ក្រៅ​ពី​មិនឲ្យមាន​កូន ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ ជួយ​សុខភាព​ច្រើនដល់​ថ្នាក់​ស្រីៗ​ខ្លះ​ក៏​មិន​ដឹង​ផង

  • 2018-01-15 06:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ក៏​ដឹង​ដែរ​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត គឺ​ប្រើ​សម្រាប់​ការពារ​មិន​ឲ្យ​មាន​កូន តែ​គេ​ប្រហែល​ជា​មិន​ដឹង​ទេ​ថា ថ្នាំ​ប្រភេទ​នេះ ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​​សុខភាព​ស្ត្រី ក្នុង​នោះ ជា​ពិសេស​កាត់​​បន្ថយ​ការ​ឈឺចាប់ និង​ជួយ​ការពារ​ប្រឆាំង​​ជំងឺ​មហារីក​មួយ​ចំនួន​។ បើ​តាម​អ្នក​ជំនាញ បាន​ឲ្យ​ដឹង​ថា ថ្នាំ​ពន្យារ​កំណើត​អាច​ផ្ដល់​ផល​ប្រយោជន៍​ជាច្រើន​ចំពោះ​ស្ត្រី ​ដូចជា៖

១. កាត់បន្ថយ​ហានិភ័យ​​ជំងឺ​មហារីក

ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​អាច​ជួយ​ការពារ​ការ​កើត​មហារីក​មាត់​ស្បូន​បាន​លើស​ពី ៧០% បើ​ប្រើ​ចាប់ពី​រយៈពេល​លើស ១២ឆ្នាំ​ឡើង​ទៅ។ បើ​ប្រើ​ពី ៤-៥ឆ្នាំ វា​អាច​កាត់​បន្ថយ​លទ្ធភាព​មហារីក​បាន ៤០%។ អ្នក​ជំនាញ​ពី​សាកល​វិទ្យាល័យ Colorado បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​អាច​ប្រើ​ថ្នាំ​ពន្យារ កំណើត​បាន​ដល់ ២០ឆ្នាំ​ឯណោះ។

២. ជួយ​ថែរក្សា​ស្បែក​ឲ្យ​ស្រស់​ស្អាត

អ័រម៉ូន​អ៊ឺស្ត្រូសែន Estrogen ក្នុង​ខ្លួន​ស្ត្រី ​នៅ​ពេល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ព្រោះ​វា​ជួយ​បន្ថយ​កម្រិត​អ័រម៉ូន​តេស្ដូស្ដេរ៉ូន Testosterone ដែល​ជា​ប្រភេទ​អ័រម៉ូន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក ហើយ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ជួយ​ការពារ​មិន​ឲ្យ​កើតមុន និង​ស្នាម​ជាំ​លើ​ស្បែក​ផង​ដែរ។

៣. កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ

ស្ត្រី​ភាគ​ច្រើន តែង​​ឈឺ​ចុកចាប់ និង​អស់​កម្លាំង ពេល​​មក​រដូវ​ជា​រៀង​រាល់​ខែ​។ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​បាន​ប្រសើរ​ជាង​មុន​។

៤. កាត់​បន្ថយ​អាការ​ឈឺ​មុន​ពេល​មក​រដូវ

ឈឺចាប់​មុន​ពេល​មក​រដូវ ជា​អាការ​ខុស​ប្រក្រតី​តិច​តួច​ ​ដូចជា សុដន់​ឡើង​រឹង រមួល​ក្រពើ ចុក​ឆ្អល់​ពោះ ឈឺ​ក្បាល និង​អារម្មណ៍​ធេងធោង ដែល​តែងកើតមាន​ចំពោះ​ស្ត្រី​មួយ​ចំនួន ហើយ​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ អាច​ជួយ​បន្ធូរ​អាការ​នេះ​បាន​យ៉ាង​ប្រសើរ។

៥. កាត់​បន្ថយ​ការ​ឈឺចាប់​បណ្ដាល​ពី​ជំងឺ​ដុំ​គីស​ក្នុង​ដៃ​ស្បូន

Endometriosis ជា​ប្រភេទ​ជំងឺ​ដុំ​គីស ច្រើន​កើត​នៅ​តាម​ដៃ​ស្បូន​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ ឬ​អាច​ឈាន​ដល់​ធ្វើ​ឲ្យ​បាត់បង់​លទ្ធភាព​មាន​កូន​បាន។ ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត អាច​ជួយ​បញ្ឈប់​ការ​លូតលាស់​ជាលិកា​ក្នុង​បរិវេណ​ដៃ​ស្បូន​បាន និង​អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នៃ​ការ​កើត​ជំងឺ​ប្រភេទ​នេះ។

៦. កាត់បន្ថយ​សភាព​ខុស​ប្រក្រតី​របស់​អ័រម៉ូន

ថ្នាំ​គ្រាប់​ពន្យារ​កំណើត ​មិន​គ្រាន់​តែ​អាច​ព្យាបាល​ចង្កោម​រោគសញ្ញា​នៃ​បម្រែបម្រួល​អ័រម៉ូន​ស្ត្រី​បាន​នោះ​ទេ វា​ក៏​ជួយ​កាត់​បន្ថយ​បាន​ខ្លះៗ​នូវ​អាការ​ឈឺចាប់​ផ្សេងៗ​ ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​ខុស​ប្រក្រតី​នៃ​ជំងឺ​នេះ។ អ្នក​ជំនាញ​បាន​ស្នើ​ឲ្យ​ស្ត្រី ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​មាន​ផ្ទុក​អ័រម៉ូន Estrogen ដែល​មាន​កម្រិត ៣០-៣៥ mcg ឲ្យ​បាន​ទៀង​ទាត់ ព្រោះ​សារធាតុ​នេះ​អាច​ជួយ​រក្សា​វដ្ដ​រដូវ​ស្ត្រី និង​អ័រម៉ូន​ផ្សេងៗ​ឲ្យ​មាន​លំនឹង៕

​​ប្រភព៖ WebMD

ដោយ៖ សុផាត

អត្ថបទពេញនិយម