កត្តា​បី​យ៉ាង​នេះ​អាច​នាំ​ឲ្យ​យើង​គេង​មមើ​

  • 2024-02-15 13:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ខ្លះ​អាច​គេង​មមើ​និយាយ និង​មាន​អ្នក​ខ្លះ​ទៀត​អាច​មមើ​ដើរ​ផង​ក៏​មាន​។ ថ្វី​បើ​អត្រា​ប្រេវ៉ាឡង់​នៃ​ការ​គេង​មមើ​មាន​ខ្ពស់​លើ​កុមារ តែ​មនុស្ស​ពេញ​វ័យ​ក៏​អាច​មាន​បញ្ហា​នេះ​ដែរ​។ មនុស្ស​ពេញ​វ័យ​ប្រហែល​ជា​១,៥​ភាគ​រយ​អាច​នៅ​បន្ត​គេង​មមើ បើ​ទោះ​បី​ឆ្លង​ផុត​វ័យ​កុមារ​ហើយ​ក្ដី​។​

ការ​គេង​មមើ​អាច​ជា​បញ្ហា​សុខ​ភាព​មួយ​ដែរ ដែល​បង្ក​ដោយ​កត្តា​ហ្សែន ឬ​បញ្ហា​សុខ​ភាព​ដែល​រំខាន​ដល់​ដំណេក​។

តើ​ការ​គេង​មមើ​ជា​អ្វី​ឲ្យ​ប្រាកដ?

​មមើ​ជា​បញ្ហា​មួយ​ដែល​រំខាន​ដល់​គុណ​ភាព​ដំណេក ហើយ​វា​​អាច​កើត​ឡើង​នៅ​រយៈ​ពេល​១​ម៉ោង ឬ​២​ម៉ោង​ក្រោយ​យើង​គេង​លង់​លក់។

ការ​មមើ​អាច​មាន​ដូច​ជា​មមើ​ដើរ អង្គុយ ឬ​ធ្វើ​សកម្ម​ភាព​ដែល​យើង​ធ្វើ​ជា​ប្រចាំ​ជាដើម ខណៈ​ទាំង​ដែល​យើង​កំពុង​តែ​លង់លក់​។​ ​ពេល​មមើ​ភ្នែក​របស់​យើង​អាច​បើក ​ទាំង​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លង់​លក់​។ សមាគម​ខាង​​ផ្លូវ​ចិត្ត​របស់​អាមេរិក​មិន​ចាត់​ទុក​ការ​គេង​មមើ​ជា​បញ្ហា​សុខ​ភាព​នោះ​ទេ ដរាប​ណា​បញ្ហា​នេះ​មិន​បាន​រំខាន​ខ្លាំង​​ដល់​សុខ​ភាព ឬ​ប៉ះពាល់​ការ​ប្រកប​ការងារ​នៅ​ពេល​ថ្ងៃ​។ ​បើ​សិន​ជា​បញ្ហា​មមើ​រំខាន​ដំណេក ​ធ្វើ​ឲ្យ​ពិបាក​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ​ គួរ​ស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។​

បញ្ហា​សុខ​ភាព​មួយ​ចំនួន​អាច​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​មមើ​នេះ​ដែរ។ បញ្ហា​សុខ​ភាព​ទាំង​នោះ​រួម​មាន​៖

ការ​តាន​តឹង​ខាង​ផ្លូវ​ចិត្ត

ស្ថាន​ភាព​តាន​តឹង​ខាង​ផ្លូវ​ចិត្ត​ ឬ​បញ្ហា​ថប់​បារម្ភ​អាច​រំខាន​ដល់​គុណ​ភាព​ដំណេក​។ អ្នក​ស្រាវ​ជ្រាវ​ខាង​ដំណេក​ខ្លះ​បាន​គិត​ថា​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​ដែល​កើត​មាន​នៅ​ពេល​ថ្ងៃ ​អាច​រួម​ចំណែក​នាំ​ឲ្យ​កើត​មាន​ការ​គេង​មមើ​ដែរ។​ ការ​សិក្សា​មួយ​ធ្វើ​លើ​អ្នក​ជំងឺ​១៩៣​នាក់ បាន​រក​ឃើញ​ថា អ្នក​ដែល​គេង​មមើ​ដើរ​នៅ​ពេល​យប់​គឺ​សុទ្ធ​តែ​​​បាន​ជួប​​​បញ្ហា​ស្រ្តេស​នឹង​អ្វី​មួយ​​នៅ​​ពេល​ថ្ងៃ។​​​​

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​យើង​អាច​ព្យាយាម​ហាត់​ប្រាណ ធ្វើ​សមាធិ និង​កាត់​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ជា​ដើម​។​

បញ្ហា​ឈឺ​ក្បាល​ប្រកាំង

​បើ​សិន​ជា​យើង​ជា​អ្នក​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​រ៉ាំរ៉ៃ យើង​ក៏​មាន​ហានិភ័យ​ក្នុង​ការ​គេង​មមើ​នេះ​ដែរ។ កាល​ពី​ឆ្នាំ​២០១៥ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សម្ភាសន៍​អ្នកជំងឺ​១០០​នាក់​​ដែល​មាន​អាការៈ​មមើ​ដើរ​ជា​ប្រចាំ។ ការ​សិក្សា​រក​ឃើញ​ថា អាការៈ​ឈឺ​ក្បាល​ប្រកាំង​មាន​ឥទ្ធិ​ពល​ខ្លាំង​លើ​ការ​គេង​មមើ​ដើរ​នេះ។​​

ក្ដៅ​ខ្លួន​

ការ​គេង​មមើ​ដើរ ក៏​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ដែរ ជា​ពិសេស​លើ​កុមារ។ អាការៈ​ក្ដៅ​ខ្លួន​អាច​ធ្វើ​ឲ្យ​​យើង​យល់សប្ដិ​ឃើញ​រឿង​ផ្សេងៗ​នាំ​ឲ្យ​រំខាន​ដល់​ដំណេក​ ដែល​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ស្រែក ឬ​​ចង់​រត់​គេង​ពី​ភាព​ភ័យ​ខ្លាច​ជា​ដើម​។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម