ចង់​ដឹង​អត់ថា​តារា​កូរ៉េ​ទាំង​នេះ​ញ៉ាំ​អ្វី​ខ្លះ បាន​ជាសម្រស់​ស្រស់​ស្អាត​​ម្ល៉េះ?

  • 2019-03-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបី​ជា​សិល្បការិនី​ទាំង​នេះ​សុទ្ធ​មាន​វ័យ​ជ្រេ​អស់​ហើយ​ក្ដី តែ​បើ​និយាយ​ពី​សម្រស់​វិញ អាច​និយាយ​បាន​ថា ក្រមុំ​មិន​ដូរ​ឡើយ។ ក្រៅ​ពី​គ្រឿង​សម្អាង ដែល​ជា​ជំនួយ​មួយ​ផ្នែក​នោះ កំពូល​តារា​ស្រី​ទាំង​នេះ​ក៏​រក្សា​សម្រស់​ដោយ​ការ​ទទួល​ទាន​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ក្រុម​អាហារ​ដែល​តារា​ស្រី​ជួរ​មុខ​បរិភោគ​ដើម្បី​រក្សា​ទម្ងន់ និង​ស្បែក​ស្អាត​បាន​យូរ។

១. Song Hye Kyo

ស្ថិត​ក្នុង​វ័យ ៣៦ ឆ្នាំ និង​មាន​អាយុ​បង​ស្វាមី​ខ្លួន​ឯង​ដល់​ទៅ ៤ ឆ្នាំ តែ​កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo នៅ​តែ​មើល​ទៅ​ក្មេង​ជាង​វ័យ សូម្បី​តែ​ពេល​បង្ហាញ​ខ្លួន​ជា​មួយ​ប្ដី។ ដើម្បី​រក្សា​សម្រស់​របស់​ខ្លួន ប្រពន្ធ​របស់ Song Joong Ki និយាយ​ថា​ទេ​ចំពោះ​អាហារ​មួយ​ចំនួន​ដូច​ជា សូកូឡា កូកាកូឡា តែ និង​ចំណី​បន្ទាប់បន្សំ។ ស្រី​ស្អាត​រូប​នេះ​តែង​ញ៉ាំ​ដូច​ជា ផ្លែ​ឈើ បន្លែ និង​ស៊ុត។ អ្វី​ដែល​ពិសេស​នោះ​គឺ Song Hye Kyo ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ល្ពៅ​។

២. Ha Ji Won

ក្នុង​វ័យ ៤០ ឆ្នាំ តែ​តួ​រឿង “Empress Ki” នៅ​តែ​រក្សា​រាង​ស្លីម និង​មុខ​គ្មាន​ស្នាម​ជ្រួញ​សូម្បី​បន្តិច។ ចែក​រំលែក​ពី​របប​ញ៉ាំ​របស់​ខ្លួន នាង​បាន​ឲ្យ​ដឹង​ថា ខ្លួន​តែង​ញ៉ាំ​គ្រាប់​ធញ្ញជាតិ និង​ទឹកដោះ​គោ​ជូ។ បើ​ត្រូវ​ផឹក​ស្រា នាង​តែង​ថែម​ទឹក​ឃ្មុំ និង​ក្រូច​ឆ្មា​ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ស្បែក។

៣. Yoo In Na

កាល​មុន​ចូល​សិល្បៈ Yoo In Na មាន​រាង​ធាត់ និង​ពិបាក​សម្រក​ទម្ងន់។ ក្រោយ​មក​ស្រី​ស្អាត​រូប​នេះ​ក៏​រក​បាន​រូបមន្ត​សម្រក​ទម្ងន់​បាន​សម្រេច​គឺ​ទទួល​ទាន​ស្ពៃ​ក្ដោម។ ហេតុ​នេះ​ហើយ ទោះ​នៅ​ពេល​នេះ​មាន​រាង​ស្លីម​ហើយ​ក៏​ដោយ ក៏​តួ​រឿង “Goblin” នៅ​តែ​បន្ត​ទទួល​ទាន​ស្ពៃ​ក្ដោប​ស្ងោរ​ជំនួស​បាយ​ជា​រឿយ​ៗ។

៤. Jang Nara

គ្មាន​អ្នក​ណា​ជឿ​ឡើយ​ថា តារា​ស្រី​មាន​មុខ​ក្មេង​ដូច​ក្មេង​វិទ្យាល័យ​នេះ​មាន​វ័យ ៣៧ ឆ្នាំ​ហើយ​នោះ​ទេ។ ដើម្បី​រក្សា​សម្រស់​ស្បែក​របស់​ខ្លួន Jang Nara ផឹក​ទឹក​យ៉ាង​តិច​២​លីត្រ​ក្នុង​១​ថ្ងៃ និង​ញ៉ាំ​ផ្លែ​ប៉ោម​មិន​ដែល​ខាន។

៥. Lee Young Ae

ដើម្បី​រក្សា​សម្រស់​ខ្លួន​មិន​ឲ្យ​ប្រែប្រួល​តាម​ពេល​វេលា តួ​រឿង “ជីវិត​នាង​ចាំង​គីម” តែង​ផឹក​តែ​បៃតង និង​ញ៉ាំ​ផ្លែ​ទំពាំងបាយជូ។ គួប​ផ្សំ​នឹង​នោះ​ដែរ គឺ​នាង​មិន​បរិភោគ​អាហារ​ស្រាប់​ដូច​ជា មី​កញ្ចប់ ត្រី​ខ​កំប៉ុង​នោះ​ឡើយ គឺ​ទទួល​ទាន​តែ​អាហារ​ចំអិន​ភ្លាម​ៗ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ bestie អត្ថបទ៖Caramel

អត្ថបទពេញនិយម