Jonghyun រស់​នៅ​ជាមួយយុវភាព​ដ៏ឯកា គ្មាន​មនោសញ្ចេតនា និង​ភាព​កក់ក្ដៅ​ពី​ឪពុក​

  • 2017-12-22 02:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​កូរ៉េ​អភ័ព្វ ទើប​តែ​សម្លាប់​ខ្លូន Jonghyun រស់​នៅ​ដោយ​ខ្វះ​ឪពុក​តាំង​ពី​តូច និង​សម្បី​តែ​ម្ដង​ក៏​មិន​ដែល​ចែក​រំលែក​ពី​ឪពុក​របស់​ខ្លួន។ លោក​បាន​បោះបង់​ចោល​រាល់​រូបភាព​ពី​កុមារភាព​របស់​ខ្លួន ហើយ​មិន​ចង់​និយាយ​ពី​ស្លាកស្នាម​នេះ​ឡើង​វិញ។

គ្រប់ Shawol (ឈ្មោះ​អ្នក​គាំទ្រ​ក្រុម​ចម្រៀង Shinee) ទាំង​អស់​សុទ្ធ​តែ​ដឹង​ថា តារា​ចម្រៀង​សំឡេង​ឯក Jonghyun កម្រ​និយាយ​ពី​ឪពុក​របស់​ខ្លួន​ខ្លាំង​ណាស់។ ខណៈ​អ្នក​គាំទ្រ​របស់​តារា​ដទៃ សុទ្ធ​តែ​ដឹង​ពី​ព័ត៌មាន​​គ្រួសារ​របស់​អាយដល​នោះ គេ​មិន​ដែល​ដឹង​អ្វី​ពី​ឪពុក​របស់ Jonghyun ទាំង​អស់។

ពេល​រំលឹក​ដល់​រឿង​ឯកជន តារា​វ័យ​២៧​ឆ្នាំ​តែង​រក្សា​ភាព​ស្ងៀមស្ងាត់ និង​រៀបរាប់​ពី​ពុក​របស់​ខ្លួន​ថា ជា​បុរស​ម្នាក់​ដែល​តឹងរ៉ឹង។ ខណៈ​បង​ស្រី និង​ម្ដាយ​តែង​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​របស់ Shinee នោះ គេ​មិន​ដែល​ឃើញ​រូបរាង​ឪពុក​របស់​លោក​ឡើយ។

រូបថត Jonghyun ជាមួយម្ដាយ និងបងស្រី​តាំងពីក្មេងៗ រហូតដល់ធំ

ខ្ញុំ​បោះបង់​រូបថត​កាល​ពី​តូច​ចោល​ទាំង​អស់

អ្នក​គាំទ្រ​ចាប់​ផ្ដើម​ដឹង​ពី​កុមារភាព​មិន​កក់ក្ដៅ​របស់ Jonghyun នៅ​ពេល​លោក​ចូលរួម​ក្នុង​កម្មវិធី 4 Things Show ក្នុង​ឆ្នាំ​២០១៥។ និយាយ​ពី​កុមារភាព អតីតសមាជិក Shinee ស្រក់​ទឹក​ភ្នែក៖ "កុំ​បង្ខំ​ឲ្យ​ខ្ញុំ​និយាយ​ពី​កុមារភាព​ទៀត ខ្ញុំ​គ្មាន​អនុស្សាវរីយ៍​អ្វី​ទាំង​អស់"។

“ខ្ញុំ​មិន​ចាំ​ពី​អ្វី​ទាំង​អស់ ហើយ​ក៏​មិន​ចង់​គិត​ពី​វា​ដែរ។ ម្ដាយ​ខ្ញុំ​បាន​លាក់​គ្រប់​រូប​ថត​កាល​ពី​តូច​របស់​ខ្ញុំ ព្រោះ​គាត់​ដឹង​ថា បើ​សិន​ជា​ទុក ក៏​ខ្ញុំ​នឹង​បោះចោល​ដែរ"។

ឪពុក​ប្រឆាំង​នឹង​កូន​ចាប់​អាជីព​អ្នក​ចម្រៀង ប្រាប់​ថា​កូន​គ្មាន​ទេពកោសល្យ

នៅ​យុវភាព​របស់ Jonghyun គឺ​គ្មាន​ស្រមោល​របស់​ប៉ា​របស់​លោក​ឡើយ។ អ្នក​ជិតស្និទ្ធ​នឹង​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហើប​ថា ប៉ា​លោក​មិន​បាន​គាំទ្រ​លោក​ដើរ​តាម​គន្លង​តារា​នេះ​ទេ ដោយ​គិត​ថា​លោក​គ្មាន​សមត្ថភាព​គ្របគ្រាន់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​តារា​កើត​ឆ្នាំ​១៩៩០​ពិបាក​ចិត្ត​ជា​ខ្លាំង​ព្រោះ​ចម្រៀង​គឺ​ជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​លោក។ ដោយ​សារ​តែ​គ្មាន​ឪពុក ម្ដាយ​របស់​លោក​ត្រូវ​រែក​អម្រែក​គ្រួសារ​ទាំង​មូល​ដើម្បី​ចិញ្ចឹម​២​នាក់​បង​ប្អូន​លោក។

រូបថត Jonghyun និង​ឪពុក​កាលពី​ឆ្នាំ២០១០

ដោយ​សារ​តែ​ធ្លាប់​ឆ្លង​កាត់​គ្រា​ក្រ​លំបាក ទើប​ម្ចាស់​បទ "Ring Ding Dong” មាន​ការ​យល់​ចិត្ត និង​អធ្យាស្រ័យ​ចំពោះ​អ្នក​ទ័លក្រ​ខ្លាំង​ណាស់។ គេ​នៅ​ចាំ​យ៉ាង​ច្បាស់​ថា កាល​នៅ​ធ្វើ​ជា​ពិធីករ​វិទ្យុ នៅ​ពេល​មាន​ប្រិយមិត្ត​ទូរសព្ទ​ចូល​ក្នុង​កម្មវិធី​ហើយ​ចែក​រំលែក​ថា​ខ្លួន​កំពុង​រស់​នៅ​ដោយ​លុយ​ឧបត្ថម្ភ​របស់​រដ្ឋ​នោះ តារា​សំឡេង​ឯក​នេះ​បាន​ចែក​រំលែក​ថា ខ្លួន​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​៤​ឆ្នាំ ដូច​នេះ​សូម​ប្រិយមិត្ត​រូប​នេះ​ត្រូវ​តស៊ូ​តទៅ​មុខ​ទៀត ហើយ​ជឿជាក់​ថា​លោក​នឹង​ឆ្លង​ផុត​រឿង​នេះ​បាន។ យ៉ាងណាក្ដី គេ​មិន​នឹក​ស្មាន​ថា មនុស្ស​ដែល​ធ្លាប់​តែ​លើក​ទឹក​ចិត្ត​គេ​នោះ បែរ​​ជា​អ្នក​ចាក​ចេញ​រហូត​ទៅ កាលពីថ្ងៃ​ទី​១៨ ខែ​ធ្នូ​ឆ្នាំ​២០១៧​ទៅ​វិញ៕

ចុចអាន៖សំបុត្រ​ចុង​ក្រោយ​របស់ Jonghyun ពន្យល់​ពី​ហេតុផល​​ធ្វើ​ឲ្យ​គេ​ជ្រើសរើស​ផ្លូវ​ស្លាប់

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម