អស់​កម្លាំង​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ វិធីសាស្ត្រ​ទាំង​ ៥​ ខាង​​ក្រោម​អាច​​ជួយ​អ្នក​បាន​

  • 2018-01-22 01:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ធ្វើ​ការ ការ​គេង​​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ចាំបាច់​ណាស់ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ជ្រះថ្លា ការ​​ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មាន​ភាព​ស្វាហាប់​ក្នុង​ការងារ​។ ប៉ុន្តែ​យូរ​ៗ​ម្ដង អ្នក​អាច​ចូល​​គេង​យប់​ជ្រៅ ដោយសារ​តែ​ការ​​​ជក់​មើល​រឿង ឬ​​​ឆាត​លេង​ជាមួយ​មិត្តភ័ក្ដិ​​ជ្រុល​ម៉ោង​ រួច​ក៏​​ត្រូវ​ប្រឈម​ជាមួយ​ការ​​អស់​កម្លាំង ងងុយ​គេង នៅ​ម៉ោង​ធ្វើ​ការ​​ថ្ងៃ​​បន្ទាប់​។ ដូច្នេះ​ដើម្បី​យឹតយោង​ស្ថានការណ៍ វិធីសាស្ត្រ​ទាំង​​៥​​ខាងក្រោម​​ជា​អ្វី​ដែល​​អ្នក​គួរ​ធ្វើ​ ដើម្បី​ឲ្យ​ខ្លួន​ឯង​​មាន​អារម្មណ៍​ស្វាង​ឡើង​វិញ​៖​

១.ផឹក​កាហ្វេ​តែ​មួយ​កែវ​បាន​ហើយ​

អ្នក​ប្រហែល​ជា​គិត​ថា ពេល​ងងុយ​គេង អស់​កម្លាំង​ ជាតិ​កាហ្វេ​​អាច​ជួយឲ្យ​អ្នក​ស្វាង​បាន​។ ខុស​ស្រឡះ​​ការ​ផឹក​កាហ្វេ​​លើស​កំណត់ ​អាច​បណ្ដាល​ឲ្យ​អ្នក​ឈឺ​​ក្បាល​ និង​ពិបាក​គេង​នៅ​ពេល​យប់​ទៅ​វិញ​ទេ​។​ ដូច្នេះ​អ្នក​គប្បី​ផឹក​កាហ្វេ​តែ​មួយ​កែវ​បាន​ហើយ​ និង​ជៀសវាង​ផឹក​នៅ​ពេល​រសៀល​​ដាច់​ខាត​​។​

រូបតំណាង

**២.ប្រើ​ទឹក​បាញ់​ផ្ដល់​សំណើម​ស្បែក​មុខ​**

អ្នក​គួរ​រក​ទិញ​​ផលិតផល​ណា​ដែល​មាន​គុណភាព​ល្អ រួច​ដាក់​ជាប់​ខ្លួន​ក្នុង​កាបូប​។ មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​ស្វាង​​ងងុយ​គេង វា​​ថែម​ទាំង​ជួយ​​ថែ​បំប៉ន​ស្បែក​មុខ​អ្នក​ឲ្យ​​មាន​សំណើម ស្រស់ស្រាយ​ និង​ធ្វើ​ឲ្យ​អារម្មណ៍​​ល្អ​​ឡើង​វិញ​ថែម​ទៀត​ផង​។​

៣.ស្ដាប់​​បទ​​ចម្រៀង​​

ប្រសិន​បើ​អ្នក​អាច​​​ស្ដាប់​​ចម្រៀង​ដោយ​ប្រើ​កាស​នៅ​កន្លែង​​ធ្វើការ​បាន វា​ជា​រឿង​ល្អ​មែន​ទែន​​។ ជ្រើសរើស​ប្រភេទ​បទ​ចម្រៀង​ញាក់​ៗ​ ដើម្បី​ដាស់​អារម្មណ៍​ឲ្យ​រស់​​រវើក​ឡើង​វិញ​។ ហាម​ដាច់​ខាត កុំ​ស្ដាប់​បទ​អន្លង់អន្លោច ព្រោះ​វា​អាច​ឲ្យ​អ្នក​​​គេង​លក់​ដោយ​មិន​ដឹង​ខ្លួន​។​

៤.ប្រើ​ Eyeliner ពណ៌​ស

ស្ដាប់​ទៅ​​រាង​អស់​សំណើច​បន្តិច ប៉ុន្តែ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​។ នៅ​ពេល​ដែល​​អ្នក​គូរ​ភ្នែក​ជាមួយ​ Eyeliner ពណ៌​ស ​ភ្នែក​របស់​អ្នក​នឹង​មើល​ឃើញ​ភ្លឺ​ចាំង ដែល​អាច​ជួយ​លាក់បាំង​​ការ​​​ងងុយ​​ដេក ឬ​អស់​កម្លាំង​​ខ្លាំង​នៅ​ពេល​ព្រឹក​​​បាន​ខ្លះ​។ ម៉្យាង​ទៀត ប្រើ​ពណ៌​ស​បែប​នេះ​ អ្នក​មិន​សូវ​ខាត​ពេល​ព្រោះ​​​មិន​ចាំបាច់​ផ្ចិតផ្ចង់​ខ្លាំង​ដូច​ពណ៌​ខ្មៅ​។​

៥.ឧស្សាហ៍​​ផឹក​ទឹក​

ទឹក​ត្រជាក់ អាច​ជួយ​ដុត​​កាឡូរី​​​បាន​យ៉ាង​ល្អ​ ព្រោះ​រាងកាយ​អ្នក​បាន​​ប្រឹងប្រែង​​ក្នុង​ការ​កម្ដៅ​ទឹក​ទាំង​នោះ​​​​​​​។ បើ​សិន​ជា​​អាច អ្នក​គួរ​​ផឹក​វា​រៀងរាល់​មួយ​ម៉ោង​ម្ដង​។ មិន​ត្រឹម​តែ​ជួយ​ផ្ដល់​​សំណើម​ឲ្យ​ស្បែក ល្អ​ចំពោះ​សុខភាព អ្នក​ក៏​ត្រូវ​ឧស្សាហ៍​ចូល​បន្ទប់​ទឹក​ផង​ដែរ​។ ដូច្នេះ​វា​ជា​វិធីសាស្ត្រ​​ដ៏​ល្អ ដែល​ជួយ​អ្នក​មិន​ឲ្យ​ងងុយ​គេង និង​ស្វាហាប់​ឡើង​វិញ​៕

រូបតំណាង

ចុចអាន៖ការងារ​ទាំង ១០ របស់​បុរស​ៗ ធ្វើឲ្យ​នារីៗ​បាក់​ចិត្ត​ស្រលាញ់ស្តូ​ក​​

ប្រភព៖ Careergirldaily អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម