តារា​សម្ដែង​ល្បី​ៗ​នៅ​កម្ពុជា​រួម​គ្នា​ផ្សព្វផ្សាយ​​សមភាព​យេនឌ័រ​ក្នុង​ទិវា​សិទ្ធិ​នារី

  • 2019-03-07 07:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នា​ថ្ងៃ​ទី​០៨ ខែ​មីនា​នេះ សិល្ប​ការិនី​ល្បីៗ​ជា​ច្រើន​រូប​នឹង​រួម​គ្នា​រៀប​ចំ​កម្មវិធី​ដ៏​ពិសេស​អស្ចារ្យ “តន្ត្រី​អបអរ​ទិវា​សិទ្ធិ​នារី​ឆ្នាំ​២០១៩” ​នៅ​អគារ​ភ្នំពេញ Factory ។ សិល្ប​ការិនី​ទាំង​នោះ​រួមមាន​ កញ្ញា មាស សុខ​សោភា សុខ ពិសី​ ឡរ៉ា ម៉ម ​អេដា​ ក្រុម Smallworld Smallband ក្រុមរាំ OMG Girls Dance Crew ក្រុម​សិល្បករ New Cambodian Artists ព្រម​ទាំង​ពិធីការិនី​ ឌីចេ​ ណាណា។

កញ្ញា ឡរ៉ា ម៉ម ដែល​ជា​តារា​ចម្រៀង និង​ជា​នាយក​ប្រតិបត្តិ​នៃ​ផលិត​កម្ម​បារមី​បាន​និយាយ​ថា៖ “នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ។ វា​គឺ​ជា​ការ​ប្រារព្ធ​ដើម្បី​បង្ហាញ​អំពី​កម្លាំង​ និង​អំណាច​របស់​ស្ត្រី។   ព្រឹត្តិការណ៍​នេះ​នឹង​រួម​បញ្ចូល​ទីផ្សារ​ដ៏​ធំ​មួយ​ដែល​មាន​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ជាង​៤០ ក្នុង​នោះ​ដែរ​ជាង​ពាក់​កណ្តាល​កាន់​កាប់​ដោយ​ស្ត្រី​ខ្មែរ។ កម្មវិធី​នេះ​ក៏​មាន​ការ​សម្តែង​សិល្បៈ ​ការ​ពិព័រណ៍​សិល្បៈ សកម្មភាព​គ្រួសារ អាហារ និង​កម្មវិធី​ជា​ច្រើន​ផ្សេង​ទៀត ដោយ​ចាប់​ផ្តើម​ពី​ម៉ោង​៤:០០ រសៀល​ត​ទៅ។  

ការ​ប្រគំ​តន្ត្រី​ចាប់​ផ្តើម​ពី​ម៉ោង​ ៦:០០ ល្ងាច​ត​ទៅ ដោយ​ចាប់ផ្តើម​ជាមួយ​នឹង​ចម្រៀង​សម័យ​បុរាណ​ដ៏​ល្បី​ល្បាញ​របស់​លោក​ស្រី រស់ សេរី​សុទ្ធា និង​លោក​ស្រី ប៉ែន រ៉ន ការ​សម្តែង​ក្បាច់​រាំ​របស់ NCA and OMG Girls Dance Crew និង​ក្រុម Vartey Ganiva band​ កញ្ញា អេដា​ កញ្ញា សុខ ពិសី​ កញ្ញា ឡរ៉ា ម៉ម ដោយ​មាន​រួម​បញ្ចូល​ក្រុម​អូន និង​ក្មេង​ខ្មែរ​ ក្រុម Smallworld Smallband​ កញ្ញា មាស សុខសោភា និង​ការ​បិទ​បញ្ចប់​កម្មវិធី​ដោយ ​ឌីចេ រ៉ូស។  

តេង សុផាន់ណា ប្រធាន​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ស្មាត​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ដែល​ឃើញ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ​ដែល​អាច​ឲ្យ​យើង​ផ្លាស់ប្តូរ​ការ​គិត​ដែល​ស្ត្រី​មិន​អាច​ទៅ​ឆ្ងាយ​បាន។ ព្រឹត្តិការណ៍​នេះ ​នឹង​បង្កើត​ផល​ប៉ះពាល់​ជា​វិជ្ជមាន​សម្រាប់​ស្ត្រី​នៅ​ក្នុង​សង្គម។ ជឿ​ជាក់​លើ​ខ្លួន​អ្នក។”

សម្រាប់​អ្នក​ចង់​ចូល​រួម​នេះ មាន​កម្មវិធី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​នឹង​កើត​មាន​រហូត​ថ្ងៃ​ប្រារព្ធ​កម្មវិធី។ ត្រៀម​ខ្លួន​ទស្សនា​ការ​បង្ហាញ​វីដេអូ​ដ៏​ជក់​ចិត្ត​នៃ​កិច្ច​សន្ទនា​គ្នា​ជាមួយ​ក្រុម​ស្ត្រី​កម្ពុជា​ដែល​មាន​ឥទ្ធិពល និង​វីដេអូ​តន្ត្រី​ថ្មី​របស់ កញ្ញា ឡរ៉ា ម៉ម។

លោក​ស្រី Pauline Tamesis​ អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា៖“ការ​ប្រគំ​តន្ត្រី​នេះ គឺ​ជា​ចក្ខុវិស័យ​ដ៏​សំខាន់​មួយ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ និង​ធានា​ថា​សិទ្ធិ និង​សំឡេង​របស់​ស្ត្រី និង​យុវតី​នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពេញ​លេញ។

យើង​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​២០១៩​ ជាមួយ​ក្រុម​ស្ត្រី​អ្នក​ដឹក​នាំ​វ័យ​ក្មេង។”

ព្រឹត្តិការណ៍​ការ​ប្រគំ​តន្ត្រី​អបអរ​ទិវា​សិទ្ធិ​នារី​រៀបចំ​ដោយ​ផលិតកម្ម​បារមី និង ​The Sound Initiative សហការ​ជាមួយ​ក្រុមហ៊ុន​ស្មាត។ ម្ចាស់​ជំនួយ​សប្បុរស​នានា​សម្រាប់​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​នេះ ​រួម​មាន​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា (UNDP, OHCHR, WFP, UNFPA, UNAIDS), ក្រុមហ៊ុន Vivo​ ក្រុមហ៊ុន Mekong Homes កិច្ចសហប្រតិបត្តិការណ៍ ​និង​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស្វីស ស្ថានទូត​ចក្រភព​អង់គ្លេស ស្ថានទូត​អូស្ត្រាលី ​និង​ក្រុមហ៊ុន​តូយ៉ូតា។  

សម្រាប់​ព័ត៌មាន​បន្ថែម​ថ្មីៗ និង​ទំនាក់ទំនង​ទៅ​កាន់​អ្នក​រៀបចំ​កម្មវិធី សូម​ចុច​ទីនេះ!

 

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម