កុំ​ឲ្យ​​សក់​ជ្រុះ​រលើង​ទាំង​វ័យ​ក្មេង ស្រី​ៗ​ត្រូវ​​​ទប់​ស្កាត់​ដោយ​វិធី ៧យ៉ាង​នេះ

  • 2018-01-04 06:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ជ្រុះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​ដូច​ជា ជំងឺ​ពាក់ព័ន្ធ​ក្រពេញទីរ៉ូអ៊ីត អាការ​ក្រោយ​សម្រាល​កូន ក្រោយ​​កើត​គ្រុន​ក្ដៅ​ខ្លាំង ការ​អត់​អាហារ​​ធ្ងន់ធ្ងរ​​ដើម្បី​សម្រក​ទម្ងន់ ការ​ប្រើ​ថ្នាំ​ប្រភេទ​មួយ​ចំនួន​ដូច​ជា ថ្នាំ​ព្យាបាល​ជំងឺ​មហារីក ជំងឺ​ស្បែក​មួយ​ចំនួន ជំងឺ​ផ្លូវ​ចិត្ត​ដែល​ចូលចិត្ត​ដក​សក់​ខ្លួន​ឯង មហារីក​អូវែ... ប៉ុន្តែ​មូលហេតុ​​ដែល​បាន​រៀបរាប់​នេះ​​គឺ​ត្រូវ​បាន​ប្រទះ​ត្រឹម​តែ ៥%​ប៉ុណ្ណោះ​ក្នុង​​ការ​សិក្សា​ ឯ​មូលហេតុ​ដែល​ជួប​ប្រទះ​ច្រើន​ជាង​គេ​គឺ​មូលហេតុ​តំណពូជ ដែល​ត្រូវ​បាន​រក​ឃើញ​រហូត ៩៥%។ រី​ឯ​ការ​លើក​ឡើង​ផ្សេង​ៗ​ទៀត​​ដូច​ជា ការ​មាន​រន្ធ​រោម​ស្ទះ ការ​កក់​សក់​ញឹកញាប់ ឬ​ការ​ពាក់មួក​​សុវត្ថិភាព​យូរ​ៗ​គឺ​មិន​មែន​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ក្បាល​ទំពែក​នោះ​ឡើយ។

ឥលូវ​នេះ កញ្ញា នឹង​នាំ​ប្រិយមិត្ត​មក​ស្វែង​យល់​​ថា​តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ខ្លះ​​ដើម្បី​ជៀសវាង​ការ​ធ្វើ​ឲ្យ​ជ្រុះ​សក់ ជាមួយ​វិធីសាស្ត្រ​សាមញ្ញៗ​​​៖

១. បញ្ឈប់​ស្ត្រេស

ស្រេ្តស​ច្រើន​ សក់​ក៏​ជ្រុះ​ច្រើន​ដែរ។​ វិធី​​បញ្ឈប់​ការ​ស្ត្រេស​អាច​ធ្វើ​​បាន​តាម​រយៈ​វិធី​ផ្សេង​ៗ​ដូច​ជា ការ​ហាត់​ប្រាណ ការ​ហាត់​យូហ្កា ការ​ដើរ ឬ​ការ​រត់​ជាដើម។ ក្រៅ​ពី​នេះ​ការ​​គេង​ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​រឹត​តែ​សំខាន់​ដែរ​​សម្រាប់​ការ​បញ្ឈប់​ការ​ជ្រុះ​សក់។

២. ចៀសវាង​ប្រើ​សារធាតុ​គីមី​ញឹកញាប់

បច្ចុប្បន្ន​សរសៃ​សក់​របស់​យើង​ត្រូវ​បំផ្លាញ​ដោយ​សារ​ហេតុផល​ជា​ច្រើន មិន​ថា​ការ​លាប​ពណ៌ អ៊ុត ពន្លា ដែល​សុទ្ធ​តែ​ត្រូវ​ប្រើ​សារធាតុ​គីមី​ចូល​ជាមួយ​ទាំង​អស់។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ការ​ជ្រុះ​សក់ អ្នក​គួរ​ចៀសវាង​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​ ព្រោះ​សារធាតុ​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​សុខភាព​ខ្សោយ ងាយ​ជ្រុះ។ ប្រសិន​បើ​ចៀស​មិន​បាន អាច​ជ្រើសរើស​ប្រើ​ផលិតផល​ដែល​​មាន​ធាតុ​ផ្សំ​ពី​ធម្មជាតិ​ជំនួស​វិញ។

៣. ជ្រើសរើស​ក្រាស់​សិតសក់​ដែល​សមរម្យ

ការ​ជ្រើសរើស​ក្រាស់​សិតសក់​បាន​ល្អ​គឺ​ជា​វិធី​មួយ​ដែល​កាត់​បន្ថយ​ការ​ជ្រុះ​សក់​បាន ព្រោះ​ក្រាស់​សិតសក់​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​សរសៃ​សក់​ឆាប់​ខូច និង​ជ្រុះ ដូច្នេះ​អ្នក​គួរ​ជ្រើសរើស​ក្រាស់​ដែល​ត្រូវ​​នឹង​សក់​របស់​ខ្លួន ដូច​ជា​ជ្រើសរើស​ក្រាស់​ធ្មេញ​រង្វើល​​សម្រាប់​អ្នក​ដែល​មាន​សរសៃ​សក់​ធំ និង​ក្រាស់​ដើម្បី​កុំ​​ឲ្យ​សក់​ជំពាក់។

៤. កុំ​សិតសក់​ពេល​សក់​សើម

មិន​គួរ​សិតសក់​នៅ​ពេល​សក់​កំពុង​សើម​នោះ​ទេ ព្រោះ​​វា​នឹង​ធ្វើ​ឲ្យ​សរសៃ​ងាយ​សក់​ជ្រុះ​។ អ្នក​គួរ​ជូត​សក់​ឲ្យ​ស្ងួត​សិន សឹម​សិត​ថ្នម​ៗ ដើម្បី​​ឲ្យ​សក់​ចូលភ្លី​តាម​សម្រួល។

៥. កុំជូត​សក់​ខ្លាំង​ៗ​ពេក

ការ​ជូត​សក់​ខ្លាំង​ពេក ក៏​អាច​បណ្ដាល​ឲ្យ​សក់​ងាយ​ជ្រុះ​ដូច​គ្នា។ ក្រណាត់ ឬ​កន្សែង​ដែល​ប្រើ​ដើម្បី​ជូត​សក់​គួរ​តែ​មាន​លក្ខណៈ​ទន់។ ជូត និង​ផ្លុំ​សក់​របស់​អ្នក​ឲ្យ​បាន​ស្ងួត​ល្អ នោះ​សក់​អ្នក​នឹង​មាន​សុខភាព​ល្អ​ដែរ។

៦. ជ្រើសរើស​សាប៊ូ​កក់​សក់​​ដែល​សក្ដិសម

បច្ចុប្បន្ន​សាប៊ូ​កក់​សក់​​​នៅ​លើ​ទីផ្សារ​មាន​លក់​ជា​ច្រើន​ប្រភេទ​ដែល​តម្រូវ​ទៅ​តាម​​ស្ថានភាព​​សក់ និង​ស្បែក​ក្បាល​ខុស​ៗ​គ្នា ដូច​ជា​អ្នក​ខ្លះ​​សក់​​ឡើង​​ប្រេង សក់​រួញ សក់​លាប​ពណ៌ និង​សក់​​មាន​អង្គែ​ជាដើម ដែល​ការ​ជ្រើសរើស​សាប៊ូ​កក់​សក់​ក៏​គួរ​តម្រូវ​ឲ្យ​ត្រូវ​តាម​ប្រភេទ​​សក់​នីមួយ​ៗ​ដូច​គ្នា ដើម្បី​ឲ្យ​សរសៃ​សក់​មាន​សុខភាព​រឹង​មាំ ហើយ​ផលិតផល​ខ្លះ​ក៏​មាន​ផលិត​តម្រូវ​ទៅ​តាម​វ័យ​ផង​ដែរ។

៧. ទទួល​ទាន​អាហារ​ដែល​មាន​ប្រយោជន៍​សម្រាប់​សរសៃ​សក់

សរសៃ​​សក់​របស់​មនុស្ស​យើង​​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ហ្ស៊ែន អ្នក​ខ្លះ​សក់​ស្ដើង អ្នក​ខ្លះ​សក់​ក្រាស់ ប៉ុន្តែ​មិន​ថា​សក់​ប្រភេទ​ណា ក៏​អាច​មាន​សុខភាព​ល្អ​ដូច​គ្នា ហើយ​​​វិធី​​ដែល​ត្រូវ​​បាន​អ្នក​ពិសោធន៍​រក​ឃើញ​ថា​មាន​ផល​ជាង​គេ​នោះ​គឺ​ការ​ទទួល​ទាន​អាហារ។ ក្នុង​នោះ​សរសៃ​សក់​ប្រភេទ​នីមួយ​ត្រូវ​ការ​អាហារ​​បំប៉ន​ខុស​ៗ​គ្នា​ ដូច​ជា​ប្រសិន​បើ​ចង់​ឲ្យ​សក់​ខ្មៅ​ស្អាត គួរ​ញ៉ាំ​ត្រី​សាល់ម៉ុន ឬ​ប្រសិន​បើ​សក់​មាន​អង្គែ គួរ​ញ៉ាំ​គ្រាប់​ល្ពៅ​ជា​ដើម ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម