ពាក្យ​សម្ដី​ដែល​​មនុស្ស​​ថ្លៃថ្នូរ មិន​គួរ​​ឲ្យ​របូត​ចេញ​ពី​មាត់

  • 2018-08-31 04:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ថ្លៃថ្នូរ​មិន​សំដៅ​យក​ការ​កើត​ក្នុង​ត្រកូល​អ្នក​មាន ត្រកូល​អ្នក​អភិជន​អី​ទេ តែ​វា​សំដៅ​ទៅ​លើ​ឫកពា​ មាយាទ និង​ការ​អប់រំ​ដែល​មនុស្ស​ម្នាក់ៗ​មាន។ បើ​សិន​ជា​អ្នក​ចង់​កា្លយ​ជា​មនុស្ស​ដែល​មាន​ភាព​ថ្លៃថ្នូរ រស់​ក្នុង​សង្គម​មួយ​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​ខ្លួន​ឯង​នោះ អ្នក​មិន​ត្រូវ​ប្រើ​ពាក្យ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​ទេ ៖

រូបតំណាង

**១. ​ពាក្យ​អាក្រក់ៗ​ស្ដាប់**

បើ​សិន​ជា​អ្នក​រស់​ក្នុង​សង្គម​មួយ​ដែល​ថ្លៃថ្នូរ​ដែរ​នោះ ពាក្យ​អាក្រក់ៗ​ស្ដាប់​មិន​គួរ​ណា​ឲ្យ​របូត​ចេញ​ពី​មាត់​របស់​អ្នក​នោះ​ទេ។ ទោះ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​ក៏​អ្នក​មិន​គួរ​ប្រើ​ណា​ដែល​ពិបាក​ស្ដាប់​ឡើយ ទោះ​ពេល​ខ្លះ​អ្នក​មាន​ចេតនា​លេង​សើច​ក៏​ដោយ។

២. ​ពាក្យ​ពេល​កំពុង​ខឹង

មនុស្ស​ដែល​កំពុង​ខឹង​គឺ​ភាគ​រយ​ខ្ពស់​ណាស់​ក្នុង​ការ​និយាយ​អី​ដោយ​មិន​បាន​គិត មិន​បាន​ប្រុងប្រយ័ត្ន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រឿង​មិន​ល្អ​កើត​ឡើង។ អ្នក​គួរ​តែ​រៀន​គ្រប់គ្រង​ខ្លួន​ឯង​ពេល​ដែល​ខឹង​អ្វី​មួយ​ឲ្យ​បាន​ប្រសើរ ព្រោះ​ពេល​ខ្លះ​ដោយសារ​តែ​ពាក្យ​អ្នក​និយាយ​ចេញ​មក​នោះ ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ​ក៏​ថា​បាន។

៣. ពាក្យ​ដែល​ធ្វើ​ឲ្យ​គេ​ឈឺចាប់

ពាក្យ​ណា​ដែល​​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺចាប់​ អ្នក​មិន​គួរ​និយាយ​ទៅ​កាន់​គេ​នោះ​ទេ។ ធ្លាប់​ឮ​ទេ​ថា «ពាក្យ​សម្ដី​អាច​សម្លាប់​មនុស្ស​បាន» ដូច្នេះ​ហើយ​អ្នក​គួរ​តែ​យក​ចិត្ត​គេ​ដាក់​ចិត្ត​ខ្លួន​ឯង​ថា​តើ បើ​គេ​និយាយ​ពាក្យ​នោះ​មក​កាន់​អ្នក តើ​អ្នក​ឈឺចាប់​ទេ?

៤. ពាក្យ​កុហក

មនុស្ស​ដែល​និយាយ​កុហក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​មិន​ស្មោះ​ត្រង់​ ហើយ​ក៏​ជា​ពាក្យ​ដែល​មិន​គួរ​ឲ្យ​មាន​​សម្រាប់​អ្នក​ដែរ។ នៅ​ពេល​ដែល​អ្នក​និយាយ​កុហក​ច្រើន​ដង​ពាក្យ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​លែង​ទុកចិត្ត និង​ជឿជាក់​ទៀត​ហើយ ពេល​នោះ​តម្លៃ​អ្នក​ក៏​អន់ទៅ​តាម​នោះ​ដែរ។

៥. រឿង​សម្ងាត់​របស់​នរណា​ម្នាក់​ដែល​អ្នក​ដឹង

​បើសិន​ជា​មាន​មិត្ត​ស្និទ្ធស្នាល​ប្រាប់​អ្នក​នូវ​រឿង​សម្ងាត់​របស់​គេ​មក​ឲ្យ​អ្នក​ដឹង​នោះ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​រក្សា​រឿង​នេះ​ឲ្យ​គេ​បាន។ ការ​ដែល​ដឹង​រឿង​របស់​គេ​ហើយ យក​វា​ទៅ​ចែករំលែក​អ្នក​ដទៃ​ទៀត​គឺ​ជា​ទង្វើ​ដ៏​អសីលធម៌​បំផុត​ដែល​មនុស្ស​ថ្លៃថ្នូរ​មិន​គួរ​ធ្វើ។

រូបតំណាង

៦. រឿង​ផ្ទៃ​ក្នុង​គ្រួសារ

ទោះ​អ្នក​មិន​ពេញ​ចិត្ត​ជាមួយ​គ្រួសារ​អ្នក ឬ​សាច់ញាតិ​អ្នក​យ៉ាង​ណា​ក៏​ដោយ​អ្នក​មិន​គួរ​ដើរចេញ​និយាយ​ប្រាប់​គេ​ប្រាប់​ឯង​ពី​រឿង​ផ្ទៃ​ក្នុង​គ្រួសារ​អ្នក​ដែរ។ ល្អ​អាក្រក់​អ្នក​គួរ​តែ​ដោះស្រាយ​ក្នុង​គ្រួសារ​អ្នក មិន​មែន​ដើរ​ហែកកេរ្តិ៍​គ្នា​នោះ​ទេ។

សម្ដី​ដែល​របូត​ចេញ​ពី​មាត់​អ្នក​ហើយ​ពេល​ខ្លះ​មិន​អាច​យក​ទៅ​វិញ​ទេ ដូច្នេះ​អ្នក​ត្រូវ​គិត​ឲ្យ​មែន​ទែន​មុន​និយាយ​វា​ចេញ​មក៕

ចុចអាន៖៤ហេតុផល​សំខាន់ៗ​​ ដែល​មនុស្ស​ស្រីត្រូវ​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ​

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម