មកដឹងមូលហេតុ នៃការកើតខាន់លឿង ឬការកើតលឿងលើស្បែក និងភ្នែក

  • 2024-10-21 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។

១) មូលហេតុនៃការកើតខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ៖

ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ៖

• ការរលាកថ្លើម ឫក្រិនថ្លើម

• គ្រួសក្នុងថង់ទឹកប្រម៉ាត់

• ការរលាកលំពែងរ៉ាំរ៉ៃ

• ការរលាកផ្លូវទឹកប្រម៉ាត់រ៉ាំរ៉ៃ

• មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រម៉ាត់ជាដើម)

ទី២ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការបែកគ្រាប់ឈាមក្រហម

២) រោគសញ្ញារួមមាន៖

  • ការឡើងលឿងតាមស្បែក និងភ្នែក

  • រមាស់លើស្បែក

  • លាមកពណ៌ស

  • ទឹកនោមលឿងចាស់

រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតទៅតាមមូលហេតុផ្សេងៗដូចជា៖

• ឈឺចុងដង្ហើម ឫផ្នែកខាងក្រោយឆ្អឹងជំនីខាងស្តាំ

• ស្ទាបប៉ះដុំពោះ

• ថ្លើមរីក

• ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀត ។

៣) ការធ្វើរោគវិនិច្ឆ័យ៖

រោគវិនិច្ឆ័យពឹងផ្អែកទៅលើការសាកសួរពីប្រវត្តិជំងឺរបស់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ រួមទាំងការពិនិត្យ ទៅលើរោគសញ្ញារាងកាយដែលបានរៀបរាប់ដូចខាងលើ ។ ជាក់ស្តែងការកើតលឿងតំរូវអោយយើងមើលឈាមមួយចំនួនដូចជា ៖ គ្រាប់ឈាម ប៊ីលីរុយប៊ីន កំណកឈាម (TP, TCA) មុខងារថ្លើម មេរោគថ្លើម A, B, C និងពិនិត្យឈាមផ្សេងៗមួយចំនួនទៀត ទៅតាមរោគសញ្ញាដែលសង្ស័យ ។ វាចាំបាច់តំរូវអោយមានការធ្វើអេកូពោះ និងអាចឈានទៅដល់ការធ្វើស៊ីធីស្កែន រឺ IRM ព្រមទាំងការឆ្លុះរកគ្រួសទឹកប្រម៉ាត់តាមផ្លូវលំពែង (CPRE) ។

៤) ការព្យាបាល៖

ការព្យាបាលខាន់លឿងមានលក្ខណៈខុសគ្នាទៅតាមមូលហេតុដែលបង្កជំងឺ ។ ការព្យាបាលអាចជា ការប្រើប្រាស់ថ្នាំគ្រាប់ ការឆ្លុះចាប់គ្រួស ការវះកាត់ផ្សេងៗ។ ការកើតលឿងគឺជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើន ដែលតំរូវអោយមានការសាកសួរដោយយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្នើសុំនូវការវិភាគអមវេជ្ជសាស្ត្រ មួយចំនួនដែលមានលក្ខណៈចាំបាច់សំរាប់អ្នកជំងឺ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម