អារម្មណ៍នៅពេលដែលគេលែងស្រលាញ់យើងទៀត
- 2018-09-30 08:09:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារម្មណ៍នៅពេលដែលគេលែងស្រលាញ់យើងទៀត
ពេលដែលគេលែងស្រលាញ់យើងទៀត វាមិនពិបាកដើម្បីដឹងនោះឡើយ។
នៅពេលគេលែងស្រលាញ់អ្នក គេស្រាប់តែក្លាយជាមនុស្សដែលរវល់បំផុតនៅលើពិភពលោក។ សារស្នេហាដ៏វែងអន្លាយ ប្រែក្លាយទៅជាខ្លីកំបុត។ ការនិយាយទូរសព្ទរាប់ម៉ោងជាមួយគ្នាក៏ប្រែទៅខ្សត់ទៅៗ។ បើយើងផ្ញើសារ ឬទូរសព្ទទៅមុន ក៏គេធ្វើហីៗ។ ការជួបគ្នាកាន់តែពិបាកឡើងៗ រហូតដល់អង្គុយក្បែរគ្នាក៏លែងមានអារម្មណ៍កក់ក្ដៅទៀតដែរ។
ពេលគេលែងស្រលាញ់អ្នកទៀត គេក្លាយជាមនុស្សមានការចងចាំអន់បំផុត។ រាល់អ្វីដែលទាក់ទងនឹងអ្នក គឺគេលែងចាំទាំងអស។ រាល់អនុស្សាវរីយ៍របស់អ្នកទាំង២គឺភ្លេចខ្ទេច។ មិនប្រាកដថាការចងចាំគេចុះខ្សោយ គ្រាន់តែអារម្មណ៍របស់អ្នកលែងនៅអ្នកទៀតហើយ។
ពេលគេលែងស្រលាញ់អ្នកទៀត គេនឹងបង្ហាញអត្តចរិតដែលអ្នកមិនដែលបានឃើញពីមុនមក។ អ្នកមិនជឿនឹងភ្នែកខ្លួនឯងថា មានថ្ងៃមួយ គេនឹងចុចបិទមិនទទួលទូរសព្ទរបស់អ្នក។ គេអានសាររបស់អ្នកទាំងអស់ តែមិនខ្ចីឆ្លើយតប។ អ្នកសួរខ្លួនឯងថា ហេតុអីគេដាច់ចិត្តដល់ថ្នាក់នេះ មិនមែនគេធ្លាប់ស្រលាញ់អ្នកខ្លាំងណាស់ទេឬ?
ពេលគេលែងស្រលាញ់អ្នកទៀត គេហាក់ប្រែទៅជាមនុស្សគ្មានបេះដូង។ រាល់រឿងពិបាកចិត្តរបស់អ្នកទាំងអស់និយាយចេញមក មិនធ្វើឲ្យគេរំជួលចិត្តសូម្បីបន្តិច។ គេប្រែក្លាយជាមនុស្សចិត្តដាច់បំផុតនៅលើលោក រឿងដែលល្អបំផុតដែលអ្នកអាចធ្វើឲ្យគេនោះគឺ កុំរំខានគេទៀត។
ពេលគេលែងស្រលាញ់អ្នក គេអនុញ្ញាតឲ្យខ្លួនគេមានចំណងមនោសញ្ចេតនាថ្មី ដែលអ្នកគ្មានសិទ្ធិជ្រៀតជ្រែកចូលបាន។ ពេលគេបោះជើងចូលក្នុងជីវិតរបស់អ្នក គេត្រូវការការអនុញ្ញាតពីអ្នក តែពេលគេដើរចេញ គេមិនត្រូវការការអនុញ្ញាតពីអ្នកឡើយ។
ពេលគេលែងស្រលាញ់អ្នកទៀត សូមកុំទៅយំនៅមុខគេ ព្រោះទង្វើនេះគ្រាន់តែធ្វើឲ្យគេកាន់តែស្អប់អ្នកថែមតែប៉ុណ្ណោះ ហើយវាក៏ធ្វើឲ្យធ្លាក់តម្លៃរបស់អ្នកកាន់តែទាបផងដែរ។ នៅពេលនេះ ប្រើទឹកភ្នែកដើម្បីអូសទាញគេគឺលែងមានប្រសិទ្ធភាពហើយ។
ពេលគេលែងស្រលាញ់អ្នកហើយ មិនបាច់ជីកសួររកហេតុផលអ្វីឡើយ ព្រោះគ្រប់ហេតុផលនៅពេលនេះគ្រាន់តែជាលេសតែប៉ុណ្ណោះ។
ពេលគេលែងស្រលាញ់អ្នកហើយ ត្រូវចេះស្រលាញ់ខ្លួនឯងឲ្យបានច្រើនជាងមុន ព្រោះពីមុនមានមនុស្ស២នាក់ស្រលាញ់យើង តែពេលនេះនៅតែយើងទេ ដូចនេះត្រូវចេះស្រលាញ់ខ្លួនឯងទ្វេដង៕