កន្លែង​ទេសចរណ៍​ស្អាតៗ​នៅ​កម្ពុជា​​ ពុំ​សូវ​មាន​អ្នក​ទៅ​ដល់ មើល​ទុក​ដើរ​លេង​ពេល​ចូល​ឆ្នាំ

  • 2018-04-09 10:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ប្រជាជន​ខ្មែរ​​តែង​តែ​​ទៅ​​វត្ត​ដើម្បី​​យក​ចង្ហាន់​​ប្រគេន​ព្រះ​សង្ឃ។ អ្នក​ខ្លះ​ទៅ​ជួប​ជុំ​ផៅ​ញាតិ​នៅ​ឯ​ស្រុក​កំណើត ហើយ​អ្នក​​ខ្លះ​ទៀត​ក៏​​ទៅ​​ដើរ​លេង​ជុំ​គ្រួសារ​ផង​ដែរ។ ថ្ងៃនេះ​ កញ្ញា នឹង​ណែនាំ​អ្នក​ទាំង​អស់​នូវ​កន្លែង​ទេសចរណ៍​​ក្នុង​ស្រុក​ស្អាតៗ ដែល​​​អ្នក​ពុំ​ចាំបាច់​ទៅ​ដើរ​នៅ​ឯ​ក្រៅ​ប្រទេស​ក៏​បាន។

១. កោះ​កេរ្តិ៍ ប្រាសាទ​កោះ​កេរ្តិ៍​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ហើយ​មាន​ចម្ងាយ​ប្រមាណ ១២០​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រាសាទ​នេះ​ធ្លាប់​ជា​ទី​ក្រុង​មួយ នា​​សម័យ​អាណាចក្រ​ខ្មែរ។ បើ​អ្នក​បាន​ទៅ​ដល់​ទី​នោះ អ្នក​ច្បាស់​ជា​ប្លែក​ភ្នែក ព្រោះ​នៅ​ជុំ​វិញ​ប្រាសាទ​ ហ៊ុមព័ទ្ធ​ទៅ ដោយ​ដើម​ឈើ​ធំៗ​និង​ស្មៅ​ខៀវ​ខ្ចី។ ហើយ​បើ​អ្នក​ឡើង​ទៅ​​ដល់​លើ​​កំពូល​ប្រសាទ​ទៀត​នោះ​ អ្នក​នឹង​បាន​ឃើញ​ទេសភាព​ធម្មជាតិ​​ដ៏​ស្រស់​ត្រកាល។ ​​​​​​​​​ ២. ​ភ្នំ​ពើង​តានាន់ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​​ភ្នំ​នេះ​ពុំ​សូវ​មាន​ស្គាល់​ច្រើន​ប៉ុន្មាន​ទេ។ វា​មាន​ថ្ម​ដុះ​ធម្មជាតិ​ ហើយ​ពេល​មើល​រូបថត​មួយ​ភ្លែត ​​ហាក់​បី​ដូច​ជា​នៅ​​ស្រុក​ក្រៅ​អី​ចឹង។​

៣. កោះ​រុង​សន្លឹម មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ព្រះសីហនុ​ អ្នក​មិន​ត្រឹម​តែ​រីករាយ​នូវ​ទេសភាព​នៅ​លើ​កោះ​ប៉ុណ្ណោះ​ទេ អ្នក​ថែម​ទាំង​​អាច​ធ្វើ​ការ​ជ្រមុជ​ទឹក​ ទទួល​​នូវ​ទស្សនីយភាព​ថ្មី​​នៅ​ក្រោម​បាត​សមុទ្រ​វិញ​ម្តង។​​

៤. ទឹក​ធ្លាក់​ចំប៉ី ​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ ​ហើយ​ទឹក​ធ្លាក់​នេះ​​ស្ថិត​នៅ​តាម​បណ្ដោយ​ជ្រលង​ភ្នំ​ ដែល​ពោរពេញ​ទៅ​ដោយ​ថ្ម និង​ផ្កា​ចម្រុះ​ពណ៌​។​ វា​មាន​ភាព​ស្ងប់​ស្ងាត់​ អាច​ជួយ​ឲ្យ​អ្នក​​សម្រាក​លំហែ​កាយ​ និង​កាត់​បន្ថយ​ភាព​តានតឹង​បាន​ច្រើន។

៥. តារា​សាគរ វា​ជា​រីស្សត​ឯកជន​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​នៅ​ទី​រួម​ខេត្ត​កោះ​កុង ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ស្នាក់​នៅ​ក៍​​អ្នក​អាច ទៅ​លំហែ​នៅ​ឯ​ឆ្នេរ​ដ៏​ធំ​ល្វឹង​ល្វើយ​ បាន​ដោយ​សេរី។ ៦. កោះ​ឫស្សី

បើ​អ្នក​ចូល​ចិត្ត​​កន្លែង​ស្ងប់ស្ងាត់ មិន​សូវ​មាន​មនុស្ស​រញ៉េរញ៉ៃ​​ច្រើន​ កោះ​នេះ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក។ អ្នក​អាច​មក​ដល់​កោះ​នេះ ដោយ​ការ​ជិះ​ទូក ប្រមាណ​ពី ២០-៣០នាទី​ ប៉ុណ្ណោះ​ពី​ក្រុង​ព្រះសីហនុ។

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម