វិធី​ដក​មនុស្ស​ម្នាក់​ចេញ​ពី​បេះដូង ដោយ​មិន​បាច់​បង្ខំខ្លួន​ឯង

  • 2018-11-17 09:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បំភ្លេច​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ស្រឡាញ់​គឺ​ជា​រឿង​លំបាក​មួយ​ព្រោះ​ពេល​ខ្លះ​កាន់​តែ​ចង់ភ្លេច​កាន់​តែ​ចងចាំ។ ការពិត​អ្វី​ដែល​សំខាន់​មិន​មែន​បំភ្លេច​គាត់​នោះ​ទេ តែ​ត្រូវធ្វើ​ចិត្ត​ឲ្យ​ប្រសើរឡើង​វិញ ព្រោះ​ខួរក្បាលយើង​មាន​ការចងចាំ ដូច្នេះ​ភ្លាមៗ​មិន​អាច​លុប​នរណា​ម្នាក់ឡើយ។ អត្ថបទ​ខាង​ក្រោម​នេះ នឹង​បង្ហាញ​វិធីធ្វើ​ចិត្ត​ឲ្យ​រឹងមាំ​មក​វិញ​ខ្លះ នៅ​ពេល​អ្នក​កំពុង​នឹង​គេ​ខ្លាំង ៖

១. ទទួល​យក​អ្វី​ដែល​បាន​កើតឡើង

បើ​​មាន​អារម្មណ៍​ថា​ឈឺចាប់​ខ្លាំង ក៏យំ​ទៅ​​ ស្រែក​ទៅ កុំបាច់​លាក់ទុក​ក្នុង​ទ្រូង​នាំ​តែ​ពិបាក​ដកដង្ហើម។ បន្ទាប់​មក អ្នក​នឹង​ត្រូវ​ទទួល​រង​អារម្មណ៍​ឯកា ដូច្នេះអ្នក​គួរ​តែ​ចែក​រំលែក​វា​ទៅ​គ្រួសារ ឬ​ក៏​មិត្ត​ភក្តិ​ដែល​អ្នក​ទុកចិត្ត​ ឬ សរសេរ​វា​ក្នុង​សៀវភៅ​កំណត់​ហេតុ​ដើម្បី​ឲ្យ​បាន​ធូរស្រាល​ជាជាង​លាក់​ទុក​ម្នាក់​ឯង។

រូបតំណាង

**២. កុំ​ព្យាយាមបង្ខំ​ខ្លួន​ឯង​ឲ្យ​ស្អប់​គេ**

នៅ​ពេល​ដែល​អ្នក​ព្យាយាម​ស្អប់​នរណា​ម្នាក់​ ម្នាក់​នោះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​គិត​របស់​អ្នក​។ កុំ​បង្ខំ​ខ្លួន​ឯង​អី​ ធ្វើ​តាម​សម្រួល​ទៅ ទុក​ឲ្យ​អ្វី​ៗ​ទៅ​តាម​ដំណើរ​របស់​វា​។​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ព្យាយាម​គិត​ថា​គេ​គ្មាន​តម្លៃ​ទៀត​ទេ​ក្នុង​ជីវិត​អ្នក។

៣. ស្រឡាញ់​ខ្លួន​ឯង​ឡើងវិញ

ពេល​ខ្លះ​ប្រហែល​អ្នក​អាច​ភ្លេច​ស្រឡាញ់​ខ្លួន​ឯងនៅពេល​អ្នក​ស្រឡាញ់​គេ​ខ្លាំង​ពេក ដូច្នេះ​ពេល​នេះ​គួរ​តែជា​ពេល​ដ៏​ល្អ​ដែល​អ្នក​ត្រូវ​មើល​ថែ​ខ្លួន​ឯង​ម្ដង​ហើយ។ កុំ​ចំណាយ​ពេល​គិត​ពី​គេ ឬ​រំលឹក​រឿង​ពី​មុន​អី​ គួរ​តែឆាប់​ចូល​គេង​ ឆាប់​ក្រោក​ ហើយ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​សប្បាយ​ចិត្ត​ ព្រោះ​គ្មាន​អ្នក​ណា​អាច​ស្រឡាញ់​អ្នក​ជាង​ខ្លួន​ឯង​នោះ​ទេ។

៤. កុំ​ព្យាយាម​ធ្វើ​ ឬគាស់កកាយរឿង​ពីមុន​ៗ​

ក្រែង​អ្នក​ចង់​បំភ្លេច​គេ​ណាស់មែន​ទេ?​​ហេតុ​អី​ត្រូវ​ធ្វើ​រឿង​ដែល​អ្នក​និង​គេធ្លាប់​ធ្វើពីមុន?​ ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ​អ្នក​រឹត​តែ​ឈឺចាប់​ និង​នឹក​គេកាន់​តែ​ខ្លាំង​ប៉ុណ្ណោះ។

រូបតំណាង

៥. បង្កើត​ការ​ចង​ចាំ​ថ្មី

ស្គាល់​មនុស្ស​ថ្មី​ ទៅ​កន្លែង​ថ្មី​ៗ​ ញ៉ាំ​អី​ដែល​អ្នក​មិន​ធ្លាប់​ញ៉ាំ ធ្វើ​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ដើម្បី​បង្កើត​ការ​ចងចាំ​ថ្មី​ៗ​ដើម្បី​លុប​ការ​ចង​ចាំ​ចាស់​ៗ។ ជំនួស​ឲ្យ​រឿង​មិន​ល្អ​ដែល​ធ្លាប់​មាន​ស្នាម​ក្នុង​ចិត្ត អ្នក​ត្រូវ​ព្យាយាម​បង្កើត​រឿង​ថ្មីៗ រឿង​ល្អៗ ទើប​ចិត្ត​ និង ងារម្មណ៍​អ្នក​ជ្រះស្រឡះទៅតាម​នោះ។

៦. កុំ​​បន្តទាក់ទង​គេទៀត​

បើ​សិន​ជា​អ្នក​នៅ​តែ​បន្ត​ទាក់ទង​គេ​ក្នុង​ឋានៈ​អ្វី​ក៏​ដោយ​ អ្នក​ពិត​ជា​ពិបាក​នឹង​ធ្វើ​ចិត្ត​ឲ្យ​ស្រួល​ឡើង​វិញ​ណាស់ ព្រោះ​មនុស្ស​ធ្លាប់​ស្រឡាញ់​គ្នា​ មនុស្ស​ធ្លាប់​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​។អ្នក​គួរតែ​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​គាត់​ទើប​​ល្អ​ ចាំ​ពេល​ណាខ្លួន​ឯង​រឹងមាំហើយ សឹម​ត្រឡប់​មក​រាប់អាន​គ្នា​ក៏​មិន​ខាតបង់អី​ដែរ។

៧. ផ្លាស់​ប្ដូរ​ការ​រស់នៅ​របស់​អ្នក​

រៀប​ចំ​បន្ទប់​អ្នក​ឲ្យ​ស្អាត​ បោះ​ចោល​របស់​ណា​ដែល​ពាក់ព័ន្ធ​រវាង​អ្នក​​នឹង​គេ និង​របស់​ដែល​គេធ្លាប់​ឲ្យ​អ្នក​ ដើម្បី​កុំ​ឲ្យ​ពេល​ដែល​អ្នក​ឃើញ​វា​អ្នក​នឹក​ដល់​ម្ចាស់។​ ពេលចេញទៅក្រៅ​រៀបចំខ្លួនឲ្យ​ស្អាត ធ្វើ​អី​ដែល​នាំ​ឲ្យខ្លួន​កាន់​តែ​ខ្ពស់បែប​នេះ​ទើប​ជា​ការ​តប​ស្នង​នៅ​ពេល​គេ​ចាកចេញ។

រូបតំណាង

៨. កុំ​ព្យាយាម​បញ្ឈឺគេ

អ្នក​ត្រូវ​ចាំ​ថា​ត្រូវ​រក្សា​ខ្លួន​ឯង​ឲ្យ​មាន​តម្លៃ​ ការ​សង​សឹក​ ការ​បញ្ឈឺមិន​មែន​ជា​វិធី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ទេ​ ព្រោះ​ពេល​អ្នក​ធ្វើ​បែប​នេះ​គឺ​អ្នក​គ្មាន​ថ្ងៃ​ភ្លេច​គេ​នោះ​ទេ​ ហើយ​រឹត​តែ​ឲ្យ​គេ​យល់​ថា​អ្នក​នៅ​ស្រឡាញ់​គេ​ទៀត​ផង។

៩. បើក​ឱកាស​ឲ្យ​ខ្លួន​ឯង​

​កុំ​ព្យាយាម​ឃុំ​ខ្លួន​ឯង​ក្នុង​អតីតកាល​​ដោយសារ​គេអី​ ត្រូវ​គិត​ថា​គេជា​មនុស្ស​ដែល​មិន​សក្ដិ​សម​ជាមួយ​អ្នក​ ហើយ​អ្នក​នឹង​អាច​ទទួល​បាន​ស្នេហា​ដែល​ល្អ​ជាង​នេះ។​ ក្នុង​ពិភពលោក​នេះ​មិន​មែន​មាន​តែ​គេ​ម្នាក់​ឡើយ ហើយ​ថ្ងៃ​ណា​មួយ​គូ​ព្រេង​ពិត​នឹង​មក​ជួប​អ្នក​មិន​ខាន។

រូបតំណាង

ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​នេះ​ឲ្យ​បាន​ល្អ​បំផុត ព្រោះ​វា​ជា​ពេល​ដែល​អ្នក​ឆ្ពោះ​ទៅ​រក​ផ្លូវ​មួយ​ដែល​ល្អ​ជាង​នេះ៕

ចុចអាន៖បើ​គេ​បង្ហាញ​សញ្ញាទាំង​នេះ​ចេញមក វាគ្រប់គ្រាន់ឲ្យ​អ្នកដើរ​ចេញ​ពី​ស្នេហា​នោះ​ហើយ

ប្រភព៖ pairedlife ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម