ប្រឹង​រក​លុយ ចេះ​ស្រលាញ់​ស្រី តែ​ភ្លេច​គិត​រឿង​នេះ ដឹង​តែ​រស់​អត់​បាន​យូរ​ហើយ

  • 2018-03-21 11:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្នាក់ៗ​កើត​មក​ថ្លើម​តែ​មួយ​គត់ តែ​គួរ​ឲ្យ​ស្ដាយ ភាគ​ច្រើន​អត់​ដឹង​ថា​សរីរាង្គ​មួយ​នេះ​សំខាន់​ប៉ុណ្ណា និង​មុខងារ​ដ៏​ពិសេស​យ៉ាង ហើយ​បែរ​ជា​បំផ្លាញ​ថ្លើម​ខ្លួន​ឯង​ផ្ទាល់​ដៃ​បង្កើត​ជា​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ ទោះ​មាន​លុយ​ក៏​ស្រោចស្រង់​មិន​បាន​ទៀត​ផង។

ចង់​ដឹង​ថាថ្លើម​មាន​មុខ​ងារ​សំខាន់​យ៉ាង​ម៉េច​ក្នុង​រាងកាយ និង​ធ្វើ​អី​ខ្លះ​បាន​សុខៗ​ថ្លើម​ខូច និង​វិធី​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ តាម​ដាន​ខាង​ក្រោម៖

ការ​រំលាយ​អាហារ

រាល់​ពេល​ញ៉ាំ​អាហារ សារធាតុ​ចិញ្ចឹម​នឹង​ចូល​ក្នុង​ឈាម ហើយ​ត្រូវ​នាំ​ទៅ​ឲ្យ​ថ្លើម​ធ្វើ​សំយោគ​សារធាតុ​ចិញ្ចឹម​យក​ទៅ​ប្រើ​ប្រាស់។ កោសិកា​ថ្លើម​អាច​បញ្ចេញ​ថាមពល ឬ​ផ្ទុក​ថាមពល​នៅ​ពេល​ណា​ដែល​រាងកាយ​អ្នក ត្រូវ​ការ​ក្នុង​លក្ខខណ្ឌ​ណា​មួយ។ រ៉ែ និង​វីតាមីន​ជា​ច្រើន ក៏​ត្រូវ​រក្សា​ទុក​ក្នុង​ថ្លើម​ផង​ដែរ ដូចជា វីតាមីន A, B12, D, E, K និង​សារធាតុ​រ៉ែ​ដែក និង​ទង់​ដែង។

សំយោគ​ក្នុង​រាងកាយ

ថ្លើម​គ្រប់​គ្រង​ការ​បញ្ចេញ​ថាមពល​ក្នុង​រាង​កាយ។ ពេល​កាបូអ៊ីដ្រាត បម្លែង​ទៅ​ជា​ស្ករ វា​ចូល​ចរន្ត​ឈាម និង​បន្ត​ទៅ​ថ្លើម។ ដូច្នេះ ថ្លើម​អាច​បំ​ពេញ​ការងារ​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង និង​រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ថ្លើម ក៏​អាច​បម្លែង​អាមីណូ​អាស៊ីដ​ទៅ​ជា​ជាតិ​ស្ករ​ផង​ដែរ។

សម្អាត​ជាតិ​ពុល

ថ្លើម​នឹង​បន្សាប​ជាតិពុល​ដែល​ផ្តល់​គ្រោះថ្នាក់​ភ្លាមៗ និង​សារធាតុ​ផ្សេង​ដែល​ចូល​ក្នុង​ចរន្ត​ឈាម​យើ​។ សារធាតុ​បង្ក​គ្រោះ​ថ្នាក់​ទាំង​នេះ អាច​មាន​ប្រភព​មក​ពី​ការ​ញ៉ាំ​ថ្នាំ និង​ផឹក​គ្រឿង​ស្រវឹង។ តែ​បើ​អ្នក​ហ៊ាន​ញ៉ាំ​ថ្នាំ​ច្រើន​ពេក ថ្លើម​នឹង​ពុល​វិញ។

ក្រៅ​ពី​សម្អាត​ឈាម ថ្លើម​ចាប់​យក​កោសិកា​ងាប់ និង​បាក់តេរី​ដែល​ចូល​លុក​ខ្លូន​ប្រាណ រួច​បញ្ជូន​ទៅ​​ពោះ​វៀន ឬ​តម្រង​នោម​សម្រាប់​ការ​បញ្ចេញ​ចោល។

ធ្វើ​ម៉េច​រក្សា​ថ្លើម​ឲ្យ​នៅ​ល្អ?

  • កុំ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក
  • ហាត់​ប្រាណ​ទៀង​ទាត់ និង​មាន​របៀប​រស់​នៅ​សកម្ម
  • ញ៉ាំ​អាហារ​មាន​តុល្យភាព និង​សុខភាព​ល្អ ដូចជា អាហារ​មាន​ជាតិ​ខ្លាញ់​តិច និង​ជាតិ​កាក​សរសៃ​ច្រើន
  • រក្សា​ទម្ងន់
  • ឈប់​ជក់​បារី
  • តេស្ត​រក​មេរោគ​រលាក​ថ្លើម
  • ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង B។

បញ្ជាក់​ថា ថ្លើម ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​សំយោគ​សារធាតុ​ចិញ្ចឹម កាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែ​ពី​ចំណី​អាហារ។ វា​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​តុល្យភាព​សំយោគ​ក្នុង​រាង​កាយ​ផង​ដែរ។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​សប្ដាហ៍ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

ដោយ៖ សុផាត

អត្ថបទពេញនិយម