ហេតុ​អ្វី​យល់សប្ដិ​អាក្រក់​កើត​ឡើង​?​

  • 2024-03-03 00:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​យល់សប្ដិ​អាក្រក់​គឺ​ជា​រូប​ភាព​នៃ​ហេតុ​ការណ៍​កើត​ឡើង​​ដូច​ជា​កើត​មាន​​ជាក់ស្ដែង​ ហើយ​ហេតុ​ការណ៍​នោះ​បាន​រំខាន​ដល់​ដំណេក​របស់​យើង ធ្វើ​ឲ្យ​យើង​ភ្ញាក់​ពី​ដំណេក​ផង​ដែរ។ ការ​យល់សប្ដិ​អាក្រក់​នេះ​អាច​ធ្វើ​ឲ្យ​បេះដូង​យើង​លោត​ញាប់​ដោយ​សារ​តែ​ភាព​ភ័យ​ខ្លាច។

​ប្រធាន​បទ​​នៃ​ការ​យល់សប្ដិ​អាក្រក់​អាច​មាន​ផ្សេងៗ​គ្នា​ផ្អែក​ទៅ​តាម​បទពិសោធន៍​ដែល​ម្នាក់ៗ​បាន​ជួប​ប្រទះ​។ អ្នក​ខ្លះ​អាច​យល់សប្ដិ​ថា​រត់​គេច​ពី​គ្រោះ​ថ្នាក់​​មិន​រួច ឬ​ធ្លាក់​ពី​ទី​ខ្ពស់​ជា​ដើម​។​ ដូច​គ្នា​ដែរ បើ​សិន​ជា​យើង​ធ្លាប់​ជួប​បញ្ហា​គាំង​បេះដូង​នា​ពេល​កន្លង​មក យើង​ក៏​អាច​យល់សប្ដិ​ឃើញ​ថា​អាការៈ​នោះ​កើត​ឡើង​ផង​ដែរ។​​​

ការ​យល់សប្ដិ​អាក្រក់​កើត​ឡើង​ដោយសារ​មូល​ហេតុ​អ្វី​?​

​ការ​យល់សប្ដិ​អាក្រក់​​ភាគច្រើន​ជា​រឿង​កើត​ឡើង​ដោយ​ឯកឯង​។ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​កើត​ចេញ​ពី​មូលហេតុ​មួយ​ចំនួន ឬ​បញ្ហា​សុខ​ភាព​ផង​ដែរ។

​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​យល់សប្ដិ​អាក្រក់​ញឹក​ញាប់​។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា​ថ្នាំ​ប្រឆាំង​នឹង​បញ្ហា​បាក់​ទឹក​ចិត្ត។ ដូច​គ្នា​ដែរ ការ​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ក៏​អាច​បង្ក​ឲ្យ​មាន​យល់សប្ដិ​អាក្រក់​នេះ​ដែរ។​

ក្រៅ​ពី​នេះ​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​មួយ​ចំនួន​ដូច​ជា​បាក់​ទឹក​ចិត្ត ជំងឺ​បាក់ស្បាត និង​ថប់បារម្ភ ជា​ដើម ក៏​អាច​នាំ​ឲ្យ​យើង​មាន​ការ​យល់សប្ដិ​អាក្រក់​ដូច​គ្នា​។​​

ការ​​ដែល​ជួប​បញ្ហា​យល់សប្ដិ​អាក្រក់​ញឹក​ញាប់ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព និង​សុខុមាល​ភាព​របស់​យើង​។​ ដោយហេតុ​ថា​ការ​យល់សប្ដិ​អាក្រក់​អាច​ធ្វើ​ឲ្យ​​ប៉ះពាល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ដូច​នេះ​យើង​គួរ​ស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ឬ​​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត​ទើប​ជា​ការ​ប្រសើរ។

ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម