បាត់​លុយ៥ម៉ឺន​ ម្ដាយ​ប្រឹង​ដើរ​រក​ស្ទើរ​ឆ្កួត កូន​ប្រុស​ទ្រាំ​មិន​បាន​សុខ​ចិត្ត...

  • 2018-08-26 07:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លើ​លោក​នេះ​តើ​មាន​អ្វី​ដែល​ធំ​ជាង​ក្ដី​ស្រឡាញ់​របស់​ម្ដាយ! នេះ​ជា​ពាក្យ​ក្នុង​ចិត្ត​កូន​ៗ​គ្រប់​គ្នា​ដែល​រឭក​ដឹង​ព្រះ​គុណ​របស់​ម្ដាយ​ដែល​ជា​បុគ្គល​ចាំ​តែ​ឲ្យ​ដោយ​មិន​រំពឹង​ផល​តប​ស្នង។ ការ​ព្រួយ​បារម្ភ​រវាង​ឪពុក​ម្ដាយ​និង​កូន រមែង​កើត​មាន​ស្រប​គ្នា​ជា​ញឹកញាប់ ដូច​ជា​រឿងរ៉ាវ​របស់​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​ឋានៈ​ជា​អ្នក​ក្រីក្រ​តាម​ស្រែ​ចម្ការ ដោយ​ឪពុក​បាន​ស្លាប់​ចោល​តាំង​ពី​គេ​អាយុ ៣ខួប ហើយ​ម្ដាយ​របស់​គេ​ប្រកប​របរ​ជា​អ្នក​ស៊ី​ឈ្នួល​បោក​សំលៀកបំពាក់ ដូច្នេះ​គេ​ក៏​ព្យាយាម​ដើរ​ការងារ​ឲ្យ​គេ តាំង​ពី​ថ្នាក់​បឋម ដើម្បី​ជួយ​សម្រាល​ភារៈ​របស់​ម្ដាយ​និង​ទុក​រៀន​ខ្លួន​ឯង។

រូបតំណាង

ក្នុង​ខណៈ​ដែល​កូន​ប្រុស​អាយុ ១៨ឆ្នាំ គេ​រៀន​ពូកែ​បាន​ចំណាត់ថ្នាក់​ល្អ​គ្រប់​មុខ និង​បាន​ប្រឡង​ជាប់​ចូល​រៀន​មហាវិទ្យាល័យ​យ៉ាង​ងាយ។ ម្ដាយ​របស់​គេ​បាន​លួច​ទៅ​លក់​ឈាម​ដើម្បី​ត្រៀម​ប្រាក់​ឲ្យ​គេ​ចូល​រៀន​មហាវិទ្យាល័យ។ កូន​ប្រុស​ដឹង​ តែ​បាន​ត្រឹម​តែ​ធ្វើ​មិន​ដឹង ព្រោះ​ខ្លាច​ធ្វើ​ឲ្យ​ម្ដាយ​កាន់​តែ​ខូច​ចិត្ត។ តាមពិត​កូន​ប្រុស​ផ្ទាល់​ក៏​បាន​បិទបាំង​ម្ដាយ​ដែរ​ពី​រឿង​ដែល​គេដើរ​​ស៊ី​ឈ្នួល​លី​សែង ដើរ​បោះ​កាសែត​រហូត​ធ្លាប់​ខ្យល់​គ​សន្លប់​កណ្ដាល​ថ្នល់ ព្រោះ​ចង់​សម្រាល​បន្ទុក​របស់​ម្ដាយ។

កំឡុង​ពេល​វ៉ាកង​​ឆ្នាំ​ទី​២ កូន​ប្រុស​បាន​ត្រលប់​មក​ផ្ទះ សម្លឹង​ឃើញ​ម្ដាយ​ដែល​ត្រូវ​បោក​ខោ​អាវ​ដោយ​ដៃ​ក្រោម​អាកាស​ធាតុ​ដ៏​ត្រជាក់។ ម្ដាយ​ប្រាប់​កូន​ប្រុស​ថា "ការងារ​ផ្សេង​ៗ​ត្រូវ​ធ្វើ​យូរ​ទម្រាំ​បាន​លុយ មាន​តែ​បោក​ខោ​អាវ​នេះ​ហើយ​ដែល​ល្អ​បំផុត បោក​មួយ​អាវ​ៗ​បាន ៥០០៛​ដែរ។ ខោអាវ​អស់​នេះ​អត់​គគ្រិច​ទេ​កូន​ សុទ្ធ​តែ​ខោ​អាវ​អ្នក​មាន គេ​ខ្លាច​បោក​ម៉ាស៊ីន​ទៅ​ខូច​ខោ​អាវ​គេ ទើប​គេ​យក​ឲ្យ​ម៉ែ​បោក"។

រូបតំណាង

ល្ងាច​ថ្ងៃ​នោះ ក្រោយ​ពី​ហូប​បាយ​ល្ងាច​រួច ម្ដាយ​ក៏​និយាយ​ប្រាប់​កូន​ដោយ​សប្បាយ​ចិត្ត​ថា "កូន​ហ្អា អាទិត្យ​នេះ​ម៉ែ​បោក​ខោ​អាវ​បាន​លុយ ១០ម៉ឺន"។ និយាយ​ចប់​ ម្ដាយ​ក៏​លូក​ដៃ​ទាញ​លុយ​ពី​ហោប៉ៅ​ខោ​ចេញ​មក ប៉ុន្តែ​ឃើញ​តែ​ក្រដាស ៥ម៉ឺន​មួយ​សន្លឹក​គត់។

គាត់​ស្រាប់​តែ​មាន​ទឹក​មុខ​ស្លេកស្លាំង ព្រម​ទាំង​និយាយ​ទាំង​ភ័យ​ថា "ម៉ែ​បាត់​លុយ! ម៉ែ​បាត់​លុយ​អស់ ៥ម៉ឺន!”។ និយាយ​ចប់​ម្ដាយ​ក៏​ប្រញាប់​ទាញ​ពិល​បញ្ចាំង ដើរ​ចេញ​ទៅ​ខាង​មុខ​ផ្ទះ​កន្លែង​ដែល​គាត់​បោក​ខោ​អាវ​ពេល​ថ្ងៃ។ នៅ​ខាង​ក្រៅ​មេឃ​ងងឹត​ស្លុប ម្ដាយ​បាន​ឆ្លុះ​ពិល​រក​មើល​គ្រប់​កន្លែង​ជុំវិញ​ផ្ទះ តែ​ក៏​រក​មិន​ឃើញ។ "ឬ​​មួយ​ម៉ែ​ធ្វើ​ឲ្យ​បាត់​ពេល​យក​ខោ​អាវ​ទៅ​ឲ្យ​គេ​ពេល​ថ្ងៃ​មិញ" ម្ដាយ​រអ៊ូ​តិចៗ។ និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង គាត់​ក៏​ប្រញាប់​ដើរ​កាន់​ពិល​ទៅ​ផ្ទះ​ម្ចាស់​ខោ​អាវ​ដែល​នៅ​ចម្ងាយ​បី​បួន​រយ​ម៉ែត្រ​ពី​ផ្ទះ ប៉ុន្តែ​នៅ​តែ​រក​មិន​ឃើញ។

លុយ​៥ម៉ឺន អាច​មិន​ជា​ច្រើន​ប៉ុន្មាន​ឡើយ​សម្រាប់​អ្នក​មាន​លុយ ប៉ុន្តែ​លុយ​ចំនួន​នេះ គឺ​ជា​លុយ​ដែល​អាច​ចាយ​បាន​ពេញ​មួយ​ខែ​សម្រាប់​គាត់ និង​ជា​ថ្លៃ​ចាយ​វាយ​សម្រាប់​កូន​ប្រុស​បាន​មួយ​ខែ​ដូច​គ្នា។ កូន​ប្រុស​ដើរ​ពី​ក្រោយ​តាម​ម្ដាយ ទាំង​អួល​ដើម​ក និង​គិត​ក្នុង​ចិត្ត​ថា "នេះ​ជា​លុយ​ដែល​ម៉ែ​ត្រូវ​បោក​ខោ​អាវ ១០០សម្រាប់​ទើប​បាន​មក"។ គេ​គិត​បណ្ដើរ​យក​ដៃ​ជូត​ទឹក​ភ្នែក​បណ្ដើរ។ ក្រោយ​ម្ដាយ​ប្រឹង​ដើរ​រក​ចុះ​ឡើង​ៗ​បែប​នេះ​ពីរ​បី​ត្រលប់ កូន​ប្រុស​ក៏​និយាយ​ថា "ម៉ែ មិន​បាច់​រក​ទៀត​ទេ ចាំ​​ស្អែក​កូន​នឹង​ជួយ​រក​ឲ្យ មេឃ​ងងឹត​ដូច្នេះ​រក​អី​ក៏​មិន​ឃើញ​ដែរ"។ ម្ដាយ​ក៏​ព្រម​ចូល​ផ្ទះ​សម្រាន្ត។

នៅ​យប់​នោះ កូន​ប្រុស​បាន​លួច​យក​លុយ​ដែល​ម្ដាយ​ទើប​តែ​ឲ្យ​គេ​៥ម៉ឺន​ ​ជា​លុយ​ចាយ​ប្រចាំ​ខែ​របស់​គេ​យក​ទៅ​ដាក់​នៅ​ស្នួ​ខោ​អាវ​ខាង​ក្រោយ​ផ្ទះ។ នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​គេ​គិត​ឃើញ ដើម្បី​ឲ្យ​ម្ដាយ​របស់​គេ​បាត់​ព្រួយ​បារម្ភ។

លុះ​ដល់​ព្រឹក​ឡើង កូន​ប្រុស​ក៏​បាន​ឮ​សំឡេង​ម្ដាយ​ស្រែក​ប្រាប់​ថា "កូន​ម៉ែ ម៉ែ​រក​លុយ​ឃើញ​ហើយ!” គេ​ភ្ញាក់​ឡើង ទាំង​ដឹង​ថា​លុយ​នោះ​ជា​លុយ​អ្វី។ គេ​ធ្វើ​ជា​សប្បាយ​ចិត្ត​ជាមួយ​ម្ដាយ និង​និយាយ​ថា "ឃើញ​ទេ​ម៉ែ ម៉ែ​ជា​មនុស្ស​ល្អ​ ទេវតា​​តាម​ឃុំគ្រង​ម៉ែ លោក​ប្រាកដ​ជា​ទុក​លុយ​ឲ្យ​ម៉ែ​មិន​ឲ្យ​បាត់​ទេ"។

“បាន​មក​វិញ​ម៉ែ​សប្បាយ​ចិត្ត​ហើយ តែ​លុយ​៥ម៉ឺន​នេះ ម៉ែ​ឲ្យ​ឯង​ថែម​ ចាត់​ទុក​ថា​លុយ​ម៉ែ​បាត់​ហើយ​ទៅ​ចុះ ​យក​ទៅ​ទិញ​ម្ហូប​ឆ្ងាញ់​ៗ​ហូប​ខ្លះ​ទៅ កូន​ម៉ែ​ឥលូវ​ស្គម​ខ្លាំង​ណាស់"។ ម្ដាយ​យក​លុយ​៥ម៉ឺន​នោះ​ដាក់​ក្នុង​ដៃ​របស់​កូន ហើយ​ក៏​ទាញ​គេ​មក​ឱប។ ទឹក​ភ្នែក​កូន​ប្រុស​ហូរ​មក​ម្ដង​ទៀត និង​និយាយ​ថា "ម៉ែ ម៉ែ​ឲ្យ​កូន​៥ម៉ឺន​ម្សិលមិញ​រួច​ហើយ ម៉ែ​ឲ្យ​ខ្ញុំ​៥ម៉ឺន​ទៀត វា​ច្រើន​ពេក​ហើយ ហើយ​ចុះ​ម៉ែ​បាន​លុយ​ឯណា​ទុក​ប្រើ?”។ "កូន​ល្ងង់ ម៉ែ​បោក​ខោ​អាវ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ក៏​បាន​ ៥ម៉ឺន​ហើយ មិន​បាច់​បារម្ភ​ពី​ម៉ែ​ទេ កូន​ឯង​ខំប្រឹង​តែ​រៀន​ទៅ" ម្ដាយ​ប្រាប់​កូន​ប្រុស។ កូន​ប្រុស​ក៏​ឱប​ម្ដាយ​​ដោយ​ក្ដី​ស្រឡាញ់​និង​គោរព​ម្ដង​ទៀត ចំពោះ​អ្នក​ម្ដាយ​ដែល​មិន​ធ្លាប់​បារម្ភ​សូម្បី​តែ​ខ្លួន​ឯង។

ពេល​កូន​ប្រុស​រៀន​ចប់ ក៏​បាន​ទទួល​ការងារ​នៅ​ក្រុមហ៊ុន​ធំ​មួយ។ ក្រោយ​ធ្វើ​ការ​បាន​មួយ​ឆ្នាំ ថៅកែ​​បាន​អនុញ្ញាត​​ឲ្យ​គេ​ស្នាក់​នៅ​បន្ទប់​ទំនេរ​មួយ​ក្បែ​អគារ​ក្រុមហ៊ុន។ គេ​​ក៏​បាន​ទៅ​ទទួល​ម្ដាយ​មក​នៅ​ជាមួយ​។ ចាប់​ពី​ថ្ងៃ​នោះ​មក ម្ដាយ​របស់​គេ​ក៏​មិន​បាច់​ត្រូវ​បោក​ខោ​អាវ​ត​ទៀត​ឡើយ។ លុយ​ក្រដាស ៥ម៉ឺន​នោះ គេ​បាន​យក​មក​អ៊ុត​ក្រប​បិទ​លើ​ជញ្ជាំង ព្រោះ​មិន​ហ៊ាន​ចាយ​លុយ​ ដែល​ស្ទើរ​​តែ​ជា​ជីវិត​ម្ដាយ​របស់​គេ​នៅ​យប់​នោះ ហើយ​ក៏​ប្ដេជ្ញា​ថា​នឹង​មើល​ថែ​ជីវិត​ម្ដាយ​របស់​គេ​យ៉ាង​អស់​ពី​ចិត្ត។ លុយ​៥ម៉ឺន​នោះ​គឺ​ជា​ក្ដី​ស្រឡាញ់ គឺ​ជា​កម្លាំង​ចិត្ត និង​ជា​គ្រប់យ៉ាង​ដែល​ម្ដាយ​គេ​ឲ្យ​មក​គេ។

ល្ងាច​ថ្ងៃ​មួយ កូន​ប្រុស​បាន​និយាយ​ដល់​រឿង​លុយ​ ៥ម៉ឺន​នោះ។ គេ​បាន​ចង្អុល​ទៅ​លុយ​លើ​ជញ្ជាំង​នោះ និយាយ​ថា "ម៉ែ​មើល​ចុះ លុយ ៥ម៉ឺន​រៀល ដែល​ម៉ែ​បាន​ឲ្យ​នៅ​យប់​នោះ ពេល​នេះ​វា​នៅ​តែ​នៅ​ជាមួយ​យើង​ក្នុង​ផ្ទះ​ថ្មី​នេះ សំណាង​ល្អ​ណាស់​ដែល​ម៉ែ​រក​វា​ឃើញ​វិញ"។ ម្ដាយ​ក៏​តប​ទៅ​វិញ​ "កូន​ល្ងង់​អើយ គិត​ថា​ម៉ែ​មិន​ដឹង​យ៉ាង​ម៉េច​ថា​លុយ​នេះ​ជា​លុយ​ដែល​ម៉ែ​ឲ្យ​ឯង ព្រោះ​លុយ​ដែល​បាត់​មិន​មែន​ក្រដាស​៥ម៉ឺន​ទេ ម៉ែ​ចាំ​លុយ​របស់​ម៉ែ​បាន"។ កូន​ប្រុស​សម្លឹង​មើល​ម្ដាយ​ដោយ​មិន​ជឿ​អ្វី​ដោយ​ខ្លួន​បាន​ឮ។ "ម៉ែ​ដឹង​ថា​កូន​ចង់​ឲ្យ​ម៉ែ​ធូរ​ចិត្ត កូន​ស្រឡាញ់​ម៉ែ​ដល់​ថ្នាក់​នេះ ម៉ែ​មិន​គួរ​ធ្វើ​ឲ្យ​កូន​ពិបាក​ចិត្ត​ទៀត​ទេ ទើប​ម៉ែ​ធ្វើ​ជា​រំភើប​ចិត្ត​ដែល​រក​លុយ​ឃើញ កូន​ម្ដាយ ម្ដាយ​អរគុណ​ទឹក​ចិត្ត​កូន"។ កូន​ប្រុស​ឱប​ម្ដាយ​ម្ដង​ទៀត​ ដោយ​មិន​ធ្លាប់​គិត​ពី​មុន​មក​ឡើយ​ថា អ្វី​ដែល​គេ​ធ្វើ​ដើម្បី​ម្ដាយ​នៅ​ថ្ងៃ​នោះ ការ​ពិត​ម្ដាយ​របស់​គេ​ទៅ​វិញ​ទេ​ដែល​បាន​ធ្វើ​ដើម្បី​គេ ដោយ​គេ​មិន​បាន​ដឹង​ទាល់​តែ​សោះ ៕

ប្រភព៖ liekr ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម