិន​ចូល​ចិត្ត​ទៅ​បៀតបៀន​អ្នក​ឡើយ។

អ្នក​កើត​ថ្ងៃ​សុក្រ

ជា​មនុស្ស​ចិត្ត​ល្អ តែ​ចូល​ចិត្ត​​គិត​ច្រើន បារម្ភ​ច្រើន ឆាប់​ខឹង​ក៏​ឆាប់​បាត់។ ចរិត​ដ៏​ល្អ​មួយ​របស់​នារី​កើត​ថ្ងៃ​សុក្រ​នេះ​គឺ​ចូល​ចិត្ត​ជួយ​​យក​អាសា​អ្នក​ដទៃ ចូល​ចិត្ត​ស្រាវ​ជ្រាវ​អ្វី​ថ្មី ស្វែង​រក​ការ​ពិត បើ​កាល​ណា​មាន​រឿង​អ្វី​សង្ស័យ គឺ​ដឹង​តែ​រក​ការ​ពិត​ទាល់​តែ​ឃើញ​ទើប​ស្ងប់​ចិត្ត។

គូ​ព្រេង​ដែល​ស័ក្ដិសម​សម្រាប់​អ្នក​កើត​ថ្ងៃ​នេះ គឺ​អ្នក​កើត​ថ្ងៃ​អាទិត្យ​។ គេ​ជា​បុរស​ដែល​ស៊ី​ជម្រៅ និង​មាន​អាកប្បកិរិយា​សុភាព​រាប​សារ​ចំពោះ​មនុស្ស​គ្រប់​គ្នា មិន​ថា​មនុស្ស​ស្រី​ឬ​មនុស្ស​​ប្រុស ចូល​ចិត្ត​ជួយ​​មនុស្ស​ទន់​ខ្សោយ មាន​ចិត្ត​ស្ងប់​ មិន​ឆេវឆាវ​អាច​​ជួយ​រម្ងាប់​ភាព​ឆេវឆាវ​របស់​អ្នក​កើត​ថ្ងៃ​សុក្រ​បាន។ ​

អ្នក​កើត​ថ្ងៃ​សុក្រ​មាន​ធាតុ​ទឹក​ ចំណែក​អ្នក​កើត​ថ្ងៃ​អាទិត្យ​មាន​ធាតុ​ភ្លើង នៅ​ជាមួយ​គ្នា​អាច​ជួយ​យឹតយោង​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ដល់​ចាស់​សក់​ស្កូវ។

អ្នក​កើត​ថ្ងៃ​សៅរ៍

ជា​មនុស្ស​រឹង​មាំ និង​មិន​ចេះ​ប្រែប្រួល ដោយមាន​ចិត្ត​អធ្យាស្រ័យ​ខ្ពស់។ ជា​មនុស្ស​មាន​មិត្ត​ច្រើន ប៉ុន្តែ​​និយាយ​ពី​មិត្ត​ភ័ក្ដិ​ដែល​អាច​ទុក​ចិត្ត​បាន​គឺ​មាន​តិច​បំផុត ព្រោះ​តែ​ជា​មនុស្ស​ដែល​ឆាប់​ជឿ​​សម្ដី​គេ​បន្តិច​។

គូ​ដែល​ស័ក្ដិសម​សម្រាប់​នាង គឺ​អ្នក​កើត​ថ្ងៃ​ពុធ ​ព្រោះ​អ្នក​កើត​ថ្ងៃ​នេះ​ច្រើន​មាន​វោហារសាស្ត្រ​ពូកែ​​ចរចា ចេះ​សម្រប​ខ្លួន​តាម​កាលៈទេសៈ ​ជា​មនុស្ស​គិត​ពី​ស្នេហា​ច្រើន អាច​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​នារី​ដែល​កើត​ថ្ងៃ​សៅរ៍។ អ្នក​កើត​ថ្ងៃ​សៅរ៍​ធាតុ​ភ្លើង ឯ​អ្នក​កើត​ថ្ងៃ​ពុធ​ធាតុ​ទឹក ដូច្នេះ​ទឹក​តែង​តែ​អាច​ពន្លត់​ភ្លើង​មិន​ឱ្យ​រាលដាល​បាន។ អ្នក​ទាំង​ពីរ​អាច​រស់​នៅ​ជាមួយ​គ្នា​ដល់​ចាស់​សក់​ស្កូវ​បាន និង​អាច​រក​ស៊ី​ចេះ​តែ​ថ្កុំថ្កើង​ទៅ​ថ្ងៃ​មុខ៕

អត្ថបទ៖ តរុណី

អត្ថបទពេញនិយម